រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានគូសបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញនេះថា ការរកឃើញថ្មីនូវការផ្ទុះឡើងនៃការឆ្លងវីរុសកូរ៉ូណា ដែលបានឆ្លងដល់មនុស្សចំនួន២៧៦នាក់ និងបានឆ្លងរាតត្បាតទៅដល់ខេត្តនិងក្រុងចំនួន១០នៅក្នុងប្រទេសវៀតណាមនោះ គឺជាវីរុសកូរ៉ូណាវិវត្តន៍ថ្មីដែលមានលក្ខណៈឆ្លងខ្លាំង ហើយដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស។
ចាប់តាំងពីវីរុសកូរ៉ូណានេះឆ្លងរាតត្បាតឡើងវិញក្នុងរយៈពេល៦ថ្ងៃកន្លងទៅ នៅក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម តំបន់នោះបានស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាម ដែលបានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long។
រដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «ការវិភាគត្រួតពិនិត្យបង្ហាញថា អ្នកជំងឺថ្មីៗដែលត្រូវបានរកឃើញចំនួន១២នាក់ ក្នុងចំណោមអ្នកជំងឺ២៧៦នាក់ បានឆ្លងវីរុសកូរ៉ូណាវិវត្តន៍ថ្មី ដែលគេបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ ទោះជាយ៉ាងនេះក្តី ប្រភពដែលបណ្តាលឲ្យមានការផ្ទុះរាលដាលឆ្លងនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ យើងត្រូវអនុវត្តគោលការណ៍ពាក់ម៉ាស់ឲ្យបានហ្មត់ចត់»។
ការធ្វើតេស្តក្នុងទ្រង់ទ្រាយធំ និងការអនុវត្តគម្លាតសង្គមបានតឹងរ៉ឹង បានធ្វើឲ្យប្រទេសវៀតណាម មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងកម្រិតទាប ត្រឹមតែចំនួនប្រមាណ ១៨៥១ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួនត្រឹមតែ៣៥នាក់ប៉ុណ្ណោះ។ វៀតណាមទទួលបានការកោតសរសើរជុំវិញពិភពលោក ថាជាប្រទេសមួយ ដែលមានការឆ្លើយតបប្រកបដោយជោគជ័យ ក្នុងការទប់ទល់ការរាតត្បាតជំងឺកូវីដ១៩។
រដ្ឋធានីហាណូយ នឹងចាត់វិធានការបន្ថែមទៀត ដើម្បីទប់ទល់នឹងការឆ្លងវីរុសកូរ៉ូណានេះ។ ក្រសួងសុខាភិបាលវៀតណាម នឹងគាំទ្រទីក្រុងនេះ ក្នុងការបង្កើនសមត្ថភាពធ្វើតេស្តរកមើលវីរុសកូរ៉ូណា ឲ្យបានចំនួន៤ម៉ឺននាក់ក្នុងមួយថ្ងៃ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ។
ប្រទេសវៀតណាម បានផ្តល់ការយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃសៅរ៍ បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា ប្រទេសវៀតណាម ត្រូវមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ។ រដ្ឋាភិបាលវៀតណាមបាននិយាយក្នុងពេលកន្លងទៅថា ខ្លួនកំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០លានដូស៕