អាជ្ញាធរ​វៀតណាម​ដក​​វិធានការ​រឹតត្បិត​​ទប់​ស្កាត់​ជំងឺ​​រយៈ​ពេល​២៨​ថ្ងៃ​​លើ​ឃុំ​​មួយ​នៅ​​ជាយ​​រដ្ឋធានី​ហាណូយ

រូបឯកសារ៖ សិស្សម្នាក់ត្រូវបានវ៉ាស់កម្តៅមុនពេលចូលរៀននៅសាលារៀនមួយក្នុងក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរ​វៀតណាម​កាល​ពី​ថ្ងៃយប់អង្គារ​ចូល​ថ្ងៃ​ពុធបាន​ដក​វិធានការ​រឹតត្បិត​សកម្មភាព​នៅ​ក្នុង​ឃុំ​មួយ​នៃ​ទីរ​ដ្ឋធានីហាណូយ ក្រោយពី​បានដាក់​វិធានការ​ឲ្យ​តំបន់​នៅ​ដាច់​ដោយ​ឡែកនេះ​អស់រយៈពេល២៨​ថ្ងៃ។

ឃុំ Ha Loi ដែល​ជា​តំបន់​ដាំ​បន្លែ​និង​ផ្កា ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​៦​ខែ​មេសា​កន្លង​ទៅ បាន​រក​ឃើញ​អ្នក​ឆ្លង​វិរុស​កូរ៉ូណា​ទី​២៤៣​ករណី​របស់​វៀតណាម​នៅ​ពេល​នោះ ហើយ​ពីរ​ថ្ងៃ​បន្ទាប់​មក អាជ្ញាធរ​បាន​បិទ​ឃុំ​នេះ។

ក្រោយ​ពី​អាជ្ញាធរ​បាន​ដក​បារ៉ាស់​នៅ​ពាក់កណ្តាល​អាធ្រាត​ចូល​ថ្ងៃ​ពុធ ពលរដ្ឋ​រាប់​រយ​នាក់​នៅ​ក្នុង​ឃុំ​នេះ​បាន​ចេញ​ពី​ផ្ទះ​សម្បែង គ្រវី​ទង់ជាតិ​និង​អបអរ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ​ជ័យ​ជម្នះ​និង​ការ​រំដោះ​សហគមន៍ពី​ជំងឺ​កូវីដ១៩។

ក្នុង​ពិធី​មួយ​នៅ​ពេល​រំលង​អាធ្រាត​ចូល​ថ្ងៃ​ពុធ ក្រុម​មន្ត្រី​បាន​ប្រកាស​ថា ប្រជាជន​១១.៥០០​នាក់​របស់​ឃុំ​នេះ​មិន​មាន​ឆ្លង​វីរុស​កូរ៉ូណា​ទេ។

ប៉ុន្តែ​ទោះវិធានការ​រិតត្បិត​ត្រូវ​បាន​បញ្ចប់​ក៏​អាជ្ញាធរ​ក្រុង​ហាណូយ នៅ​តែ​ចាត់​ទុក​ឃុំ​ ​Ha Loi ជា​តំបន់​អាច​មាន​គ្រោះថ្នាក់ និង​ស្នើ​ឲ្យ​ពលរដ្ឋ​រិត​ត្បិត​ការ​ធ្វើ​ដំណើរ​រហូត​ថ្ងៃ​ទី​១១​ខែ​ឧសភា និង​អនុវត្ត​គម្លាត​ពី​គ្នា​ក្នុង​សង្គម​និង​ការ​ពាក់​ម៉ាស់​មុខ។

ទោះ​បី​វៀតណាម​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ក៏​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ត្រូវ​បាន​គេ​សរសើរ​ថា​មាន​ជោគ​ជ័យ​ជាង​ប្រទេស​ជិត​ខាង​ខ្លួន​មួយ​ចំនួន ដោយមក​ទល់​នឹង​ពេល​នេះ វៀតណាមមិន​មាន​ករណីស្លាប់​ពី​ជំងឺ​កូវីដ១៩​នៅឡើយ ដោយ​មាន​ការ​ឆ្លង​វីរុស ២៧១​ករណី។ អាជ្ញាធរ​វៀតណាម​បាន​បង្គាប់​ឲ្យ​មនុស្ស​៣០,៥០០​ត្រូវ​នៅ​ដាច់ឃ្លាត​ពី​គេ និង​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ទៅ​លើ​មនុស្ស​ចំនួន​២៦១.០០០​នាក់​មក​ទល់​នឹង​ពេល​នេះ៕