ក្រុមហ៊ុន​វៀតណាម​សន្យា​មិន​ឈូសឆាយ​ដីព្រៃ​សម្បទាន​ក្នុង​ភូមិ​ជនជាតិ​ដើមភាគ​តិច

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជនជាតិ​ភាគ​តិច​ទំពួន រស់នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី ដែល​ទទួល​រងគ្រោះ​ដោយ​សារ​ការ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន។ (Courtesy Photo)

ក្រុមហ៊ុន​វៀតណាម​ហ៊ងអាញ់យ៉ាឡាយ​ (Hoang Anh ​Gia Lai) ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កៅស៊ូ​ពី​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​មិន​ឈូសឆាយ​ និង​មិន​អភិវឌ្ឍ​លើ​ដី​ពលរដ្ឋ​ចំនួន​១១​ភូមិ​ហើយ​នឹង​ភូមិ​ចំនួន​៣ទៀត​របស់​ជនជាតិ​ដើមភាគ​តិច​នោះ​ទេ។​

ក្រុមហ៊ុន​ Hoang ​Anh​ Gia Lai ​(HAGL) ​នៃវៀតណាម​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ចពី​រដ្ឋាភិបាល​កម្ពុជាដើម្បី​ដាំ​ដំណាំ​កៅស៊ូ ​បាន​ព្រម​ព្រៀង​ថា​ នឹង​មិន​ឈូសឆាយ​ដីព្រៃ​សម្បទាន​របស់​ខ្លួន​ក្នុង​ភូមិជន​ជាតិ​ដើម​ភាគតិច​ចំនួន​១៤​នៅ​ខេត្ត​រតនគីរី​ដើម្បី​អភិវឌ្ឍ​ ហើយ​នឹង​បន្ត​ធ្វើការ​ជាមួយ​អ្នកភូមិលើ​ការ​សង​សំណង​ខូចខាត។​ ​ការ​ព្រម​ព្រៀង​នេះ​កើត​ឡើង​ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ ​កាលពី​សប្តាហ៍​មុន ​ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ​ជាច្រើន។​

ការ​បន្ត​ការ​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​ទាំង​ថ្នាក់ជាតិ​ និង​អន្តរជាតិ​ក្រោម​ការ​ ជួយ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល​ ប្រឆាំង​នឹង​ក្រុមហ៊ុន​វៀតណាម​មួយ​ដែល​បាន​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នោះ​ នៅ​ទី​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សុខចិត្ត​បញ្ឈប់​ការ​ឈូស​ឆាយ​ទាំងស្រុង​ ហើយ​ព្រមផ្តល់​សំណង​ដល់​ពលរដ្ឋ​ជនជាតិ​ដើមភាគ​តិច​ក្នុង​ខេត្ត​រតន​គីរី​ចំនួន​១៤​ភូមិ​ និង​សន្យា​គោរព​សិទ្ធិ​ពួក​គេ​ឡើង​វិញ។​

ក្រុមហ៊ុន​វៀតណាម​ហ៊ងអាញ់យ៉ាឡាយ​ (Hoang Anh ​Gia Lai) ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កៅស៊ូ​ពី​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​មិន​ឈូសឆាយ​ និង​មិន​អភិវឌ្ឍ​លើ​ដី​ពលរដ្ឋ​ចំនួន​១១​ភូមិ​ហើយ​នឹង​ភូមិ​ចំនួន​៣ទៀត​របស់​ជនជាតិ​ដើមភាគ​តិច​នោះ​ទេ។​ ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមពីរ​លើក ​ហើយ​មានការសន្យារវាង​តំណាង​អ្នកភូមិ​និង​តំណាង​ក្រុមហ៊ុន។​

បើតាម​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ចេញពី​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​ខែ​ កញ្ញា​ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ ហ៊ងអាញ់យ៉ាឡាយ​ (Hoang Anh ​Gia Lai) ​បាន​បញ្ជាក់​ថា៖​

«អ្នកតំណាងក្រុមហ៊ុន​ហ៊ងអាញ់យ៉ាឡាយ​ (Hoang Anh ​Gia Lai)​ បាន​បញ្ជាក់​ជា​ផ្លូវការ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​លិខិត​ចុះថ្ងៃ​ទី៧ ​ខែ​កញ្ញា​ឆ្នាំ​២០១៥ ​ដែល​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​បាន​ចុះហត្ថ​លេខា​ថា ​ក្រុមហ៊ុន​នឹង​មិន​បន្ត​ការ​ឈូស​ឆាយបន្ថែម​ទៀត ​ឬ​ក៏​មិន​អភិវឌ្ឍ​សម្បទាន​របស់​ខ្លួន​ហើយ​នឹង​មិនបង្ក​ឲ្យ​មាន​ការប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ភូមិ​ទាំង​១១​ឡើយ»។​

