កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបដែលត្រូវគេរំពឹងនឹងធ្វើឡើងនៅឆ្នាំនេះនឹងបង្កើនល្បឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំទំនិញចេញរបស់វៀតណាមដោយមិនមានការជួយមកពីទីផ្សាររបស់សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់ពួកអ្នកវិភាគ។
តាមទិន្នន័យមកពីក្រុមហ៊ុនពិគ្រោះពាណិជ្ជកម្ម Dezan Shira & Associate បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ត្រូវតែបង្កើនការរីកលូតលាស់ខាងសេដ្ឋកិច្ចកន្លះភាគរយទៅជាង៧ភាគរយនៅឆ្នាំ២០១៩។
ប្រទេសអាល្លឺម៉ង់ ហុល្លង់និងចក្រភពអង់គ្លេសដែលជាសមាជិកសហភាពអឺរ៉ុបបានទិញទំនិញវៀតណាមជាង៩ភាគរយរួចហើយ។
ព័ត៌មានលើប្រព័ន្ធ Website របស់កាសែត Nhan Dan របស់គណបក្សកុម្មុយនិស្តវៀត ណាមបានរាយការណ៍ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា ភាគីទាំង២បានបញ្ចប់ការសើររើពិនិត្យមើលតាមផ្លូវច្បាប់នៃកិច្ចព្រមព្រៀងនោះហើយ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយពួកអ្នកចរចានៅក្នុងខែធ្នូ ឆ្នាំ២០១៥ ត្រូវតែអនុម័តដោយសភាសហភាពអឺរ៉ុបនិងសភាវៀតណាម។
លោក Adam McCarty ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Mekong Economics នៅក្នុងរដ្ឋធានីហាណូយបាននិយាយថា៖ «កិច្ចព្រមព្រៀងនោះនឹងផ្តល់ឲ្យវៀតណាមនូវភាពប្រសើរឡើងដើម្បីចូលទីផ្សារអឺរ៉ុប មិនត្រឹមតែសម្លៀកបំពាក់ធម្មតានិងស្បែកជើងទេ ក៏ប៉ុន្តែសម្រាប់ម្ហូបអាហារសមុទ្រនិងផលិតផលកសិកម្មទៀតផង»៕