វៀតណាមដែលធ្លាប់ជាប្រទេសគំរូក្នុងការដោះស្រាយប្រកបដោយជោគជ័យប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ក្នុងពេលកន្លងមកនេះ បានចាប់ផ្តើមសុំជំនួយឧបត្ថម្ភពីសាធារណជនរបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងដើម្បីទប់ទល់នឹងរលកឆ្លងថ្មីនៃវីរុសកូរ៉ូណា។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
វៀតណាមដែលមានពលរដ្ឋសរុបជិត១០០លាននាក់នោះ ពេលនេះទើបតែចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនបានចំនួនប្រមាណតែ១%ប៉ុណ្ណោះ ហើយអាជ្ញាធរកំពុងតែប្រកាសអាសន្ននឹងករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ។
ចាប់តាំងពីសប្តាហ៍កន្លងមក អ្នកប្រើប្រាស់ទូរស័ព្ទដៃ បានទទួលសារក្នុងទូរស័ព្ទរបស់ខ្លួនចំនួន៣ ស្នើសុំថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ខណៈដែលមន្ត្រីរាជការ ត្រូវបានលើកទឹកចិត្តឲ្យចែករំលែកនូវប្រាក់បៀវត្សរបស់គេផងដែរ។
ពលរដ្ឋវៀតណាមមួយចំនួនដោយមានការភ័យខ្លាចផលប៉ះពាល់របស់វីរុសដល់សេដ្ឋកិច្ចរបស់វៀតណាមនោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេគាំទ្រចំពោះយុទ្ធនាការរៃអង្គាសប្រាក់នេះ។
ពលរដ្ឋវៀតណាមម្នាក់ឈ្មោះ Nguyen Tuan Anh ដែលជាមន្ត្រីរាជការមួយរួប បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥០ដុល្លារ ដោយផ្ទេរតាមខ្ទង់គណនីធនាគារនិងតាមទូរស័ព្ទ ព្រោះថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹង«ធ្វើឲ្យសេដ្ឋកិច្ចវៀតណាមមានស្ថិរភាពនិងរីកចំរើនឡើងវិញ»។
បណ្តាញព័ត៌មានរដ្ឋប្រាប់ឲ្យដឹងថា ពលរដ្ឋវៀតណាមរាប់ម៉ឺននាក់នៅទូទាំងប្រទេស បានបាត់បង់ការងាររបស់គេ។ ភោជនីយដ្ឋាននិងរង្គសាលក្នុងតំបន់សំខាន់ៗដូចជាក្នុងទីក្រុងហាណូយ និងហូជីមិញ ត្រូវបានបង្ខំឲ្យបិទទ្វារ ហើយការជួបជុំជាសាធារណៈ ត្រូវបានហាមប្រាម។
រដ្ឋាភិបាលវៀតណាមនិយាយថា ខ្លួនមានបំណងទិញវ៉ាក់សាំងចំនួន១៥០លានដូសក្នុងឆ្នាំ២០២១នេះ ដើម្បីចាក់ឲ្យពលរដ្ឋរបស់ខ្លួនចំនួន៧០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ១ពាន់ ១០០លានដុល្លារ។
រហូតមកដល់ថ្ងៃអង្គារម្សិលមិញ មានអង្គការនិងបុគ្គលប្រមាណ២៣១.០០០ នាក់ បានបរិច្ចាកទឹកប្រាក់ដល់កម្មវិធីរៃអង្គាសប្រាក់នេះ បានចំនួន១៨១លានដុល្លារហើយ។
ដោយឡែកទឹកប្រាក់ប្រមាណ១៤០លានដុល្លារផ្សេងទៀត ត្រូវបានសន្យាផ្តល់ដោយក្រុមអ្នកជំនួញផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ក្រសួងហិរញ្ញវត្ថុវៀតណាម។
ទោះបីជាយ៉ាងនេះក្តី ក៏មានពលរដ្ឋវៀតណាមខ្លះទៀត នៅមិនទាន់មានជំនឿចិត្តទាំងស្រុងលើការចាយវាយលុយដែលរៃអង្គាសបាននោះទេ។
ពលរដ្ឋវៀតណាមម្នាក់ឈ្មោះ Pham Mai Chi ដែលជាបុគ្គលិកការិយាល័យម្នាក់លើកឡើងថា «ខ្ញុំមិនទាន់ប្រាកដក្នុងចិត្តទាំងស្រុងនោះទេថា តើលុយនេះ នឹងត្រូវគេប្រើប្រាស់សម្រាប់តែទិញវ៉ាក់សំាងសម្រាប់ចាក់ឲ្យពលរដ្ឋគ្រប់គ្នា ឬយ៉ាងណានោះ។ ខ្ញុំគិតថា ខ្ញុំមិនជឿទាំងស្រុង ហើយផ្តល់លុយឲ្យពួកគេនោះទេ៕