លោក​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ ដែល​បាន​ជួយ​ផ្នែក​ការ​តស៊ូ​មតិ​ បាន​សាទរ​ចំពោះ​ភាព​ជឿន​លឿន​ដែល​ឈាន​ដល់​ដំណោះ​ស្រាយ​យ៉ាង​សំខាន់​នេះ។​

«នេះ​ជា​គម្រូ​មួយ​ ទោះបី​ថា​ ដំណោះ​ស្រាយ​មិន​ទាន់​បាន​ល្អ​១០០​ភាគ​រយ ​តែ​ជា​គម្រូ​មួយ​បង្ហាញ​ថា​ ភាគី​ទាំងអស់​សុខចិត្ត​អង្គុយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ ហើយ​យក​បញ្ហា​ទាំងអស់​ហ្នឹង​មក​ដាក់​លើតុ​ ហើយ​ជជែក​គ្នា​ ព្រោះ​ថា​ បើសិន​ជា​យើង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​បន្ត​ធ្វើ​សកម្ម​ភាព​បែប​ហ្នឹង​ទៀត​ វា​មិន​អាច​ដើរ​ទៅ​មុខ​បាន​ទេ។​ អញ្ចឹង​អាជីវ​កម្ម​របស់​យើង​ប្រាកដ​ជា​មាន​បញ្ហា»។​

លោក​ថា​ បើ​មិន​មានការ​ដោះ​ស្រាយ​តាម​គោល​ការ​យុត្តិ​ធម៌ទេ នោះប្រជា​ពលរដ្ឋ​មិន​អាចនៅ​ស្ងៀម​ចាំស្លាប់​ទេ។​ ពួកគាត់​នឹង​តវ៉ា ​ហើយ​វា​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន ​និង​មុខ​មាត់​ប្រទេស។​

«ភាគី​ទាំងអស់​គួរ​តែ​ជជែក​គ្នា​ដោយ​សន្តិវិធី ​ហើយ​ដោយ​ស្មោះត្រង់ ​ហើយ​ដោយ​មាន​ការ​ចូលរួម​គ្រប់ភាគី​ រួមទាំង​អាជ្ញាធរ​ផង​ដែរ ​ទើប​យើង​អាច​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​តម្លាភាព»។​

លោក​សាល់ ហ្នើយ ​តំណាង​ពលរដ្ឋ​រងគ្រោះ​ម្នាក់​ ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដែរ ​បាន​ថ្លែង​ថា ​ទោះជា​មាន​ការ​ដោះស្រាយ​មែន​ តែមិនទាន់មានចំណាត់​ការ​តទៅ​មុខ​ទៀត​ទេ ហើយ​ពលរដ្ឋ​នៅ​រង់ចាំ​មើល​លទ្ធផល​នៅ​ឡើយ។​

«នៅ​បន្តការ​ចរចាគ្នា​ត​ទៅ​ទៀត​ មិនទាន់​យក​ជម្រើស​ណា​មួយ​ ដែល​ត្រូវ​គ្នា​នោះ​ទេ»។​

សេចក្តី​ថ្លែង​ការណ៍​រួមរវាង​តំណាង​ក្រុមហ៊ុន​ និង​តំណាង​ពលរដ្ឋ​ជនជាតិ​ដើមភាគ​តិច​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​នឹង​ធ្វើការ​សង​សំណង​ពីរ​យ៉ាង បើ​រក​ឃើញ​ថា​ ការ​ឈូស​ឆាយ​មាន​ការ​ប៉ះពាល់​ដល់​អ្នកភូមិ​ គឺ​សង​ជា​ថវិកា​ ឬដី​ ផោយ​យល់​ព្រមធ្វើ​ប្លង់​កម្មសិទ្ធ​ ប្រើប្រាស់​គីមី​ដែល​ស្របតាម​លិខិត​បទដ្ឋាន​បរិស្ថាន​ ជួស​ជុល​ និងថែទាំ​ផ្លូវ​ និង​ស្ពាន​ដែល​ប៉ះពាល់​ដោយ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន ​កំណត់​ព្រំ​ប្រទល់​របស់​ក្រុមហ៊ុន​ ស្តា​ប្រភព​ទឹក​រួម​ទាំង​ធនធាន​ត្រី​ឡើង​វិញ​ និង​ធ្វើការ​សុំទោស​ជា​សារធារណៈ​ដោយ​ផ្តល់​គោ​មួយក្បាល​ទម្ងន់​៤០០​គីឡូ​ក្រាម​ក្នុង​មួយ​ភូមិ​ និង​លុយ​៥០០​ដុល្លារ ​សម្រាប់​ធ្វើ​ពិធី​សែន​អារក្ស​តាម​ទំនៀម​ទម្លាប់​ជាដើម។​ នេះ​ជា​កិច្ចការ​សន្យា​របស់​ក្រុមហ៊ុន​ចំពោះ​ភូមិ​ចំនួន​១១។​ ដោយ​ឡែក​ក្រុមហ៊ុន​យល់​ព្រម​ថា​ នឹង​មិន​ឈូសឆាយ ​មិន​អភិវឌ្ឍ មិនជ្រៀតជ្រែក ​មិន​ទន្ទ្រាន​យក ​ឬ​មិន​ប៉ះពាល់​ដល់​ដី​របស់​អ្នកភូមិ​កាជូត​ ភូមិកេត ​និង​ភូមិណាយ​ រួមមាន​ដី​ដែល​សហគមន៍​ទាំង​នេះ ​ប្រើប្រាស់​ និង​ចេញ​ចូល ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ ទោះ​ដោយ​វិធី​ណា​ក៏ដោយ​ នា​ពេល​បច្ចុប្បន្ន ​ឬ​អនាគត។​

