រលក​កម្ដៅ​នៅ​វៀតណាម​ប៉ះពាល់​ដល់​ជីវភាព​កសិករ​និង​ទន្លេ​មេគង្គ

រូបឯកសារ៖ បុរសម្នាក់​យកធុងទឹក​បាំង​កម្តៅថ្ងៃ​ ខណៈដើរកាត់​ដី​បែកក្រហែង​ នៅ​ខេត្ត Ben Tre ប្រទេស​វៀតណាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

រលកកម្ដៅ​នៅ​ប្រទេស​វៀតណាម​បាន​ធ្វើឱ្យ​ស្ថានភាព​បរិស្ថាន​កាន់តែ​អាក្រក់​ជាងមុន​នៅ​ក្នុង​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ។ កសិករ​និង​កម្មករ​ដែល​មាន​ការងារ​មិន​ជាប់លាប់​បាន​ប្រាប់ VOA ថា កម្ដៅ​ឡើង​ខ្ពស់​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ការងារ​កាន់តែ​លំបាក​ខ្លាំង​និង​កាត់បន្ថយ​ផលដំណាំ។

រលកកម្ដៅ​ដែល​ជំរុញ​ដោយ​បាតុភូត​អែលនីញ៉ូ​កំពុង​បង្ក​ឱ្យ​មាន​ស្ថានភាព​ធាតុអាកាស​កាន់តែ​ក្ដៅ និង​ស្ងួត​ជាងមុន​នៅ​ក្នុង​ប្រទេស​វៀតណាម។ លោក Le Dinh Quyet ប្រធាន​មជ្ឈមណ្ឌល​ឧតុនិយម​ជលសាស្ត្រ​ប្រចាំ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម បាន​ប្រាប់​សារព័ត៌មាន VnExpress ថា ធាតុអាកាស​ក្ដៅ​ខ្លាំង​នេះ​បាន​កើតឡើង​នៅ​ភាគ​ខាងត្បូង​វៀតណាម​នៅ​ដើម​ឆ្នាំ​នេះ​ដោយសារ​បាតុភូត​អែលនីញ៉ូ ហើយ​រលកកម្ដៅ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ដើម​ខែ​មីនា​នឹង​បន្ត​រហូត​ដល់​ខែ​មេសា​នេះ​ដែល​ធ្វើឱ្យ​រដូវវស្សា​នឹង​ចាប់ផ្ដើម​យឺត។

លោក Vo Quang Tuong គ្រូ​ឯកទេស​ខាង​ជលសាស្ត្រ​នៅ​សាកលវិទ្យាល័យ Ho Chi Minh City Open University បាន​ប្រាប់ VOA តាម​អ៊ីមែល​កាលពី​ថ្ងៃ​ទី ២ ខែ​មេសា​ថា បាតុភូត​អែលនីញ៉ូ «ត្រូវគេ​រំពឹង​ថា​នឹង​ធ្វើឱ្យ​ធាតុអាកាស​ក្ដៅខ្លាំង​នេះ​កាន់តែ​ក្ដៅ​ថែមទៀត និង​ស្ថានភាព​អាកាសធាតុ​ផ្សេងទៀត​ដូចជា​រលក​កម្ដៅ ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​កាន់តែ​ធ្ងន់ធ្ងរ​ជាងមុន»។

បុរស​វ័យ ៦០ ឆ្នាំ​ម្នាក់ ដែល​ជា​អ្នក​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Grab នៅ​ទីក្រុង​ហូជីមិញ បាន​ប្រាប់ VOA ផ្នែក​ភាសា​វៀតណាម​ថា រលកកម្ដៅ​ធ្វើឱ្យ​លោក​ពិបាក​ទ្រាំ​ខ្លាំង​នៅ​ពេល​ថ្ងៃត្រង់ នៅ​ពេល​លោក​កំពុង​ដឹក​អ្នកដំណើរ​តាម​ម៉ូតូ។

លោក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ៨ ខែ​មីនា​ថា៖ «យើង​ទទួល​កម្ដៅ​ដែល​ភាយ​ចេញពី​ថ្នល់​កៅស៊ូ​និង​ពី​លើ​មេឃ។ ប្រភព​កម្ដៅ​ទាំងពីរ​នេះ​រួមគ្នា​បង្កើត​បានជា​កម្ដៅ​មួយ​ដែល​ធ្វើឱ្យ​ពិបាក​ទ្រាំ​យ៉ាងខ្លាំង»។

