ជ័យជម្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​បង្ហាញ​ពីការ​បាត់​បង់​ពហុបក្ស

ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ។ (ស៊ុន ណារិន/VOA)

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ទាំងស្រុង​នៅ​ក្នុង​ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា ខណៈគ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បំផុត។

ជ័យជម្នះ​គណបក្ស​ប្រជាជន​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ បង្ហាញ​ជា​ផ្លូវការ​ថា ​គណបក្ស​កាន់​អំណាច​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ម្នាក់​ឯង។​ ជ័យ​ជម្នះ​ទាំងស្រុង​ក្រោយ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​នេះ​កើត​ចេញ​ពី​ការ​គ្មាន​វត្ត មាន​គណបក្ស​ជំទាស់ ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាល​ពី​ខែ វិច្ឆិកា។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ទំនង​ជា​នឹង​ ទទួល​បាន​អាសនៈ​ចំនួន​៥៨​នៅ​ក្នុង​ព្រឹទ្ធ​សភា​សម្រាប់​នីតិកាល​ទី​៤​នេះ។​ ការ​ឈ្នះ​អាសនៈ​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​ផ្លូវ​ ការ​ជា​លើក​ដំបូង​អំពី​ចំណុច​ចាប់​ផ្តើម​នៃ​ការ​កាប់កាប់​អំណាច​តែ​ម្នាក់​ឯង​ផ្តាច់​មុខ​ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ដែល​មាន​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧កន្លង​មក​ នេះ ​ទាំង​ក្នុង​រដ្ឋាភិបាល ​សភា ​និង​ព្រឹទ្ធសភា។​

លោក ​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែ​ង​ប្រាប់ ​VOA​ ថា​ ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ជា​ការ​បោះឆ្នោត​គ្មាន​ន័យ​ ដោយសារ​ការ​បោះឆ្នោត​នេះ​គ្មាន​ការ​ចូល​រួម​ពីគូប្រកួត​ពិត​ប្រាកដ​ ដែល​អាច​នាំឲ្យ​មាន​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ ​លោក​ថា​ កម្ពុជា​នឹង​វិល​ទៅ​រក​របប​កុម្មុយនិស្ត។​

«ក្នុង​ស្ថាន​ភាព​បែប​ហ្នឹង​គឺ​វា​បង្ហាញ​ច្បាស់​ថា​ ប្រទេស​កម្ពុជា​ហ្នឹង​វា​ឈាន​ទៅ​រក​ របប​ឯក​បក្ស​ហើយ​ដែល​ផ្ទុយពី​រដ្ឋ​ធម្មនុញ្ញ​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាន់​របប​ពហុបក្ស‍»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ ទោះ​ជា​មាន​ការ​តែង​តាំង​សមាជិក​ពីរ​រូប​ពី​ព្រះ​មហា​ក្សត្រ​ក្តី​ ​ស្ថាប័ន​ព្រឹទ្ធ​សភា​ក៏​ជា​ស្ថាប័ន​ឯក​បក្ស​ដែរ​ ដោយ​សារ​ថា​ អង្គ បោះ​ឆ្នោត​ជាង​៥០០៧​នាក់​ត្រូវ​ដក​សិទ្ធិ។​

លទ្ធផល​បឋម​របស់​គ.ជ.ប. ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​ គ.ជ.ប. ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី​២៥ ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ​បាន​បង្ហាញ​ពី​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​គ្មាន​គណបក្ស​ណា​មួយ​ក្នុង​ចំណោម​គណបក្ស​បី​ទៀត​អាច​មាន​អាសនៈ​នោះ​ទេ។​

សមាជិក​របស់​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​ព្រឹទ្ធសភានីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA​ Khmer)

ការ​ឈ្នះ​បាន​អាសនៈ​ទាំងអស់ដូច្នេះ​នឹង​ធ្វើ​ឲ្យ​គេ​ជឿ​ថា ​គណបក្ស​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​នេះ​នឹង​ដឹកនាំ​ព្រឹទ្ធ​សភា​ម្នាក់​ឯង ​ដោយ​គ្មាន​សំឡេង​ ជំទាស់​នោះ​ឡើយ។​ យ៉ាងណា​ក៏ដោយ ​លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណ បក្ស​ប្រជាជន​កម្ពុជា​ ទទួល​ស្គាល់​ថា​ គណបក្ស​កាន់​អំណាច​នឹង​មាន​សំឡេង​ លើស​លប់​នៅ​ព្រឹទ្ធសភា ​ហើយ​លោក​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ បឋម​នេះ។​លោក ​គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឈ្មោះ​ខុមហ្រែ្វល​ បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នេះ​ជា​ការ​បោះ​ឆ្នោត ​មិន​ធ្វើ​តាម​គោល​ការណ៍​សេរី​យុត្តិធម៌​ពហុបក្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ជំពូក​ទី​១៥​ទេ។​

