ការ​រើប​​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​វៀតណាម​ពី​វិបត្តិ​វីរុស​កូរ៉ូណា​ត្រូវ​បាន​កោតសរសើរ

រូបឯកសារ៖ អ្នកលក់ដូរម្នាក់អង្គុយនៅផ្ទាំងបដាផ្សាយ ពាណិជ្ជកម្មពីផ្សារទំនើបមួយ នៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc ញញឹម​ស្រស់ស្រាយ ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់តំបន់​ឧស្សាហកម្ម​មួយ កាល​ពី​ចុង​ខែ​ឧសភាកន្លង​ទៅ​នេះ ដែល​នៅ​ទី​នោះ​ លោក​នាយក​រដ្ឋមន្រ្តី បាន​សួរនាំ​អំពី​សុខភាព​របស់​កម្មករ និង​យកដៃ​ទះ​ក្មេងៗ​លេង​ថើរៗ ​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​កម្មករ​នៅ​តាម​ផ្ទះ​របស់​ពួកគេ ក៏​ដូចជា​ថ្លែង​សរសើរ​ពី​ផលិតផលបាស​បំពង​សំឡេង ដែល​កំពុង​ត្រូវបានផលិត​នៅ​រោងចក្រ​ក្នុង​តំបន់​ឧស្សាហកម្ម​នោះ។

ដំណើរ​ទស្សនកិច្ច​នេះជា​ផ្នែក​មួយ​នៃ​ការ​បើកសេដ្ឋកិច្ច​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូវីដ១៩​នេះ នៅ​ទូទាំង​ប្រទេស​វៀតណាម ទី​ដែល​មិនមាន​សញ្ញា​នៃ​ការរាតត្បាត​នៃ​ជំងឺ​នេះ​ខ្លាំងក្លា ដូច​នៅ​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ពិភពលោក។

ដំណឹង​អាក្រក់​អំពី​ជំងឺ​កូវីដ​១៩​ នៅ​ប្រទេស​ផ្សេង​ទៀត បាន​ក្លាយ​ជាដំណឹង​ល្អ​ទៅវិញ នៅ​ក្នុង​ករណី​ខ្លះ​សម្រាប់​ប្រទេស​វៀតណាម។ ដោយ​មិនមាន​ករណី​អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល ៤៦​ថ្ងៃ បាន​អនុញ្ញាត​ឲ្យប្រទេស​នេះ អាច​បើក​សេដ្ឋកិច្ចឡើង​វិញ និង​មាន​ឱកាស​ទទួល​ផល​ចំណេញ​ជាង​បណ្តា​ប្រទេសដទៃ​ទៀត។

ធនាគារ​ HSBC បាន​ហៅ​ការ​រើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​វៀតណាមនេះ​ថា «Pho'nomenal Vietnam» ដែល​ជា​បន្សំ​ពាក្យ​ចេញ​ពី​ពាក្យ​ថា «Pho» (ហ្វឺ) ដោយ​សំដៅ​ទៅ​លើគុយទាវ​ហ្វឺ​នៅ​វៀតណាម និង​ពាក្យថា «Phenomenal» មាន​ន័យ​ថា «អស្ចារ្យ» នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ខែឧសភា និងបាន​អះអាង​ថា វៀតណាម​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដែល​មានសេដ្ឋកិច្ច​រីកចម្រើន​ក្នុង​ឆ្នាំ ​២០២០។

លោក​ Devendra Joshi និង​លោក Herald van der Linde អ្នក​យុទ្ធសាស្រ្ត​ផ្នែក​ទ្រព្យ​សមតុល្យ​នៅ​ធនាគារ HSBC បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​ខាង​លើ​ថា «យើង​គិត​ថា ភាព​ចលាចល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​មួយ​ចំនួន មិនមែន​ជា​បញ្ហាសម្រាប់​វៀតណាម​នោះ​ទេ»។

សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍នៃ​ដំណឹង​អាក្រក់​សម្រាប់​ប្រទេស​មួយ​ចំនួន ដូចជា អតិថិជន​ត្រូវ​ចំណាយច្រើន​ជាង​មុន ដោយសារ​តែ​ការតម្លើង​ពន្ធ​ ប៉ុន្តែ​មិន​បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​វៀតណាម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វៀតណាម​ត្រូវ​បាន​គេ​ហៅ​ថា ជា​អ្នក​ទទួល​ផល​ចំណេញ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​នេះ​ ដោយសារ​តែ​ក្រុមហ៊ុន​នានា បាន​ផ្លាស់​ចេញ​ពី​ប្រទេស​ចិន​ទៅ​បោះ​ទីតាំង​នៅ​ក្នុង​ប្រទេស​នេះ។