អ្នក​បើកបរ​ម្នាក់​ទៀត​របស់​ក្រុមហ៊ុន Grab នេះ ដែល​មាន​វ័យ ២០ ឆ្នាំ​ប្លាយ បាន​និយាយ​ថា លោក​ចាប់ផ្ដើម​ធ្វើការ​នៅ​ម៉ោង ៤ រសៀល​ដើម្បី​គេច​ពី​កម្ដៅ​ព្រះអាទិត្យ​ក្នុង​អំឡុង​ពេល​ដែល​ក្ដៅ​បំផុត។

លោក​ថា៖ «ខ្ញុំ​គិត​ថា វា​គ្មាន​ប្រយោជន៍​នោះទេ​ដែល​យើង​ត្រូវ​ធ្វើការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​ខ្លាំង​បែបនេះ។ ...យើង​មិន​គួរ​យក​សុខភាព​របស់​យើង​មក​លេងសើច​ក្នុង​ធាតុអាកាស​បែបនេះ​ឡើយ»។

រូបឯកសារ៖ កសិករ​ម្នាក់​បង្ហាញ​ដីស្រែ​ដែល​ត្រូវបាន​បោះបង់ចោល​ដោយសារ​ខ្វះទឹក​សាប​ នៅខេត្ត Ben Tre ប្រទេសវៀតណាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ផលដំណាំ​ធ្លាក់ចុះ

លោក Tuong បាន​និយាយ​ថា៖ «វៀតណាម​គួរតែ​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្លាក់​ភ្លៀង​តិច​នា​ពេល​ខាងមុខ ដែល​នឹង​នាំឱ្យ​មាន​គ្រោះ​រាំងស្ងួត លំហូរ​ទឹក​ប្រៃ​ចូល​ទៅ​ទឹកសាប និង​ការ​ខ្វះ​ទឹក​ប្រើប្រាស់»។

សីតុណ្ហភាព​ដែល​កាន់តែ​ឡើងខ្ពស់ ការ​ខ្វះ​ភ្លៀង និង​កម្រិត​ជាតិ​ប្រៃ​កាន់តែ​កើនឡើង បាន​បង្ក​បញ្ហា​ប្រឈម​ជាច្រើន​រួច​ទៅហើយ​សម្រាប់​ប្រជា​កសិករ។

បុរស​ម្នាក់​អាយុ ៤៦ ឆ្នាំ ដែល​ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ​កណ្ដាល​វាល​មួយ​កន្លែង​ក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយ​កាលពី​ថ្ងៃ​ទី ១៩ ខែ​មីនា​ថា ទោះបីជា​លោក​ស្រោច​ដំណាំ​របស់​លោក ៣ ដង​ក្នុង​មួយ​ថ្ងៃ​ក៏ដោយ ក៏​ដី​ចម្ការ​របស់​លោក​បាន​ស្ងួត​ហួតហែង​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​កម្ដៅ។

លោក​បាន​បញ្ជាក់​ថា៖ «ធាតុអាកាស​កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ​គឺ​ខ្លាំង​ជាងមុន​ច្រើន។ ដំណាំ​របស់​ខ្ញុំ​ងាប់​ដោយសារតែ​កម្ដៅ។ ផលដំណាំ​បាន​ធ្លាក់ចុះ​ពី ៣០% ទៅ ៤០% បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​មុន»។

តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​បំផុត​នៃ​ប្រទេស​វៀតណាម​គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន ១២ និង​ទីក្រុង Can Tho។ តំបន់​នេះ​កំពុង​ទទួល​រង​លំហូរ​ទឹក​ប្រៃ​ចូល​ក្នុង​ប្រភព​ទឹកសាប។

