ទីក្រុង​ហូជីមិញ​បាន​ដំណើរការ​ឡើង​វិញ​បន្ទាប់​ពី​បិទ​ខ្ទប់​រយៈពេល​៣​ខែ

រូបឯកសារ៖ រថយន្ត​ដឹក​ទាហាន ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​នៅ​ទីក្រុង​ហូជីមិញកាលពី​ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០២១។ (Reuters)

ទីក្រុង​ហូជីមិញ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​លុបចោល​បទ​បញ្ជា​បិទ​ខ្ទប់​សកម្មភាព​ទីក្រុង​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ចំនួន​៩​លាន​នាក់​ស្ថិត​នៅ​ក្នុង​ផ្ទះ​រយៈ​ពេល​៣​ខែ ​ ហើយ​បាន​ធ្វើ​ឱ្យ​ខូចខាត​ការ​ជួញ​ដូរ​នៅ​ក្នុង​ទីក្រុង​នេះ​ ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។​ នេះបើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AFP។​

ដើម្បី​ទប់ស្កាត់​រលក​នៃ​ការ​រាលដាល​ដ៏​ឆាប់​រហ័ស​នៃ​ជំងឺ​កូវីដ១៩​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​ភាគ​ខាង​ត្បូង​នេះ​ស្ទះ​យ៉ាង​ខ្លាំង​នោះ​ ​ពលរដ្ឋ​មិន​អាច​ចាកចេញ​ពីផ្ទះ ​សូម្បី​ទៅ​ទិញ​ម្ហូប​អាហារ​ ហើយ​ការ​ធ្វើ​ដំណើរ​ស្ទើរ​តែ​ទាំង​អស់ ​ចេញ​និង​ចូល​តំបន់​នោះ​បាន​ត្រូវ​ផ្អាក។​

ជិត​ពាក់​កណ្តាល​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​៧៩០.០០០​ករណី​បាន​ត្រូវ​គេ​រាយ​ការណ៍​នៅ​ក្នុង​ទីក្រុង​នេះ ​ រួម​មាន​ចំនួន​មនុស្ស​ស្លាប់​ស្មើ​៣​ភាគ៤​នៃ​មនុស្ស​ស្លាប់​សរុប​ដោយ​សារជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស​នេះ។​

ក៏​ប៉ុន្តែ​បន្ទាប់ពី​ករណី​ឆ្លង​ធ្លាក់​ចុះជា​បណ្តើរៗ ​ ទាហាន​បាន​ចាប់​ផ្តើម​រុះរើ​របាំង​នៅ​តាម​ផ្លូវ​នៅ​ថ្ងៃ​សុក្រ​នេះ ​ ហើយ​បាន​រើ​កន្លែង​ឆែកឆេរ​រាប់រយ​ដែល​បាន​ដាក់​នៅ​តាម​សង្កាត់​នានា​នៅ​ក្នុង​ទីក្រុង​នេះ។​

លោក ​Tran Van Vu ​ដែល​ជា​ម្ចាស់​តូប​លក់​ផ្លែឈើ ​បន្លែ​ និង​សាច់​បាន​និយាយ​ថា​ លោក​សប្បាយ​ចិត្ត​ណាស់។ ​លោក​មាន​ផែនការ​ពង្រីក​អាជីវកម្ម​របស់​លោក​មុន​ពេល​មាន​ជំងឺ​រាតត្បាត​នេះ។​

ប្រទេស​វៀតណាម​កាលពី​ពេល​មុន​ត្រូវ​បាន​គេ​សរសើរ​ថា​ ជា​គម្រូ​មួយ​នៃ​ការ​រាំងខ្ទប់​វីរុស​ ក៏​ប៉ុន្តែ​ប្រទេស​នេះ​មាន​ការ​លំបាក​ដើម្បី​បញ្ឈប់​រលក​ទី៤​នៃ​ការ​ឆ្លង​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​មេសា​នៅ​ឧទ្យាន​ឧស្សាហ​កម្ម​ភាគ​ខាង​ជើង ​ហើយ​បាន​រាលដាល​ដ៏​ឆាប់​រហ័ស​ទៅ​កាន់​ភាគ​ខាង​ត្បូង។​
មនុស្ស​ជាង​១​ភាគ​៣​នៃ​ប្រជា​ពលរដ្ឋ​១​រយ​លាន​នាក់​របស់​វៀតណាម​ បាន​ស្ថិត​នៅ​ក្រោម​បទ​បញ្ជា​ឲ្យ​ស្ថិត​នៅ​ផ្ទះ​នៅ​រដូវ​ក្តៅ​នេះ ​ ដែល​បាន​ធ្វើ​ឲ្យ​ផលិតកម្ម​ឧស្សាហកម្ម​ដ៏​សំខាន់​បាន​ជាប់​គាំង​និង​ខ្វះ​សង្វាក់​ការ​ផ្គត់ផ្គង់។​

​ប្រជាជន​វៀតណាម​មិន​ដល់​១០%​ទេ​បាន​ចាក់​វ៉ាក់សាំង​គ្រប់ដូស៕