សកម្មជនការងារវៀតណាមម្នាក់ បានចោទប្រកាន់ពួកអាជ្ញាធរថា បានវាយតប់ហើយនិងឃុំឃាំងអ្នកស្រី បន្ទាប់ពីអ្នកស្រីនិយាយជាមួយពួកកម្មករដែលគេបណ្តេញចេញពីការងារនៅក្នុងខេត្តឡុង អាន (Long An) ស្ថិតនៅភាគខាងត្បូង។
អ្នកស្រី Do Thi Minh Hanh គឺជាអ្នកគាំទ្រសិទ្ធិការងារជាយូរណាស់មកហើយ ដែលកាលពីពេលមុន អ្នកស្រីធ្លាប់ត្រូវបានពួកអាជ្ញាធរចាប់ដាក់គុកដោយសារជួយរៀបចំកូដកម្មការងារ។ អ្នកស្រីបាននិយាយថា អ្នកស្រី បានត្រូវគេឃុំខ្លួនកាលពីថ្ងៃចន្ទអស់រយៈពេល១៣ម៉ោងដោយគ្មានផ្តល់មូលហេតុអ្វីទាំងអស់។
អ្នកស្រី Hanh បាននិយាយថា៖ «នៅទីបញ្ចប់ ពួកគេបានប្រគល់ក្រដាសស្នាមដោយនិយាយថា ខ្ញុំបានរំលោភនីតិវិធីរដ្ឋបាល ហើយបានសុំឲ្យខ្ញុំចុះហត្ថលេខាលើក្រដាសស្នាមនោះ ក៏ប៉ុន្តែ ខ្ញុំបានបដិសេធ។ ខ្ញុំជាមនុស្សម្នាក់ដែលជាជនរងគ្រោះនៃការចាប់ខ្លួនខុសច្បាប់នេះ។ ខ្ញុំត្រូវបានគេអូសចេញពីពួកកម្មករ ហើយគេបានវាយតប់មុខនិងក្បាលរបស់ខ្ញុំ ហើយបានខ្ទប់ផ្លូវដកដង្ហើមរបស់ខ្ញុំ»។
សកម្មជនរូបនេះបាននិយាយទៀតថា របស់របរផ្ទាល់ខ្លួនរបស់អ្នកស្រីហើយនិងខិតប័ណ្ណដែលគាំទ្រសិទ្ធិការងារ បានត្រូវគេដកយក។
អ្នកស្រី Hanh សហស្ថាបនិកសហព័ន្ធសហជីពវៀតណាមសេរី និងសកម្មជនម្នាក់ទៀតមានឈ្មោះថា Troung Minh Duc បាននិយាយថា ពួកអស់លោកបានមកគាំទ្រនិងផ្តល់យោបល់ដល់ពួកកម្មកររាប់សិបនាក់ដែលអះអាងថា ពួកគេត្រូវបានក្រុមហ៊ុនដែលកាន់កាប់ដោយបរទេសបណ្តេញចេញដោយខុសច្បាប់។
ប្រធានស្ថានីយប៉ូលិស Long Binh ជាទីកន្លែងដែលមានសេចក្តីរាយការណ៍ថា អ្នកស្រី Hanh និងលោក Duc បានត្រូវបង្ខាំងទុកនោះ មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបានទេ៕
ការចោទប្រកាន់ បានកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) រវាងវៀតណាមនិងសហរដ្ឋអាមេរិកដែលជំរុញឲ្យរដ្ឋាភិបាលទីក្រុងហាណូយអនុម័តច្បាប់ដែលធានាសិទ្ធិរបស់កម្មករដើម្បីបង្កើតនិងចូលរួមសហជីពដោយសេរីដែលខ្លួនបានជ្រើសរើស។
អង្គការសហព័ន្ធសហជីពវៀតណាមដែលរដ្ឋាភិបាលគាំទ្រ ដែលពួកសកម្មជនចោទប្រកាន់ថាគាំទ្រក្រុមហ៊ុននិងម្ចាស់រោងចក្រនោះ គឺជាសហជីពត្រឹមត្រូវតាមច្បាប់តែមួយគត់សម្រាប់កម្មករវៀតណាម។
ប្រទេសនៃមហាសមុទ្រប៉ាស៊ីហ្វិកចំនួន១២ រួមមានវៀតណាមផងដែរ បានធ្វើកិច្ចព្រមព្រៀងមួយស្តីភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) កាលពីខែមុន។
ក៏ប៉ុន្តែ សន្ធិសញ្ញាប្រវត្តិសាស្រ្តនេះ នៅមានមន្ទិលសង្ស័យនៅក្នុងសភាសហរដ្ឋអាមេរិក ដែលនៅទីនោះសមាជិកសភាខ្លះបានសម្តែងនូវការព្រួយកង្វល់របស់ខ្លួនថា ការងារជាច្រើនត្រូវចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសនានាដែលសិទ្ធិសហជីពនិងកម្មកមានភាពទន់ខ្សោយ។
ថ្លែងទៅកាន់សភាកាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បាននិយាយថា វៀតណាមនិងប្រទេសផ្សេងទៀត ត្រូវតែគោរពលក្ខខណ្ឌរបស់កិច្ចព្រមព្រៀង TPP ដែលទាក់ទិននឹងសិទ្ធិកម្មករ។
ក៏ប៉ុន្តែ អ្នកស្រី Hanh បាននិយាយថា ការតស៊ូដើម្បីសិទ្ធិរបស់កម្មករ ជាដំណើរការដ៏យូរអង្វែងមួយ ហើយមិនអាចធ្វើការផ្លាស់ប្តូរបានភ្លាមៗទេ។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ីបាននិយាយកាលពីសប្តាហ៍មុនថា វៀតណាមហាក់ដូចជាធ្វើឲ្យល្អមើលក្នុងអំឡុងពេលនៃការចរចា TPP ក៏ប៉ុន្តែ ក្រោយកិច្ចព្រមព្រៀងនេះបានត្រូវចុះហត្ថលេខា វៀតណាមបានចាប់ផ្តើមចាត់វិធានការរឹតបន្តឹងលើពួកអ្នករឹះគន់។
រដ្ឋាភិបាលទីក្រុងហាណូយ មិនបានឆ្លើយតបដល់អង្គការសិទ្ធិមនុស្សដែលមានទីតាំងក្នុងទីក្រុងញូយ៉កនោះទេ ក៏ប៉ុន្តែបាននិយាយថា កាលពីអតីតកាល សេរីភាពនោះ បានត្រូវការពារ។
យោងតាមស្ថិតិផ្លូវការ ការធ្វើកូដកម្មដែលគ្មានការអនុញ្ញាតរាប់រយបានកើតមានឡើងក្នុងប្រទេសវៀតណាមកាលពីឆ្នាំទៅ ដែលកើតមានដោយសារបញ្ហាប្រាក់ឈ្នួលនិងកិច្ចសន្យា៕