នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ចង់​ឃើញ​តួនាទី​អាមេរិក​ខ្លាំង​ជាង​មុន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ង្វៀន តាន់ស៊ុង ស្តាប់​លោក​ប្រធានាធិបតី អូបាម៉ា ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​ទាំង​១០​របស់​អាស៊ាន នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៦។ (Reuters/Mike Blake)

នាយក​រដ្ឋ​មន្ត្រី ង្វៀន តាន់ស៊ុង (Nguyen Tan Dung) បាន​ស្នើ​ឲ្យ​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ​គួរ​លើក​ឡើង​ពី​បញ្ហា​ជម្លោះ​ដែន​ទឹក​នេះ​ឲ្យ​ខ្លាំង​ជាង​នេះ និង​ចាត់​«‍វិធានការ​ដែល​អាច​ធ្វើ​ទៅ​បាន និង​ដែល​មាន​ប្រសិទ្ធភាព» ដែល​ប្រសាសន៍​របស់​លោក​នឹង​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បា។

កំណត់​និពន្ធ៖ អត្ថបទ​នេះ​ជា​អត្ថបទ​ប្រែ​សម្រួល​ទាំង​ស្រុង​ជា​ភាសា​ខ្មែរ​ដោយ VOA ពី​អត្ថបទ​ដើម​របស់ Martin Petty នៃ​សារព័ត៌មាន Reuters

នាយក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​មាន​តួនាទី​ខ្លាំង​ជាង​មុន​ ក្នុង​ការ​ទប់ស្កាត់​ការ​សកម្មភាព​ដាក់​យោធា និង​ការ​សាងសង់​កោះ​សប្បនិមិ្មត្ត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ដែល​នេះ​គឺជា​ការ​អំពាវនាវ​ដ៏​កម្រ​មួយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​រដ្ឋ​វ៉ាស៊ីនតោន ដើម្បី​ទប់ស្កាត់​នឹង​សកម្មភាព​ពង្រីក​ដែន​សមុទ្រ​របស់​រដ្ឋាភិបា​ក្រុង​ប៉េកាំង។

ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃច័ន្ទ លោក​នាយក​រដ្ឋ​មន្ត្រី ង្វៀន តាន់ស៊ុង (Nguyen Tan Dung) បាន​ស្នើ​ទៅ​កាន់​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ថា រដ្ឋាភិបាល​វ៉ាស៊ីនតោន​គួរ​លើក​ឡើង​ពី​បញ្ហា​ជម្លោះ​ដែន​ទឹក​នេះ​ឲ្យ​ខ្លាំង​ជាង​នេះ និង​ចាត់​«‍វិធានការ​ដែល​អាច​ធ្វើ​ទៅ​បាន និង​ដែល​មាន​ប្រសិទ្ធភាព» ដែល​ប្រសាសន៍​របស់​លោក​នឹង​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បា។

ភាព​តានតឹង​បាន​កើន​ឡើង ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើត​កោះ​សប្បនិមិ្មត្ត​ចំនួន​៧ នៅ​តំបន់​ប្រជុំ​កោះ Spratly។

យោង​តាម​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម «‍លោក​នាយក​រដ្ឋ​មន្ត្រី ង្វៀន តាន់ស៊ុង បាន​ស្នើសុំ​ឲ្យ​សហរដ្ឋ​អាមេរិក​លើក​ឡើង​ពី​បញ្ហា​នេះ​ឲ្យ​ខ្លាំង​ជាង​មុន និង​ចាត់វិធាន​ការ​ដែល​អាច​ធ្វើ​ទៅបាន និង​ដែល​មាន​ប្រសិទ្ធភាព ដោយ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​ឡាយ​ណា ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​នេះ»។

សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ចិន​ទេ ប៉ុន្តែ​បាន​បង្ហាញ​ថា លោក​នាយក​រដ្ឋ​មន្ត្រី ង្វៀន តាន់ស៊ុង បាន​និយាយ​សំដៅ​ទៅ​លើ​«‍ការ​សាងសង់​កោះ​សប្បនិមិត្ត​ក្នុង​ទ្រង់ទ្រាយ​ធំ» និង​«‍សកម្មភាព​ពង្រីក​យោធា»។

