រដ្ឋសភាវៀតណាមជ្រើសរើសលោក Vo Van Thuong ជាប្រធានាធិបតីថ្មី

  • ​Reuters

ក្នុងរូបភាពផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម បង្ហាញប្រធានាធិបតីថ្មីរបស់វៀតណាម លោក Vo Van Thuong ស្បថចូលកាន់តំណែងនៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣។

រដ្ឋសភា​វៀតណាម​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​បាន​បោះឆ្នោត​ជ្រើសរើស​លោក Vo Van Thuong​ ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ នៅក្នុង​ការរុះរើ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ប្រទេស ​ចំ​ពេល​មាន​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ។

នៅក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ ​សមាជិក​សភា​បាន​អនុម័ត​យល់ព្រម​លើ​បេក្ខភាព​លោក Thuong ​ដែល​មាន​អាយុ ៥២ ​ឆ្នាំ ​បន្ទាប់ពី​បក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់អំណាច​បាន​តែងតាំង​លោក​កាលពី​ថ្ងៃពុធ​ជា​ប្រធានាធិបតី​ ដែល​ជា​តួនាទី​ភាគច្រើន​ជា​និម្មិត​រូប​ ប៉ុន្តែ​ជា​មុខតំណែង​នយោបាយ​កំពូល​មួយ​ក្នុង​ចំណោម​ទាំងបួន​នៅក្នុង​ប្រទេស​វៀតណាម។

ការបោះឆ្នោត​ជ្រើសរើស​លោក Thuong ​កើតឡើង​ បន្ទាប់ពី​ការបណ្តេញ​ចេញ​ភ្លាមៗ​នៅក្នុង​ខែមករា​នៃ​អ្នកកាន់តំណែង​មុន​របស់​លោក​គឺលោក ​Nguyen Xuan Phuc​ ដែល​ត្រូវ​បាន​ស្តីបន្ទោស​ដោយ​បក្ស​ពី​បទ «រំលោភ​បំពាន ​និង​ធ្វើខុសឆ្គង» ​ដោយ​មន្ត្រី​នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ នៅក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការកើនឡើង​ដ៏​សំខាន់​នៃ​ការបង្រ្កាប​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រទេស។

នៅក្នុង​សុន្ទរកថា​ដំបូង​របស់​លោក​ទៅកាន់​រដ្ឋសភា​ក្នុង​នាមជា​ប្រធានាធិបតី​ថ្មី ​លោក Thuong បាន​និយាយ​ថា ​លោក​នឹង​ «តាំងចិត្ត» ​បន្ត​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

លោក Thuong ​គឺជា​សមាជិក​ក្មេង​ជាងគេ​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​ ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​កំពូល​របស់​ប្រទេស ​ប៉ុន្តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នកនយោបាយ​ជើងចាស់​ក្នុង​គណបក្ស​នេះ ​ដោយសារ​លោក​បាន​ចាប់​ផ្តើម​អាជីព​នយោបាយ​ តាំងពី​នៅ​សាកលវិទ្យាល័យ​នៅក្នុង​អង្គការ​យុវជន​កុម្មុយនិស្ត៕