មិត្តភាព​​វៀតណាម​និង​រុស្ស៊ី​ត្រូវ​​សាកល្បង​​ដោយ​សកម្មភាព​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​

រូបឯកសារ៖ មន្ត្រីទ័ពជើងទឹកវៀតណាមម្នាក់សម្លឹងមើលនាវាទ័ពជើងទឹករបស់រដ្ឋាភិបាលវៀណាម នៅក្បែរតំបន់រុករកប្រេងរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៤។

ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken​ ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​នោះ​ លោក​ត្រូវចរចា​ពី​ការ​តស៊ូ​ផ្នែក​ការទូត​មួយ ​ដែល​វៀតណាម​និង​ចិន​កំពុង​ប្រជែង​គ្នាស្វែង​រក​សិទ្ធិ​អភិវឌ្ឍន៍​អាងប្រេងនិង​ឧស្ម័ន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Blinken កើត​ឡើង​ក្រោយ​ការ​សន្ទនាគ្នា​តាមទូរសព្ទ​មួយ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ និង​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក​ Nguyen Phu Trong កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​មីនា​កន្លង​ទៅ​ ខណៈពេល​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនងទ្វេភាគី។ ​

ឆ្នាំនេះ​ជា​ខួបលើក​ទី​ ១០ ​នៃ​ភាព​ជា​ដៃគូ​គ្រប់ជ្រុងជ្រោយរវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​វៀតណាម។​ ​ប្រទេស​ទាំង​ពីរបាន​ពិភាក្សាគ្នា​ជា​ហូរហែ​ពី​របៀប​នៃ​ការ​លើក​កម្ពស់​ទំនាក់​ទំនងរបស់​គេ​ឱ្យ​ទៅ​ដល់​កម្រិត​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ។​ ប្រទេសវៀតណាម​មាន​កិច្ចព្រមពៀង​ស្តី​ពី​ភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ជាមួយរដ្ឋាភិបាល​ក្រុង​មូស្គូ​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ។​

ទំនាស់​ផលប្រយោជន៍​ ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយកំពុង​ប្រឈមមុខ​ គឺ​ត្រូវ​គិតគូរ​ដល់​ទំនាក់​ទំនង​ដ៏ជូរចត់​ជា​ប្រវត្តិសាស្ត្រជាមួយ​នឹង​ចិន ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​នឹង​ដៃគូ​ដែល​មាន​ចិត្ត​គំនិត​ស្រដៀង​គ្នា​ជាមួយ​នឹង​រុស្ស៊ី ​និង​ទំនាក់​ទំនង​កាន់តែ​កក់ក្តៅ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ធ្លាប់​ជា​សត្រូវ​ដែល​ខ្លួន​បាន​ផ្តួល​កាល​ពី​ជិត​ ៥០ ​ឆ្នាំ​មុន​នោះ ​ហើយ​ទាំងនេះ​អាច​ជាវិញ្ញាសា​សាកល្បង​មួយ​ ទៅ​លើ​គោល​នយោបាយ​ការបរទេស​ «៣កុំ» ​របស់​វៀតណាម​ ដែល​មិន​ធ្លាប់ប្រកាន់​យក​ក្នុង​ពេល​កន្លង​ទៅ។

​ទី ១​ មិនចូល​សម្ព័ន្ធមិត្តជាមួយ​ប្រទេស​ណា​មួយ​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ទី​ ៣

ទី២​ មិនចង​សម្ព័ន្ធភាព​យោធាជា​មួយ​ប្រទេស​ណា​មួយ​

​ទី​ ៣​ មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​ នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះឡើយ

បើ​យោង​លើ​មជ្ឈមណ្ឌលសិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​ (CSIS) ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ប្រេង​រដ្ឋរុស្ស៊ី​ Zarubezhneft ​និង​មហា​ក្រុមហ៊ុន​ប្រេង​ Gazprom ​កំពុងធ្វើ​ការ​ជាមួយ​សាខា​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វៀតណាម ​PetroVietnam ក្នុង​ទីតាំង​រុករក​ប្រេង​និង​ឧស្ម័ន​នៃតំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​វៀតណាម​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