ផ្អែក​លើ​ផែនទី​ផ្លូវការ​ដែល​មាន​រូបរាង​ដូច​អក្សរ​ឡាតាំង «U‍» ប្រទេស​ចិន​ទាមទារ​ក្តោបក្តាប់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើ​តែ​ទាំង​អស់។ ក៏​ប៉ុន្តែ ប្រទេស​ម៉ាឡេស៊ី ភីលីពីន តៃវ៉ាន់ ព្រុយណេ និង​វៀតណាម បាន​តវ៉ា​ជំទាស់​នឹង​ផែន​ទី​នេះ។

បើ​ទោះ​បី​ជា​ប្រទេស​កុម្មុយនីស្ត​វៀតណាម​តែងតែ​ប្រឆាំង​នឹង​សកម្មភាព​របស់​ចិន​នៅ​ក្នុង​តំបន់​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ​យ៉ាង​ណា​ក្តី ក៏​មេដឹកនាំ​វៀតណាម​ជាទូទៅ​មិន​ហ៊ាន​ប្រឆាំង​តវ៉ា​ខ្លាំងៗ​នឹង​ប្រទេស​ចិន ដែល​ជា​ប្រទេស​ជិត​ខាង​ដ៏​ធំ​របស់​ខ្លួន។ វៀតណាម​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន ដែល​មាន​ទឹកប្រាក់​ចំនួន​៦០ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ ហើយ​ក៏​បាន​រក្សា​ទំនាក់​ទំនង​ដ៏​ជិតស្នីទ​ខាង​មនោគម​វិជ្ជា​ជាមួយ​ចិន​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ង្វៀន តាន់ស៊ុង បាន​ទទួល​ប្រជាប្រិយភាព​នៅ​វៀតណាម ដោយ​បាន​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដ៏​រឹងមាំ​ជាមួយ​សហរដ្ឋ​អាមេរិក និង​កិច្ចការ​ការពារ​ជាតិ និង​ក្នុងការ​ចាត់​វិធានការ​ខ្លាំងៗ​ប្រឆាំង​នឹង​ចិន បើ​ធៀប​នឹង​ការ​ឆ្លើយតប​ជា​វិធានការ​ដោយ​មេដឹកនាំ​វៀតណាម​ផ្សេងៗ​ទៀត ​ទៅកាន់​សកម្មភាព​គរឃ្លឺន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​នាយក​រដ្ឋមន្ត្រី ង្វៀន តាន់ស៊ុង ត្រូវ​បាន​មើល​រំលង​ដោយ​ការិយាល័យ​រដ្ឋាភិបាល​វៀតណាម​កាល​ពី​ខែ​មុន នៅ​ក្នុង​ដំណើរការ​ជ្រើស​តាំង​ប្រធាន​បក្ស។ ការណ៍​នេះ​មាន​ន័យ​ថា កិច្ចការ​នយោបាយ​របស់​លោក​នឹង​ត្រូវ​បញ្ចប់ នៅ​ពេល​ដែល​លោក​ចប់​អាណត្តិ​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​នៅ​ចុង​ឆ្នាំ​នេះ ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​វ៉ាស៊ីនតោន។

លោក​នាយក​រដ្ឋមន្ត្រី ង្វៀន តាន់ស៊ុង ​ក៏បាន​ស្នើ​ឲ្យ​លោក អូបាម៉ា លុបចោល​ទាំង​ស្រុង​លើ​ការ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ការ​លក់​អាវុធ​ធុនធ្ងន់​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដែល​អាច​ជា​«វិធីសាស្ត្រ​ដ៏​សំខាន់​មួយ ​ក្នុង​ការ​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​ខាង​នយោបាយ​រវាង​គ្នា។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ដក​ស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី ង្វៀន តាន់ស៊ុង។ ជាមួយ​គ្នា​នេះ សេតវិមាន​ក៏​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ៕

អត្ថបទ​ដើម​របស់​សារព័ត៌មាន Reuters ត្រង់នេះ

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត