សេដ្ឋកិច្ច​វៀតណាម​កើន​ជាង ៧% ហួស​ការ​រំពឹងទុក​នៅ​ឆ្នាំ ២០២៤

ទិដ្ឋភាពចរាចរ​នៅទីក្រុងហាណូយប្រទេស​វៀតណាមកាលពីថ្ងៃទី​២៩ មីនា ឆ្នាំ២០២៣។

សេដ្ឋកិច្ច​វៀតណាម​បាន​កើន​ជាង ៧% ហួស​ការ​រំពឹងទុក​នៅក្នុង​ឆ្នាំ ២០២៤ ដោយសារ​ការ​នាំចេញ​កើនឡើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ទិន្នន័យ​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​បង្ហាញ​ឡើង​កាលពី​ថ្ងៃ​ចន្ទ។

ប្រទេស​វៀតណាម​ដែល​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ជា​សាកល​នេះ​បាន​ទទួល​ប្រយោជន៍​ពី​តម្រូវការ​កើនឡើង​នៃ​ផលិតផល​របស់​ខ្លួន ទោះបីជា​ខ្លួន​បាន​ខាតបង់​ប្រាប់​រាប់​ពាន់​លាន​ដុល្លារ​ដោយសារ​ព្យុះ​ទីហ្វុង Yagi ដ៏​ប្រល័យ​ក៏ដោយ។

កំណើន​សេដ្ឋកិច្ច​ចំនួន ៧,០៩% នេះ​គឺ​ខ្ពស់​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​ចង់​បាន​កំណើន​សេដ្ឋកិច្ច​ចំនួន ៦,៥% សម្រាប់​ឆ្នាំ ២០២៤ ក៏​ដូចជា​ខ្ពស់​ជាង​ការ​ព្យាករ​របស់​អ្នក​វិភាគ​នានា​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Bloomberg News បាន​ស្ទង់​មតិ។

កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់​នេះ​បាន​ផ្ដល់​ឲ្យ​វៀតណាម​នូវ «សន្ទុះ​ទៅមុខ​ដ៏​សំខាន់​សម្រាប់​ឆ្នាំ ២០២៥ នេះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Nguyen Thi Huong ប្រធាន​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម។

វៀតណាម​ទទួល​បាន​ចំណូល​ចំនួន ៤០៥ ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​នៅក្នុង​ឆ្នាំ ២០២៤ ដែល​ក្នុង​នោះ​ផលិតផល​នាំមុខ​គឺ​គ្រឿង​អេឡិចត្រូនិក ទូរស័ព្ទ​ស្មាតហ្វូន និង​សម្លៀកបំពាក់ ដោយ​មាន​ការ​កើនឡើង​ចំនួន ១៤% ក្នុង​រយៈពេល​មួយ​ឆ្នាំ​បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នេះ​ក្នុង​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ស្ថិតិ​ទូទៅ​នៅក្នុង​របាយការណ៍​មួយ។

សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​វៀតណាម។

វៀតណាម​បាន​សម្រេច​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​នេះ​ទោះបីជា​ខ្លួន​បាន​ខាតបង់​សេដ្ឋកិច្ច​ចំនួន ៣,៥ ពាន់​លាន​ដុល្លារ​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ក៏ដោយ ជាពិសេស​គឺ​ព្យុះ​ទីហ្វុង Yagi ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០០ នាក់​នៅ​ពេល​ព្យុះ​នេះ​បក់​បោក​ចំ​ប្រទេស​វៀតណាម​នៅ​ខែ​កញ្ញា​ឆ្នាំ​មុន៕