តំបន់​ដីសណ្ដ​នេះ​ពឹងលើ​ទន្លេមេគង្គ​ដើម្បី​បាន​ទឹកសាប។ ទន្លេមេគង្គ​ហូរ​កាត់​ប្រទេស​ចំនួន ៥ មុន​ចូល​ដល់​ប្រទេស​វៀតណាម ដោយ​ទឹក​ទន្លេ​នេះ​បែងចែក​ចេញ​ជា​ដៃ​ទន្លេ​ចំនួន ៩ មុន​ពេល​ចូល​ទៅ​ដល់​សមុទ្រ។

សារព័ត៌មាន VietnamNews បាន​រាយការណ៍​ថា អាជ្ញាធរ​កំពុង​សាងសង់​ទំនប់ ជីក​ព្រែក និង​លើកទឹកចិត្ត​ឱ្យ​កសិករ​រក្សា​ទឹក​ទុក​នៅ​ក្នុង​ថ្លុក​ត្រពាំង​ក្នុង​ចម្ការ​ដំណាំ​របស់​ពួកគេ ព្រមទាំង​បាន​រៀបចំ​ទីតាំង​ផ្ដល់​ទឹក​ឥត​គិតថ្លៃ​ចំនួន ៧៧ កន្លែង​នៅ​ក្នុង​ខេត្ត Tien Giang នៅ​ជាប់​សមុទ្រ។

កសិករ​ដាំស្រូវ​ម្នាក់​អាយុ ៤២ ឆ្នាំ​នៅ​ខេត្ត Long An ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ បាន​ប្រាប់ VOA ថា លោក​គិត​ថា ផលដំណាំ​របស់​លោក​នឹង​ធ្លាក់ចុះ​ពី ២០% ទៅ ៣០% ទាប​ជាង​ធម្មតា​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​ជា​ភាសា​វៀតណាម​កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា​ថា៖ «កាលពី​ឆ្នាំ​មុនៗ ខ្ញុំ​មិន​ចាំបាច់​ត្រូវ​បញ្ចូល​ទឹក​បន្ថែម​ទៅ​ក្នុង​វាលស្រែ​ទេ ប៉ុន្តែ​ឆ្នាំ​នេះ ខ្ញុំ​ត្រូវតែ​បូម​ទឹក​បញ្ចូល​ស្រែ​រៀងរាល់ ៥ ទៅ ៧ ថ្ងៃ​ម្ដង»។

លោក​បាន​បញ្ជាក់​ថា៖ «ខែ​មីនា​កន្លង​ទៅ​នេះ ធាតុអាកាស​គឺ​ក្ដៅ​ខ្លាំង​ណាស់។ ស្បែក​របស់​ខ្ញុំ​ខ្លោច​អស់​ហើយ។ ខ្ញុំ​ត្រូវ​ធ្វើការ​នៅ​កណ្ដាល​វាលស្រែ​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ១០ យប់»។ លោក​បាន​បន្ថែម​ថា ភាគច្រើន​លោក​តែង​ចំណាយ​ពេល​ដើម្បី​បូម​ទឹក​ពី​អណ្ដូង​ដាក់​បញ្ចូល​ស្រែ។

រូបឯកសារ៖ កសិករ​ម្នាក់​ឆ្លង​ទូក​នៅ​ដង​ស្ទឹង​ដែល​រីងហួតហែង​មួយ ក្នុង​ខេត្ត​ Ca Mau ប្រទេស​វៀតណាម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ការ​ប្រកួតប្រជែង​ដណ្ដើម​ធនធាន

លោក Brian Eyler ដែល​ជា​សហ​ប្រធាន​គម្រោង​ឃ្លាំមើល​ទំនប់​តាម​ដង​ទន្លេ​មេគង្គ​នៃ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា កត្តា​គំរាមកំហែង​ធំ​បំផុត​ចំពោះ​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ​គឺ​មនុស្ស និង​វា​ធ្វើឱ្យ​កាន់តែ​ស្មុគស្មាញ​បន្ថែម​ទៀត​ដោយសារ​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន​លើ​ទំនប់​ទឹក​ធំៗ​និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ទាំង ៥ នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម។