​នាវា​ឆ្មាំ​សមុទ្រ​ចិន​ បាន​បើក​ចូល​ទៅ​កាន់​ទីតាំង​រុករក​ប្រេងរបស់​វៀតណាម​ ដែលកំពុង​ដំណើរការ​ដោយ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​វៀតណាមចំនួន​ប្រមាណ​ ៤០ ​ដង​ ចាប់​តាំង​ពីខែ​មករា​ ឆ្នាំ​ ២០២២​ មក។​ នេះ​បើ​យោង​ទៅ​លើ​អង្គការ​ស្រាវជ្រាវ​មួយ​របស់​វៀតណាម​ ស្តី​ពី​ការ​តាម​ដាន​ត្រួតពិនិត្យទិន្នន័យ​នាវា​ឆ្លង​កាត់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ឈ្មោះ South China Sea Chronicle Initiative ឬ SCSCI ហើយ​ត្រូវ​បាន​ដកស្រង់​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ការ​បើកនាវារបស់​ឆ្មាំ​សមុទ្រចិនទៅ​កាន់​ទីតាំង​ប្រេង​នេះ​ក្នុង​ពេល​ចុងក្រោយថ្មីៗ​នេះ គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៧ ​ខែ​មីនា​កន្លង​ទៅ​ គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​បាន​ជួប​គ្នា​ ដើម្បី​បញ្ជាក់​ឡើង​វិញ​ពី«មិត្តភាព​គ្មាន​ដែន​កំណត់» ​របស់​ពួក​គេ។

លោក Colin Koh អ្នក​ស្រាវជ្រាវបញ្ហា​សន្តិសុខ​ដែន​សមុទ្រ​ នៅ​មហាវិទ្យាល័យ S. Rajaratnam សម្រាប់​ការ​សិក្សា​អន្តរជាតិនៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang ​របស់​សិង្ហបុរី​ បាន​ប្រាប់​ VOA ​ភាសា​វៀតណាម​ថា ​លោក​ជឿ​ថា​ លោក​ Putin ​បាន​លើក​យកហេតុការណ៍​ពាក់ព័ន្ធ​ជា​មួយ​នឹង​នាវា​ឆ្មាំសមុទ្រ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ពិភាក្សា​ជា​មួយ​លោកXi ​ពី​ព្រោះ​វា​ជា​ផលប្រយោជន៍​របស់​រុស្ស៊ី​ ក្នុង​ការ​ធ្វើការ​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​ ដើម្បី​រុករក​និង​ខួង​យក​ប្រេងនៅក្នុង​តំបន់​នោះ។

លោក ​Koh បាន​បង្ហាញ​នូវ​មន្ទិល​សង្ស័យ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ ​នឹង​អាច​បោះបង់​ចោល​នូវ​ភាព​ជា​ដៃគូ​ថាមពល​ប្រេង​ជាមួយ​វៀតណាម​ ទៅ​តាម​បំណង​របស់​ចិន។​ រដ្ឋាភិបាល​ក្រុង​ហាណូយ​រហូត​មក​ដល់​ពេលនេះ ​ជាមិត្ត​យូរអង្វែង​និង​មិន​ងាករេ​មួយ​របស់​រុស្ស៊ី នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​ទៅ​លើ​សារ​តាម​អ៊ីមែល​មួយ​ ដែល​លោក​ Koh ​បាន​សរសេរ​មក​កាន់វីអូអេ​ជា​ភាសា​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​ ២៩ ​ខែ​មីនា​ កន្លង​ទៅ។

នៅ​ក្នុង​សារ​អ៊ីមែល​នោះ​ លោក​ Koh ​លើក​ឡើង​ថា៖ «តើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចង់ប្រឈម​នឹង​ការ​រុញ​វៀតណាមទៅ​កៀក​នឹង​បស្ចឹម​ប្រទេស​ឬ​យ៉ាង​ណា? ហើយ​ក្នុង​ន័យ​ទូលាយ​មួយទៀត​ តើ​រុស្ស៊ី​ពិត​ជា​ចង់ប្រឈមនឹង​ការ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មិន​គ្រាន់​ត្រឹម​តែជា​ដៃគូ​ដែល​មិន​អាច​ទុកចិត្ត​បាន​របស់វៀតណាម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​កំពុង​ស៊ុំគ្រលំ​គ្នា​ជាមួយ​ចិន​ផង​ដែរ​ឬ​យ៉ាង​ណា?»

បើ​តាម​លោក​ Koh ​បាន​ឱ្យ​ដឹង​ថា​ វា​ជា​បរាជ័យ​មួយ​ដ៏​ធំ​សម្រាប់​វៀតណាម​ ជាពិសេស​ខាង​ការ​ទទួល​បាន​នូវ​គ្រឿងសព្វាវុធ​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​មូស្គូគាំទ្រ​ជំហ​របស់​ចិន​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ៕

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