ជំងឺ​កូវីដ១៩ គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​បញ្ជាក់​ពីភាព​រឹងមាំ​របស់​វៀតណាម។ វៀតណាម​ធ្លាប់ទទួល​រង​ឥទ្ធិពល​នៃ​វីរុសកូរ៉ូណា​ ដែល​បាន​បង្ខំ​ឲ្យ​សាលារៀន និង​ក្រុមហ៊ុន​នានា​បិទ​ទ្វារ​អស់​រយៈពេល​រាប់​សប្តាហ៍ ឬ រាប់​ខែ និង​បាន​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​វៀតណាម​មក​ត្រឹម ៣ កន្តក់សញ្ញា ៨ ភាគរយ​នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​ជា​អត្រា​កំណើន​សេដ្ឋកិច្ចទាបជាង​គេ​បំផុត​សម្រាប់​វៀតណាម ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ។

អ្នក​វិភាគ​និយាយ​ថា ទោះបី​ជា​យ៉ាងនេះ​ក៏​ដោយ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ​ជា​សាកល​ជា​ហេតុផល​មួយដែល​ក្រុមហ៊ុន​ផ្សេងៗ រើ​ទៅ​វៀតណាម។ ភាព​អាសន្នបង្ក​ឡើង​ដោយ​ជំងឺ​នេះ បាន​នាំ​ឲ្យ​មានការ​លុប​ចោល​ការហោះហើរ និង​ការ​បិទព្រំដែន ដែល​បាន​បង្អាក់សង្វាក់ផ្គត់ផ្គង់​លើ​សាកលលោក។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានាបារម្ភ​ថា ពួកគេ​កំពុង​តែ​ពឹងផ្អែក​ខ្លាំង​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​មាន​តែ​ក្នុងប្រទេស​មួយ ដូច្នេះ​ការ​ជំរុញ​ឲ្យមាន​ការផ្គត់ផ្គង់​ពី​ច្រើន​ប្រភព មាន​ន័យ​ថា ក្រុមហ៊ុន​បរទេស​កាន់តែ​ច្រើន​ឡើង​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម។

ការរក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​សង្គម

លោក Joshi និង​លោក van der Linde បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ជំងឺ​កូវីដ​១៩ និង​កំណើន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន កំពុង​តែជំរុញ​ឲ្យក្រុមហ៊ុន​ផ្សេងៗផ្លាស់ប្តូរ​សង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន»។

សេដ្ឋកិច្ច​វៀតណាម​បាន​ចាប់ផ្តើម​រើប​ឡើងវិញ​ដោយ​សន្សឹមៗ​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដក​វិធានការ​បិទសកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ភាគច្រើន​ក្នុង​ប្រទេស​កាល​ពី​ពាក់កណ្តាល​ខែ​មេសា។ ពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ ​សិស្សានុសិស្ស បាន​ចូលរៀន​តាម​សាលារៀនវិញ ដោយ​អនុវត្ត​តាម​វិធានការ​ដើម្បី​ការពារ​មិន​ឲ្យឆ្លង​ជំងឺ​កូវីដ១៩ ដែល​មាន​ដូចជា ហាងកាហ្វេបាន​រៀប​ចំ​កន្លែង​អង្គុយ​ឃ្លាត​ពី​គ្នា ហើយ​ហាង​លក់​ម្ហូបអាហារ​បិទ​ស្កុត​ជា​សញ្ញា​នៅ​លើ​ឥដ្ឋ ដើម្បី​ឲ្យ​មនុស្ស​នៅ​ដាច់​ពី​គ្នា​ពេល​តម្រង់ជួរ​ជា​ដើម។

ក្រុមហ៊ុន​ដែល​បាន​ចាត់​វិធានការពារដូច​ខាង​លើ​នេះ រួម​មាន​ក្រុមហ៊ុន​រថយន្ត​ Ford Vietnam ផងដែរ។ ក្រុមហ៊ុន​នេះ បាន​ចាត់​វិធានការ​ផ្សេងៗ​ដូចជា ការ​លាងសម្អាត​មេរោគ​ចេញ​ពី​រថយន្ត​នៅ​ពេល​ដាក់លក់​ឬ​ជួសជុល ការផ្លាស់ប្តូរ​មក​ប្រើ​មធ្យោបាយបង់ប្រាក់​ដោយ​មិន​ប្រើ​ក្រដាស​ប្រាក់ និង​ការពិគ្រោះ​យោបល់​ផ្នែក​លក់​ដោយ​មិន​ជួបមុខ​គ្នា​ផ្ទាល់។

