ក្រសួង​ការបរទេស៖ វៀតណាម​ព្រម​លុប​ស្រះ​ទឹក​បី​ទុក​ប្រាំ​ចាំ​សម្រេច​ពេល​ក្រោយ

  • នៅ វណ្ណារិន

លោក​​ វ៉ា គឹមហុង​ សហ​ប្រធាន​គណៈ​កម្មការ​​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀត​ណាម និង​​លោក​ Ho Xuan Son (ស៊ូ ស៊ានសឿន​) អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទេស​វៀតណាម​​ក្នុង​​ពិធី​​​ចុះ​​ហត្ថលេខា​​លើ់​​ឯកសារ​​មួយ​​ចំនួន​​​នា​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០៩ ​ខែ​កក្កដា ​ឆ្នាំ២០១៥។ ​(នៅ វណ្ណារិន/VOA)

ភាគី​វៀតណាមបាន​យល់​ព្រមក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​កម្ពុជា​ថា​នឹង​ផ្អាក​ការ​សាង​សង់​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ ការ​សាងសង់​ប៉ុស្តិ៍​យោធា​ និង​លុប​ស្រះទឹក​មួយ​ចំនួន។​ នេះ​បើ​យោងតាមការ​ឲ្យ​ដឹង ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នា​ថ្ងៃ​សុក្រ​នេះ។

​នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដែល​ផ្ញើ​ជូន​អ្នកសារព័ត៌មាន​នៅថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹង​ថា៖ អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​លោក​ ស៊ូ ស៊ានសឿន (Xo Xuan Son) ដែល​ជា​សហ​ប្រធាន​ ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​ លើ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀត​ណាម​បាន​ឯក​ភាព​លើ​កិច្ចការ​មួយ​ចំនួន​ ក្រោយ​ពី​ការលើក​ឡើង​របស់ លោក​ ឡុង វិសាលោ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា។​ ក្នុង​នោះ​ភាគី​វៀតណាម​បាន​សន្យា​ថា​នឹង​លុប​ស្រះ​ទឹក​ ​៣​ក្នុង​ចំនួន៨​ដែល​កម្ពុជា​បាន​រក​ឃើញ​នា​ពេល​ថ្មីៗ​នេះ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​រតនគិរី​ ហើយ៥ផ្សេង​ទៀត​ ក្រុម​បច្ចេកទេស​ចម្រុះ​នៃ​គណៈ​កម្មការ​ព្រំដែន​នៃ​ប្រទេសទាំងពីរ​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​តាម​ភាព​ជាក់​ស្តែង​ដោយ​សំអាង​ថា​ក្នុង​នោះ​មាន​ស្រះ​ទឹក​ចំនួន​២​ជា​ស្រះ​ចាស់។​

ក្នុង​លិខិត​ដដែល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​ ស៊ូ ស៊ានសឿន​ ក៏​បាន​បញ្ជាក់​ថា​វៀតណាម​បាន​ផ្អាក​ការ​សាង​សង់​ប៉ុស្តិ៍​យោធា​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​នា​ខេត្ត​កណ្ដាល​និង​បញ្ឈប់​ការ​សាង​សង់​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ ការ​សាង​សង់​នា​ខេត្ត​ស្វាយរៀង​ ស្រុក​កំពង់រោទិ៍​ ដែល​ជា​តំបន់​មិនទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ។

លោក ជុំ សុន្ទរី​អ្នកនាំពាក្យ​ ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ថា​គណៈកម្មការ​បច្ចេកទេសចម្រុះ​របស់​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើដំណើរ​ទៅ​ពិនិត្យ​ស្រះទឹក​ចំនួន​៥​ដែល​មិន​ទាន់​លុប​នា​ពេល​ឆាប់ៗ​ខាង​មុខ។​

«បញ្ហា​ហ្នឹង​គឺ​គេ​កំពុង​តែ​ធ្វើការ​ជា​មួយ​គ្នា។​ ទៅ​ហ្នឹង​គឺ​ក្រុម​ការងារ​ចម្រុះ​ទៅ​ពិនិត្យ​បន្ថែម​ពី​រឿង​ករណី​ស្រះ​ព្រោះ​ស្រះ​ហ្នឹង​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម​គាត់​ថា​គាត់​លុប​បី​ហើយ​៥ទៀត​គឺ​គាត់​សុំ​ឲ្យ​ក្រុម​ការងារចម្រុះ​ចុះ​ទៅ​ពិនិត្យ។​ តាម​ខ្ញុំ​ដឹង​គឺ​នឹង​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ឯង»។​

លោក​ ជុំ​ សុន្ទរីបាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​លើក​ឡើងរបស់​ លោក​ ឡុង វិសាលោ​ គឺ​ដោយ​សារ​តែ​កំណត់ទូត​បី​លើក​ របស់​ក្រសួង​នេះ​ដែល​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ភាគី​វៀតណាម​នោះ។​ ក៏​ប៉ុន្តែ​លោក​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​រឿង​កិច្ចប្រជុំ​របស់​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​ ដែល​បញ្ចប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅដោយ​ថ្លែង​ថា​វា​ជា​កិច្ចការ​របស់​គណៈ​កម្មការ​ព្រំដែន​កម្ពុជា។​

«ក្រសួង​ការបរទេស​យើង​ក៏​មាន​ឯកឧត្តម​ ឡុង វិសាលោ អញ្ជើញ​ចូល​រួម​ដែរ​ ហើយ​ឯកឧត្តម​ឧប​ (​ហោ ណាំហុង​) ​ក៏​ឆ្លៀត​ឱកាស​ឲ្យ​ ​ឯកឧត្តម ​ឡុង វិសាលោ ​លើ​ករឿង​ហ្នឹង​ក្នុង​កិច្ច​ប្រជុំ​នឹង​លើក​ជា​មួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​ ហើយ​យើង​ក៏បាន​ទទួល​ការ​ឆ្លើយ​តប​ជា​មួយនឹង​ការ​តវ៉ា​ កំណត់​ទូត​តវ៉ា​របស់​ក្រសួង​ការបរទេស​ទាំង​បី​ហ្នឹង​ ​បានជា​ខាង​ក្រសួង​ការបរ​ទេស​រៀបចំ​ធ្វើ​សេចក្តី​ជូន​ព័ត៌មាន​ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​កំណត់​ទូត​ទាំងបី​ហ្នឹង​ក៏ប៉ុន្តែ​ដល់​ពាក់​ព័ន្ធ​ជា​រួម​ជាមួយ​នឹង​កិច្ចប្រជុំ​ហ្នឹង​គឺ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ព្រំដែន»។ ​

កិច្ច​ប្រជុំ​បិទទ្វារ​រវាង​ ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​វៀតណាម​រយៈ​ពេល​បីថ្ងៃ​នាទីស្តី​ការ​គណៈរដ្ឋមន្ត្រីមិន​មាន​បង្ហាញលទ្ធផល​ជា​ដុំកំភួន​ដល់​សាធារណជនទេ ​ដោយ​មេដឹក​នាំក្រុម​ចរចានៃ​ប្រទេស​ទាំង​ពីរ​បាន​ចាកចេញ​ពី​បន្ទប់​ចុះ​ហត្ថលេខា​ដោយ​មិន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌​មាន។​

VOA​ ​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថាធិប្បាយពី​ លោក​ វ៉ា គឹមហុង​ សហ​ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ទេ​នា​ថ្ងៃ​សុក្រ​នេះដោយ​ទូរស័ព្ទ​របស់​លោក​មិន​ដំណើរការ​ព្រោះ​លោក​បាន​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ថៃ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ហោ ណាំហុង។​

បញ្ហាព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កំដៅ​សារ​ជា​ថ្មី​បន្ទាប់​ពី​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នា​ខេត្ត​រតនគិរី​និង​សាងសង់ប៉ុស្តិ៍​យោធា​នៅជាប់​ព្រំដែន​ខេត្ត​កណ្តាល​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១០នាក់​បាន​រង​របួស​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សកម្មជន​ព្រំដែន​ដែល​ដឹកនាំ​ដោយ​អ្នក​តំណាងរាស្រ្តមកពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​ ដែល​សង្ស័យ​ថា​មាន​ភាពមិន​ប្រ​ក្រតី​នោះ​ ​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ព្រំដែន​និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​អាវុធ​អាការ​និង​ដំបង៕

ទស្សនា​ព័ត៌មានអំពី​កិច្ចប្រជុំ​ថ្ងៃទី១៖

Your browser doesn’t support HTML5

គណៈកម្មការ​ព្រំដែន​កម្ពុជា-វៀតណាម​ជួប​ប្រជុំ​នៅ​ភ្នំពេញ

បទសម្ភាសន៍​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ឃើញ​ផ្ទាល់​ការ​ប៉ះទង្គិច​នៅ​ព្រំដែន៖

Your browser doesn’t support HTML5

តំណាងរាស្ត្រ៖ ទំនាស់ព្រំដែនកម្ពុជាវៀតណាមគួរដោះស្រាយនៅតុលាការក្រុងឡាអេ