រយៈពេល៤០ឆ្នាំក្រោយសង្គ្រាមវៀតណាមបានបញ្ចប់ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា និងមេដឹកនាំគណបក្សវៀតណាមបានជួបប្រជុំគ្នានៅវិមានការិយាល័យ Oval Office របស់ប្រធានាធិបតីនៅសេតវិមាននៅថ្ងៃអង្គារនេះ។ ជំនួបនេះអបអរសាទរអំពីការជឿនលឿនគួរកត់សម្គាល់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអតីតគូសត្រូវនឹងគ្នានេះ។
លោកប្រធានាធិបតីអូបាម៉ាបានស្វាគមន៍លោក Nguyen Phu Trong អគ្គលេខាធិការគណបក្សកុម្មុយនិស្តដែលបានមកធ្វើទស្សនកិច្ចនៅស.រ.អា.ជាលើកទីមួយអំឡុងពេលខួប២០ឆ្នាំនៃការធ្វើទំនាក់ទំនងជាធម្មតាឡើងវិញរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងហាណូយ។
លោកប្រធានាធិបតីអូបាម៉ានិយាយថា ការបង្កើតទំនាក់ទំនងវិជ្ជមានរវាងប្រទេសទាំងពីរសំខាន់គឺផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយវាផ្តល់ប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ។ គ្រាន់តែក្នុងពេល២ឆ្នាំកន្លងមកនេះ ប្រទេសយើងទាំងពីរបានធ្វើការជឿនលឿនជាដុំកំភួនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ សុខភាពសាធារណៈ ហើយនិងបញ្ហាសន្តិសុខ។ លោកប្រធានាធិបតីក៏បាននិយាយដែរថា លោក និងលោក Trong ក៏បានពិភាក្សាការខ្វែងគំនិតគ្នាអំពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពខាងសាសនាផងដែរ។ មេដឹកនាំទាំងពីរបានពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក Trans-Pacific Partnership ដែលមានបញ្ចូលស.រ.អា. និងវៀតណាមតែមិនមានបញ្ចូលចិននោះទេ។
នៅក្រៅសេតវិមានកាលពីថ្ងៃអង្គារម្សិលមិញ សមាជិកសហគមន៍អាមេរិកាំងដើមកំណើតវៀតណាមនៅស.រ.អា.បានតវ៉ាប្រឆាំងនឹងទស្សនកិច្ចរបស់អគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាម ដោយកាន់បដា និងស្រែកពាក្យស្លោកទាមទារឲ្យមានប្រជាធិបតេយ្យ និងដោះលែងអ្នកកាសែតពីពន្ធនាគារនៅប្រទេសវៀតណាម៕