លោក Pham Van Dung នាយក​ក្រុមហ៊ុន Ford Vietnam បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​ បាន​បង្ក​ការលំបាក​សម្រាប់​មនុស្ស​ទូទៅ​ អាជីវកម្ម​និង​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក។ លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន Ford Vietnam មានការ​ប្តេជ្ញាក្នុង​ការ​រក្សា​សុវត្ថិភាព​ជា​អាទិភាព​ចម្បង​ជូន​នយោជិក ទីភ្នាក់ងារ​ អតិថិជន និង​ដៃគូ​របស់​ខ្លួន»។

ឱកាស​សម្រាប់​ក្រុមហ៊ុនបង្កើត​ថ្មី

ស្រប​ពេល​ដែល​ជំងឺ​កូវីដ​១៩​ ​ផ្តល់​ឱកាស​រីកចម្រើន​ក្នុងការ​បង្កើត​កម្មវិធី App ផ្សេងៗ ដែល​មាន​ដូចជា ការប្រជុំ​ជា​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​លក់ឧបករណ៍​ហាត់​កីឡា​នៅ​ផ្ទះ​ជាដើម​នោះ ក្រុមហ៊ុន​ទើបបង្កើត​ថ្មីមួយ​ចំនួន​នៅ​វៀតណាម ក៏​មើល​ឃើញឱកាស​ផងដែរ។​

ក្រុមហ៊ុន Vibeji ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ គឺ​ជា​កន្លែង​ដែល​មនុស្ស​ទូទៅ​អាច​រក​ចំណូល​បាន តាមរយៈការ​ផ្តល់​សេវាកម្មផ្សេងៗ​តាម​វីដេអូ ដូច​ជា ទាយ​តាម​សន្លឹក​បៀរ​មើល​ជោគជាតា​រាសី និង​ការ​បង្រៀន​ធ្វើ​ក្រប​សៀវភៅ​ជា​ដើម។ ក្រុមហ៊ុន Vibeji និយាយ​ថា នេះ​ជា​ពេល​វេលា​ដ៏​ប្រសើរ​មួយ​នៅ​ក្នុង​ការ​រក្សា​គម្លាត​ពី​គ្នា និង​ធ្វើការ​ពី​ផ្ទះ។

លោក​ Tri Lecao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vibeji បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«យើង​ទាំងអស់​គ្នាគួរ​តែ​ចូលរួម​ចំណែក​ក្នុង​អំឡុងពេល​ដ៏​លំបាក​មួយ​នេះ។ ការ​ងាក​មក​ធ្វើការ​ និង​ផ្តល់​សេវាកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ»។

ក្រុមហ៊ុន​នានា​នៅ​វៀតណាម កំពុង​តែ​ប្រយ័ត្នប្រយែង​ចំពោះ​លទ្ធភាព​ដែល​វីរុស​កូរ៉ូណា អាច​ផ្ទុះ​ឡើង​វិញ​ទៀត។

លោក Herbert Laubicher-Pichler នាយក​រមណីយដ្ឋាន Alma Resort បាន​និយាយថា ជា​ឧទាហរណ៍​ នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ ក្រុមហ៊ុន​មិន​អាច​ត្រឹមតែ​ដាក់​ទឹកអាកុល​លាង​ដៃ​ឲ្យ​អតិថិជន​ហើយ​គ្រប់គ្រាន់នោះ​ទេ។ លោក​បាន​អំពាវនាវឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​សកម្មភាព​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដូចជា ការបរិភោគ​នៅ​កន្លែង​បរិភោគ​អាហារ​ដែល​មាន​ដាក់​កំប៉ុងគ្រឿង​ទេស​នៅ​លើ​តុ​សម្រាប់​ភ្ញៀវ ជាដើម។

លោក Laubicher-Pichler ​បាន​និយាយ​ថា៖

«យើង​មិន​អាច​ធ្វើ​អ្វីៗ​តាម​ទម្លាប់​ដែល​យើង​ធ្លាប់​ធ្វើ​ពីមុន ដោយ​ធ្វើ​ជា​ថា មិនមាន​អ្វី​កើតឡើង​នោះ​ទេ។ យើង​មិន​ចង់​បាត់បង់​នូវ​សមិទ្ធផល​ការងារ​ល្អ ដែលសម្រេច​បាននៅ​វៀតណាម​មក​ទល់​នឹង​ពេល​នេះ នោះ​ទេ»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា