ទំនាក់ទំនងរវាងឥណ្ឌា និងវៀតណាមបានរីកចម្រើនម្ដងទៀត ដោយវាបានបង្ហាញយ៉ាងច្បាស់នៅក្នុងអំឡុងសប្ដាហ៍ទី ៣ នៃខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីឥណ្ឌាលោក Shri Ram Nath Kovind ធ្វើទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមចំនួន ៣ ថ្ងៃ។ លោកបានជួបជាមួយប្រធានាធិបតីវៀតណាមលោក Nguyen Phu Trong ក្នុងជំនួបពិភាក្សាបិទទ្វារមួយ។
ដំណើរទស្សនកិច្ចនេះបានធ្វើឲ្យមិត្តភាពដែលលូតលាស់លឿននិងយូរឆ្នាំមកហើយតាំងពីទសវត្សរ៍១៩៧០ មកនេះ កាន់តែរឹងមាំបន្ថែមទៀត។ ទំនាក់ទំនងរវាងប្រទេសទាំងពីបានចាប់ផ្ដើមនៅទសវត្សរ៍ ១៩៧០ ដែលនៅពេលនោះ មេដឹកនាំវៀតណាមនានាជ្រើសយកឥណ្ឌាដើម្បីធ្វើឲ្យគោលនយោបាយការបរទេសរបស់ខ្លួនមានភាពចម្រុះ។
ទំនាក់ទំនងនេះបានលោតឆ្ពោះទៅមុខនៅក្នុងឆ្នាំ ២០១៦ នៅពេលដែលប្រទេសទាំងពីររួមសហប្រតិបត្តិការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរព្រួយបារម្ភពីប្រទេសចិន។
លោក Sameer Lalwani អនុប្រធានគម្រោងអាស៊ីខាងត្បូងនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ Stimson របស់សហរដ្ឋអាមេរិក និយាយដូច្នេះថា៖ «ដោយសារតែមានការព្រួយបារម្ភអំពីភាពគឃ្លើនរបស់ចិន រដ្ឋាភិបាលឥណ្ឌាព្យាយាមពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលវៀតណាមដើម្បីទប់ទល់ជាមួយនឹងប្រទេសចិន និងដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌាក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រជែងជាមួយនឹងវត្តមានដែលកំពុងកើនឡើងរបស់ចិនក្នុងតំបន់អាស៊ីខាងត្បូង»។
ជម្លោះសមុទ្រចិនខាងត្បូង
ប្រទេសវៀតណាម និងប្រទេស ៤ ផ្សេងទៀតប្រឆាំងនឹងការទាមទាររបស់ប្រទេសចិននៅក្នុងការកាន់កាប់សមុទ្រចិនខាងត្បូងចំនួនប្រហែល ៩០ ភាគរយ។
ប្រទេសវៀតណាម និងចិនមានជម្លោះដ៏ប្រល័យជាមួយគ្នានៅលើសមុទ្រកាលពីឆ្នាំ ១៩៧៤ និងឆ្នាំ ១៩៨៨ និងបានបុកនាវាគ្នាទៅវិញទៅមកកាលពីឆ្នាំ ២០១៤។
ប្រទេសចិនបានយកឯកសារប្រវត្តិសាស្ត្រដើម្បីជាតឹកតាងគាំទ្រការទាមទារកាន់កាប់របស់ខ្លួនលើសមុទ្រចិនខាងត្បូង។
ប្រទេសឥណ្ឌាដែលមានទីតាំងនៅខាងលិចឧបទ្វីបឥណ្ឌូចិនមិនបានទាមទារកាន់កាប់សមុទ្រដែលស្ថិតនៅខាងកើតប្រទេសវៀតណាមនោះទេ។
ប៉ុន្តែកាលពីឆ្នាំមុន កងកម្លាំងយោធាចិននិងឥណ្ឌារាប់រយនាក់បានប្រយុទ្ធគ្នានៅលើតំបន់ខ្ពង់រាបភ្នំហិមាល័យ ដែលជាតំបន់ជម្លោះរវាងប្រទេសចិននិងប្រទេសប៊ូតង់ ដែលជាសម្ព័ន្ធមិត្តរបស់ឥណ្ឌា។ ប្រទេសឥណ្ឌាក៏ប្រឆាំងនឹងចិនផងដែរ ដោយសារចិនបានគាំទ្រប្រទេសប៉ាគីស្ថាន ដែលមានជម្លោះព្រំដែនជាមួយខ្លួន។
