រដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Phan Van Giangមានគម្រោងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោននៅខែក្រោយដើម្បីជួបកម្រិតខ្ពស់មួយជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin។ នេះបើតាមមន្ត្រីសហរដ្ឋអាមេរិកនិងវៀតណាមប្រាប់វីអូអេ។
លោករដ្ឋមន្ត្រីការពារជាតិត្រូវគេរំពឹងនឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកញ្ញាខាងមុខនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង២។ នេះបើតាមមន្ត្រីក្រសួងការពារជាតិវៀតណាមម្នាក់និងមន្ត្រីសហរដ្ឋអាមេរិកដែលបានថ្លែងក្នុងលក្ខណមិនបញ្ចេញឈ្មោះ ពីព្រោះដំណើរទស្សនកិច្ចនេះមិនត្រូវបានប្រកាសជាផ្លូវការ។
ក្នុងអំឡុងនៃការចរចា ភាគីទាំង២ត្រូវគេរំពឹងនឹងពិភាក្សាចាប់តាំងពីប្រធានបទដែលទាក់ទិននឹងវិស័យការពារប្រទេស រួមមានកិច្ចផ្តួចផ្តើមនៃការហ្វឹកហាត់និងការជាប់ទាក់ទិននៃកេរ្តិ៍ដំណែលនៃសង្គ្រាមវៀតណាម។ លោក Giang ក៏ត្រូវគេរំពឹងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញឧបករណ៍យោធាមកពីសហរដ្ឋអាមេរិក ទោះជាយ៉ាងណាក៏ដោយ ពួកមន្ត្រីវៀតណាមបាននិយាយថាសេចក្តីលម្អិតនៃកិច្ចព្រម ព្រៀងនោះនៅមិនទាន់បានធ្វើនៅឡើយ។
ស្ថានទូតវៀតណាមនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចនេះនៅឡើយទេ។
ជំនួបកត់សម្គាល់នៃការជួបទល់មុខគ្នារវាងរដ្ឋមន្ត្រីការពារជាតិវៀតណាមនិងសហរដ្ឋអាមេរិកចាប់តាំងពីប្រទេសទាំង២បានដំឡើងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំង២ ដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីមួយឆ្នាំមុន ស្របពេលដែលប្រធា នាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសវៀតណាម។ ជំនួបនេះក៏ផ្តល់សញ្ញានៃការពង្រឹងចំណងទាក់ទងយោធានិងអាចត្រួសត្រាយផ្លូវដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នៅថ្ងៃអនា គតដែរ។
ដំណើរទស្សនកិច្ចត្រូវគេរំពឹងកើតមានឡើងបន្ទាប់ពីការសន្ទនានយោបាយ សន្តិសុខនិងការពារជាតិលើកទី១៣ដែលបានធ្វើឡើងនៅរដ្ឋធានីហាណូយកាលពីថ្ងៃទី២៦ ខែសីហា ដែលការសន្ទនាបែបនេះកើតឡើងលើកដំបូងចាប់តាំងពីការបង្កើនទំនាក់ទំនងមក៕