ប្រទេសវៀតណាម បានរកឃើញការឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩ករណី នៅព្រឹកថ្ងៃសុក្រ ស្របពេលដែលការផ្ទុះឡើងនៃការឆ្លងរាលដាលលើកដំបូងក្នុងរយ:ពេលពីរខែនេះ បានទៅដល់រដ្ឋធានីហាណូយ ជាកន្លែងដែលគណបក្សកាន់អំណាចកំពុងធ្វើសមាជប្រាំឆ្នាំម្ដងរបស់បក្ស។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ករណីថ្មីទាំងនេះ រួមមានមួយករណីក្នុងទីក្រុងហាណូយ និង៨ករណី នៅក្នុងទីក្រុង Haiphong និងខេត្ត Hai Duong ខេត្ត Quang Ninh និងខេត្ត Bac Ninh ធ្វើឲ្យមានករណីសរុប ដែលបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ កើនឡើងដល់៩៣ករណី។
ករណីមួយក្នុងចំណោមករណីពីរ ដែលបានត្រូវបានគេរកឃើញកាលពីថ្ងៃព្រហស្បតិ៍ គឺទាក់ទងនឹងបុគ្គលម្នាក់ដែលធ្វើតេស្តនៅប្រទេសជប៉ុនរកឃើញថាវិជ្ជមានជំងឺកូវីដ១៩វិវត្តិថ្មីពីចក្រភពអង់គ្លេស។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ខ្លួនកំពុងធ្វើការវិភាគហ្សែនដើម្បីកំណត់ថា តើអ្នកជំងឺថ្មីទំាងអស់ សុទ្ធតែបានឆ្លងជំងឺកូវីដ១៩វិវត្តថ្មី ឬយ៉ាងណា។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ករណីនៅក្នុងទីក្រុងហាណូយ ជាប់ពាក់ព័ន្ធនឹងបុគ្គលិកអាកាសយានដ្ឋានម្នាក់ ក្នុងខេត្ត Quang Ninh ដែលបានធ្វើតេស្តរកឃើញថាវិជ្ជមាន កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងអ្នកឆ្លង៨៣ នាក់ផ្សេងទៀត ដែលជាករណីឆ្លងក្នុងប្រទេសលើកដំបូង ក្នុងរយៈពេល ៥៥ថ្ងៃ និងកន្លងមកជាការឆ្លងរាលដាលដ៏ច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃសម្រាប់វៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កាលពីព្រឹកថ្ងៃសុក្រ អាជ្ញាធរវៀតណាមបានប្រកាសបិទសកម្មភាពនៅអគារអាផាតមិន កម្ពស់ ២៧ ជាន់មួយកន្លែងកណ្ដាលទីក្រុងហាណូយ កន្លែងដែលអ្នកឆ្លងជំងឺរស់នៅ។ ពលរដ្ឋគ្រប់រូបដែលរស់នៅទីនោះ ដែលមានចំនួនរាប់រយនាក់ ត្រូវបានស្នើឲ្យនៅក្នុងបន្ទប់ អាផាតមិនរបស់ពួកគេ រហូតមានការជូនដំណឹងជាថ្មី៕