ប្រទេសឥណ្ឌាក៏បានខ្នះខ្នែងជួយប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ ដើម្បីល្បាតសមុទ្រនានានៅទ្វីបអាស៊ី ដែលនៅទីនោះ ប្រទេសចិនបានធ្វើឲ្យប្រទេសផ្សេងទៀតមានការព្រួយបារម្ភ ដោយសារប្រទេសចិនបានចាក់បំពេញដីនៅលើកោះតូចៗ ដែលក្នុងករណីខ្លះគឺសម្រាប់ប្រើប្រាស់ផ្នែកយោធា។
ប្រទេសទាំងនោះចង់ឲ្យសមុទ្រចិនខាងត្បូងដែលមានទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េបើកចំហជាអន្តរជាតិ ជាជាងស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។
លោក Trung Nguyen នាយកមជ្ឈមណ្ឌលសិក្សាកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម និយាយដូច្នេះថា៖ «ខ្ញុំគិតថាវៀតណាមចង់ឲ្យឥណ្ឌាមានតួនាទីសកម្មជាងមុនក្នុងតំបន់អាស៊ីខាងត្បូង ដោយសារតែវៀតណាមដឹងថា ឥណ្ឌាមិនសូវជាសកម្មប៉ុន្មានទេនៅក្នុងក្រុមប្រទេសចំនួន ៤ ដែលក្នុងនោះមានសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន»។
ឥណ្ឌានិងវៀតណាមបានធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេដំបូងនៅសមុទ្រ Bay of Bengal កាលពីខែតុលា ដើម្បីពង្រឹងទំនាក់ទំនង «ផ្នែកការងារ»។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Press Trust of India។
ប្រទេសឥណ្ឌាបានផ្ដល់ឥណទានចំនួន ៥០០ លានដុល្លារអាមេរិកឲ្យវៀតណាម ដើម្បីទិញសព្វាវុធ និងបានស្នើឲ្យមានប្រព័ន្ធផ្ដល់ដំណឹងជាមុនអំពីសមុទ្រចិនខាងត្បូង ដែលអាចបញ្ជូនទិន្នន័យរលកយក្សស៊ូណាមិទៅឲ្យប្រទេសវៀតណាម។
ការរុករកប្រេងនិងឧស្ម័ន
វៀតណាម និងឥណ្ឌានឹងប្រើប្រាស់ការរុករកប្រេងឥន្ធនៈដើម្បីពង្រឹងជំហររបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីអាចទទួលបានប្រយោជន៍ពីនេះ។ នេះបើយោងការទស្សន៍ទាយរបស់អ្នកវិភាគនានា។
ប្រទេសវៀតណាម និងឥណ្ឌាបានធ្វើពាណិជ្ជកម្ម «ខ្លាំងក្លា» ជាមួយគ្នារួចមកហើយ ដោយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃ ១២ ពាន់ ៨ រយលានដុល្លារអាមេរិក នៅរវាងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសឥណ្ឌា។
អនុប្រធានសភាពាណិជ្ជកម្មឥណ្ឌានៃប្រទេសវៀតណាម បាននិយាយកាលពីឆ្នាំមុនថា ការធ្វើពាណិជ្ជកម្មទ្វេភាគីនេះគួរតែកើនដល់ចំនួន ១៥ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២០។ ការវិនិយោគរបស់ឥណ្ឌាក្នុងប្រទេសវៀតណាមកាលនោះមានចំនួន ២ ពាន់លានដុល្លារ។
ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនសាខារបស់ក្រុមហ៊ុនប្រេង និងឧស្ម័នធម្មជាតិរបស់រដ្ឋាភិបាលឥណ្ឌា បានសហការជាមួយនឹងក្រុមហ៊ុនផលិតប្រេងវៀតណាម PetroVietnam Exploration Production Corporation ដើម្បីស្វែងរកប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។ អ្នកជំនាញនិយាយថា ប្រទេសចិនប្រហែលជាកំពុងសង្កេតមើលពីកិច្ចសហប្រតិបត្តិការនេះយ៉ាងយកចិត្តទុកដាក់។