លោកស្រី​ចូស៊ី ខូហេន​ (Josie Cohen) ​មន្ត្រីយុទ្ធនាការ​ជាន់ខ្ពស់​ផ្នែក​បញ្ហា​ដីធ្លី​នៃ​អង្គការ ​Global Witness ​បាន​រីករាយ​ ដែល​បាន​ដឹង​អំពី​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀងជា​សំខាន់។​

«ក្រុម​ហ៊ុនហ៊ងអាញ់យ៉ាឡាយ​ (Hoang Anh ​Gia Lai)​ ​ត្រូវតែ​គោរព​តាម​កិច្ច​សន្យា​របស់​ខ្លួន​ទាំងអស់ ​ដែល​បាន​ធ្វើ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង​១៤​ភូមិ។​ ក្រុមហ៊ុន​ត្រូវ​តែ​ចាប់​ផ្តើម​ផង​ដែរ​នូវ​ដំណើរ​ការ​ប្រគល់​ដីធ្លី​ស្រដៀង​គ្នានេះ​ទៅ​ដល់​សហគមន៍​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា ​និង​ឡាវ​ ​ដែល​នៅ​បន្ត​រង​ការ​ប៉ះពាល់​ដោយសារ​ការ​បំផ្លិច​បំផ្លាញ​ដំណាំ​របស់​ពួក​គេ»។​

កិច្ចព្រម​ព្រៀង​ទាំងពីរបានធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​១៩​ខែ​កញ្ញា ​ដែល​មាន​តំណាង​ក្រុមហ៊ុន ​អង្គការ​អង្កេត​ការណ៍​ តំណាង​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​(IFC)​របស់​ធនាគារ​ពិភព​ លោក​ និង​តំណាង​ពលរដ្ឋ ​បានចូលរួម​ផង​នោះ។​

ក្រុមហ៊ុន​វៀតណាម​ហ៊ងអាញ់យ៉ាឡាយ​ (Hoang Anh ​Gia Lai)បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ឈូស​ឆាយ​លើដី​សម្បទាន​៤​ម៉ឺន​៧​ពាន់​ហិចតា​ក្នុង​ខេត្ត​រតនគីរី​ ក្រោយពី​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១០​ ​ដែល​ក្រុម​អង្គការ​ឃ្លាំ​មើល​ ​បាន​អះអាង​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោយ​មិន​ផ្ទាល់​ដល់​ពលរដ្ឋ​យ៉ាងតិច​២​ពាន់​គ្រួសារ។​

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​១៧​ក្នុង​ខេត្ត​រតនគីរី​ ភាគ​ឦសាន​ប្រទេស​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ បាន​ដាក់​ពាក្យ​ប្តឹង​រួមគ្នា​ទៅ​កាន់​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​(IFC)​ជា​ផ្នែក​មួយ​របស់​ធនាគារ​ពិភព​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ​ស្ថាប័ន​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ការ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ​ហ៊ង​អាញ់​យ៉ា​ឡាយ​ (Hoang Anh ​Gia Lai) ​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ បំផ្លាញជីវភាព​ពលរដ្ឋ​ វប្បធម៌​ និង​បរិស្ថាន។​ ​ស្ថាប័ន ​IFC​ បាន​ចុះ​ត្រួត​ពិនិត្យ​និង​បានដោះ​ស្រាយ​ បញ្ហា​នេះ​ដែរ​កន្លង​មក។​

ពលរដ្ឋ​បាន​រងផល​ប៉ះពាល់​ខ្លាំងណាស់ ​ដូចជា​បាត់បង់​ព្រៃឈើ ​ព្រៃ​អារក្ស​ដែល​ជន​ជាតិដើម​ភាគតិច​ពឹង​ផ្នែក​សម្រាប់ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​ កន្លែង​កប់​ខ្មោច​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ពួក​គេ។​ អ្នកខ្លះ​បាត់បង់​ដីស្រែ​ចម្ការវិល​ជុំរបស់គេ​ ​បាត់បង់​ដីធ្លី​ពួកគេ ​រីឯ​សហគមន៍​ខ្លះ​បាត់​បង់ដី​ទាំងស្រុង​ក៏មាន​ ដោយសារ​ក្រុមហ៊ុនហ៊ង​អាញ់​យ៉ា​ឡាយ​ (Hoang Anh ​Gia Lai) និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រឹបអូស​យក៕