ក្រសួងការបរទេសវៀតណាមបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងបន្តចែករំលែកព័ត៌មានអំពីគម្រោងព្រែកជីកហ្វូណន និងការសិក្សាអំពីផលប៉ះពាល់ឆ្លងដែនទឹកទន្លេមេគង្គ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Phạm Thu Hang ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុករបស់វៀតណាម។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបញ្ជាក់ថា ការបង្ហាញមតិយោបល់មិនសមរម្យដែលមានការវាយប្រហារថ្នាក់ដឹកនាំកម្ពុជា «មិនតំណាងមតិយោបល់របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម» ឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Vietnam Express មកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមសង្ឃឹមថានឹងបន្តសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតលើគម្រោងព្រែកជីកដែលមានតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិកនេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបញ្ជាក់ថា៖ «នៅក្នុងស្មារតីនេះ យើងជឿជាក់ថា វៀតណាមនិងកម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងការចែករំលែកព័ត៌មានជាច្រើន រួមមានគម្រោងព្រែកជីកហ្វូណនតេជោ និងការស្រាវជ្រាវពាក់ព័ន្ធនឹងផលប៉ះពាល់ឆ្លងដែនដើម្បីធានានូវសុខដុមនីយកម្មនៃផលប្រយោជន៍របស់ប្រទេសនិងប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ និងធានាការគ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព»។
កាលពីថ្ងៃទី ១៩ ខែឧសភា អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានស្នើឱ្យអាជ្ញាធរកម្ពុជាសហការជាមួយអាជ្ញាធរវៀតណាម តាមរកអ្នកដែលរិះគន់ និងវាយប្រហាររូបលោកតាមឃ្លីបវីដេអូមួយចំនួនលើបណ្តាញសង្គម TikTok ដែលលោកសង្ស័យថា ទំនងជាអាចជាប់ពាក់ព័ន្ធនឹងគម្រោងព្រែកជីក។
លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំមិនប្រាកដថា វៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអាណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនីតិកតុកនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង»។
លោក ហ៊ុន សែន បន្ថែមថា លោកមិនបានចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សឱ្យចូលមកជេរប្រមាថរូបលោកឡើយ ដូច្នេះលោកស្នើសុំកិច្ចសហការស្រាវជ្រាវពីភាគីវៀតណាម ដើម្បីស្វែងរកអ្នកជេរប្រមាថនោះ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបញ្ជាក់ថា៖ «ការបង្ហោះលើគណនីរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលទំនងជាចេញមកពីប្រទេសវៀតណាមដែលបង្ហាញអំពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេ កាលពីពេលថ្មីៗនេះនោះ មិនតំណាងជំហររបស់រដ្ឋាភិបាលវៀតណាមនិងប្រជាជនឡើយ»។
ពាក់ព័ន្ធនឹងការស្នើសុំឯកសារដោយភាគីវៀតណាម អ្នកនាំពាក្យរបស់គណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) អះអាងថា ខ្លួនបានទទួលការជូនដំណឹងពីកម្ពុជា កាលពីខែសីហា ឆ្នាំមុន អំពីគោលបំណងរបស់កម្ពុជាក្នុងការស្តារ និងសាងសង់ព្រែកជីក។ អ្នកនាំពាក្យប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃសុក្រនេះថា រហូតមកដល់ពេលនេះ គណៈកម្មការទន្លេមេគង្គមិនទាន់បានទទួលឯកសារអ្វីឡើយពីភាគីកម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននៅឡើយទេ។
គម្រោងដ៏មានមហិច្ឆតារបស់កម្ពុជាមួយនេះក៏កំពុងត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនរាយការណ៍ថា វាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
កាលពីកន្លងទៅ លោក ហ៊ុន សែន ធ្លាប់ថ្លែងថាព្រែកជីកហ្វូណនជា« គំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ» ហើយលោកស្នើឱ្យបញ្ឈប់យកកម្ពុជាមកប្រើប្រាស់ក្នុងភូមិសាស្រ្តនយោបាយ ដែលលោកថា មានទំនោរប្រឆាំងនឹងចិន។ លោកបន្ថែមថា ព្រែកជីកហ្វូណននេះធ្វើឡើងក្នុងគោលបំណងដើម្បីផលចំណេញខាងសេដ្ឋកិច្ច និង «ឯករាជ្យភាពនយោបាយ» លើបញ្ហានៃការដឹកជញ្ជូនតាមផ្លូវទឹក។
លោក ហ៊ុន សែន ក៏បានជំរុញឲ្យរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក បើកការដ្ឋានព្រែកជីកហ្វូណននេះឱ្យបានឆាប់ដើម្បីបញ្ឈប់ការរិះគន់។
គម្រោងព្រែកជីកហ្វូណនដែលក្រុមហ៊ុនចិនវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណ ១.៧០០ លានដុល្លារ ភ្ជាប់ពីទន្លេមេគង្គទៅឆ្នេរសមុទ្រក្នុងខេត្តកែប នឹងកាត់បន្ថយការដឹកជញ្ជូនទំនិញតាមកំពង់ផែវៀតណាម ប្រមាណ ៧០%។ នេះបើតាមការអះអាងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រែកជីកនេះ កាលពីកន្លងទៅ។
គម្រោងព្រែកជីកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ហើយនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ ក្រុមហ៊ុនចិនជាអ្នកវិនិយោគលើគម្រោងព្រែកជីកនេះ តាមទម្រង់ BOT (Build Operate and Transfer) ឬហៅថា សាងសង់ ប្រតិបត្តិការ និងផ្ទេរ។ នេះមានន័យថា ក្រុមហ៊ុនចិននឹងគ្រប់គ្រងផ្លូវទឹកនេះ ក្នុងរយៈពេលកំណត់ណាមួយ អាចដល់ ៥០ ឆ្នាំ មុននឹងប្រគល់មកឱ្យកម្ពុជាគ្រប់គ្រងវិញ៕