ប្រទេសវៀតណាមកំពុងត្រូវការជំនាញនិងការវិនិយោគពីក្រៅប្រទេស ដើម្បីស្វែងរកឧស្ម័ននិងប្រេងនៅក្នុងសមុទ្រដ៏វែងអន្លាយរបស់ខ្លួន។ ទាំងក្រុមហ៊ុនប្រេងក្រុងស្រុក និងក្រុមហ៊ុនប្រេងបរទេសនឹងអាចរកចំណូលបានពីការរកឃើញប្រេងណាមួយ។
លោក Maxfield Brown បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Dezan Shira & Associates ក្នុងទីក្រុងហូជីមិញ បាននិយាយថា៖ «បញ្ហានៃប្រេងនេះប្រហែលជាបញ្ហានយោបាយធំមួយ។ ខ្ញុំច្បាស់ថា វៀតណាមចង់រកប្រទេសណាដែលមានបំណងវិនិយោគលើធនធានធម្មជាតិរបស់ខ្លួន ហើយមិនខ្លាចការគំរាមកំហែងនៃការលុកលុយផ្លូវទឹករបស់ប្រទេសចិន»។
ក្រុមហ៊ុន Repsol ដែលជាក្រុមហ៊ុនរុករកប្រេងរបស់ប្រទេសអេស្ប៉ាញ បានលះបង់នូវគម្រោងមួយដែលអនុញ្ញាតដោយរដ្ឋាភិបាលវៀតណាមនៅក្នុងសមុទ្រចិនខាងត្បូង កាលពីខែមិនា ដោយសារសម្ពាធពីប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានពេលនោះ។
ប្រទេសវៀតណាមឥឡូវនេះកំពុងពិចារណាលើគម្រោងរុករកឧស្ម័នមួយដែលមានទឹកប្រាក់៤ ពាន់ ៦ រយលានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុន ExxonMobil។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនដៃគូក្នុងប្រទេសវៀតណាម CNG Vietnam Joint Stock Company។ ប្រទេសចិនក៏បានទាមទារទីតាំងដូចគ្នានោះដែរ។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី បាននិយាយថា៖ «ប្រទេសវៀតណាមតែងតែព្យាយាមទាក់ទាញពួកគេឲ្យធ្វើការរុករកប្រេងច្រើនជាងមុន ហើយឥណ្ឌាមានការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងទីតាំងប្រេងណាដែលមិនអំណោយផល ឬក៏ទទួលយកទីតាំងប្រេងណាដែលមានការប្រទាំងប្រទើសជាមួយនឹងចិន»។
លោក Mohan Malik សាស្ត្រាចារ្យផ្នែកសន្តិសុខទ្វីបអាស៊ីនៃមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់ការសិក្សាកិច្ចការសន្តិសុខ នៅក្នុងសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសឥណ្ឌាបានបង្ហាញពីការភ័យខ្លាចតិចតួចតែប៉ុណ្ណោះរហូតមកទល់នឹងពេលនេះ។
លោក Malik បាននិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងបានតវ៉ាប្រឆាំងនឹងសកម្មភាពរុករកប្រេងរួមគ្នារវាងវៀតណាមនិងឥណ្ឌានៅសមុទ្រចិនខាងត្បូងអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋាភិបាលក្រុងញូដេលីបានបដិសេធក្នុងការចាកចេញ។ តាមរយៈការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា និងការសំចតនាវាឥណ្ឌានៅកំពង់ផែវៀតណាម រដ្ឋាភិបាលឥណ្ឌាកំពុងបង្ហាញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងឃើញថា ការពង្រីកឥទ្ធិពលរបស់កងទ័ពជើងទឹករបស់ចិន នឹងត្រូវប្រឈមជាមួយនឹងការពង្រីកឥទ្ធិពលរបស់ទាហានជើងទឹកឥណ្ឌានៅក្នុងសមុទ្រចិនខាងត្បូង»៕
ប្រែសម្រួលដោយ ទុំ ម្លិះ