នៅក្នុង​កិច្ច​ពិភាក្សា​ជា​សាធារណៈ​មួយ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​ទី ១៩ ខែ​មីនា​កន្លង​ទៅ​នេះ លោក Eyler បាន​និយាយ​ថា ការ​សាងសង់​ទំនប់​ទឹក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ ការ​បូម​ខ្សាច់ និង​ការ​បូម​ទឹក​ពី​ក្នុង​ដី​បាន​បង្ក​ការ​គំរាមកំហែង​ដល់​ទន្លេ​មេគង្គ។

លោក​បាន​បញ្ជាក់​ថា៖ «មេគង្គ​គឺជា​ទន្លេ​ដែល​ងាយ​នឹង​គាំងស្ទះ»។

លោក Eyler ក៏​បាន​លើកឡើង​ផងដែរ​ថា ក្នុង​ចំណោម​ទំនប់​រាប់​រយ​ដែល​សាងសង់​នៅតាម​ដង​ទន្លេ​មេគង្គ ទំនប់​ដែល​ធំ​ជាង​គេ​បង្អស់​គឺ​ទំនប់​វារី​អគ្គិសនី​ពីរ​របស់​ចិន​ដែល​មាន​ទំហំ​ធំ​រហូត​ដល់​គេ​អាច​ «មើល​ឃើញ​ពី​លំហ​អវអាកាស​បាន» ហើយ​ទំនប់​ទាំងនេះ «បង្ក​ឱ្យ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង» ចំពោះ​ទន្លេ​នេះ។

ទោះបីជា​មាន​ដំណោះស្រាយ​ជាច្រើន​ដើម្បី​ស្ដារ​ទន្លេ​មេគង្គ​ក៏ដោយ ក៏​លោក Eyler បាន​និយាយ​ថា ក្ដីសង្ឃឹម​សម្រាប់​ទន្លេ​នេះ​កំពុង​ធ្លាក់ចុះ។ លោក​ថា កិច្ច​សហ​ប្រតិបត្តិការ​នៅ​មាន​កម្រិត ហើយ​ទោះបីជា​គណៈកម្មការ​ទន្លេ​មេគង្គ​ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៥៧ ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ឡាវ ថៃ និង​វៀតណាម​ក្នុង​ការ​គ្រប់គ្រង​រួមគ្នា​លើ​ការ​អភិវឌ្ឍ​ទន្លេនេះ​ប្រកប​ដោយ​ចីរភាព​ក៏ដោយ ក៏​អង្គការ​មួយ​នេះ​នៅ​ខ្វះ​អំណាច។

លោក Eyler បាន​ប្រាប់ VOA ថា៖ «សព្វថ្ងៃ​នេះ កម្រិត​ទឹក​ទន្លេ​មេគង្គ​មិន​គ្រប់គ្រាន់​នោះទេ ហើយ​ការ​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​ធនធាន​ពី​ទន្លេ​នេះ​ក៏​កំពុង​កើនឡើង​ផងដែរ»។

លោក​បាន​លើកឡើង​ថា គម្រោង​ថ្មី​មួយ​របស់​ប្រទេស​កម្ពុជា​អាច «បណ្ដាល​ឱ្យ​មាន​ភាព​រកាំរកូស​រវាង​កម្ពុជា​និង​វៀតណាម»។ កម្ពុជា​មាន​ផែនការ​សាងសង់ «ព្រែកជីក​ហ្វូណន​តេជោ» ប្រវែង​ប្រមាណ ១៨០ គីឡូម៉ែត្រ ដែល​នឹង​តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​សមុទ្រ​សំខាន់ៗ និង​អាច​កាត់ផ្ដាច់​ការ​ក្ដោបក្ដាប់​របស់​វៀតណាម​លើ​ឧស្សាហកម្ម​ដឹកជញ្ជូន​តាម​ផ្លូវទឹក។

លោក Eyler បាន​និយាយ​ថា៖ «ធនធាន​រួម​ដូចជា​ទន្លេ​មេគង្គ​នេះ​ត្រូវតែ​គ្រប់គ្រង​ក្នុង​វិធី​មួយ​ដែល​ឆ្លាតវ័យ បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​ការ​ប្រកួតប្រជែង​គ្នា​យក​ឈ្នះ​ដល់​ទីបំផុត។ ការ​ប្រកួតប្រជែង​បែបនេះ​ហាក់ដូចជា​បាន​ចាប់ផ្ដើម​ហើយ»៕