«ព្រោះ​ថា​ គោល​ការណ៍​សេរី​ពហុបក្ស​គេ​ត្រូវ​គោរព​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត​ដែល​ មាន​ជាង​៤៣​ភាគ​រយ​ ឬ​៥០០៧​នាក់ ​តែ​អង្គ​បោះ​ឆ្នោត​ទាំងនេះ​ត្រូវ​បាន​ដក​សិទ្ធិ ហើយ​មួយ​ទៀត​សិទ្ធិ​ចូល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ​ជាពិសេស​គណបក្ស​ ប្រឆាំង​ក៏​ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឲ្យ​ប្រកួត​ប្រជែង​ រួម​ជា​មួយ​នឹង​អ្នក​នយោបាយ»។​

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ មាន​ចៅ​សង្កាត់ ​ជំទប់​ជា​ដើម​ មាន​ចំនួន​ដល់​ទៅ​១១៥៧២​ ហើយ​និង​សមាជិក​សភា​ចំនួន​១២៣​គឺ​ជា​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា។​

អង្គ​បោះឆ្នោត​ទាំងអស់​នេះ​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជូន​ដោយ​ពល រដ្ឋ​ កាលពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ​និងការ​បោះឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧។ មាន​អង្គ​បោះឆ្នោត​មួយ​ ចំនួនត្រូវ​បាន​បែងចែក​ដោយ​គ.ជ.ប ក្រោយពី​តុលាការ​កំពូល​ដែល​គេ​គិត​ថា ​គ្រប់គ្រង​ដោយ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​បែងចែក​អាសនៈ​ជូន​ទៅគណបក្ស​ដទៃ​ ​មុន​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា ​និងការ​បោះឆ្នោត​ជាតិ​ខាងមុខ។ ​គេ​គិត​ថា​ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះគឺ​ដើម្បី​ធានា​ជ័យ​ជម្នះ​សម្រាប់​លោក ហ៊ុន សែន និង​បង្ហាញ​ថា​ កម្ពុជា​មាន​របប​សេរី​និយម​ពហុបក្ស​ផង ​ព្រោះ​មាន​ការ​បង្កើត​គណបក្ស​ផ្សេងៗ​ទៀត​ដើម្បីប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ គ្មាន​អំពើ​ហិង្សា ​មាន​របៀប​និង​សណ្តាប់​ធ្នាប់​ល្អ។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ពីររូប​កំពុងស្វែង​រក​ឈ្មោះ​របស់​ខ្លួន ​មុន​នឹង​ចូល​ទៅ​បោះ​ឆ្នោត​ព្រឹទ្ធសភា ​កាលពីថ្ងៃទី២៥​ ខែកុម្ភៈ ​ឆ្នាំ២០១៨​ នៅ​មណ្ឌល​បោះឆ្នោត​មួយ​ ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ ​រាជធានី​ភ្នំពេញ។​ (អូន ឆេងប៉រ/VOA)

នៅពេល​ទទួល​បានជ័យ​ជម្នះ​នេះ​ ប្រធាន​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជានឹង​នៅតែ​រក្សា​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ ពេល​អវត្តមាន​ព្រះ​មហាក្សត្រ​ ហើយ​អាច​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​តែងតាំង ​និង​ដក​ហូត​តំណែង​មន្ត្រី​រដ្ឋាភិបាល​នានា​ ​បង្កើន​សំឡេង​ចំនួន​បី​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​រាជសម្បត្តិ​ចំនួន​៩​ក្នុង​ការ​ជ្រើស​រើស​ព្រះ​មហា​ក្សត្រ ​ហើយ​និង​បុព្វសិទ្ធិ​សំខាន់ៗ​ផ្សេង​ទៀត​រាប់​ទាំង​ក្នុង​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

ស្ថាប័ន​ព្រឹទ្ធ​សភា​មាន​តួនាទី​ជាច្រើន​រាប់​ទាំង​ពិនិត្យ​ឲ្យ​យោបល់​លើ​អត្ថបទ​ច្បាប់​ ដែល​អនុម័ត​ដោយ​រដ្ឋសភា ​និង​ផ្តួចផ្តើម​ធ្វើ​សេចក្តីស្នើច្បាប់ ​ត្រួតពិនិត្យ​ការ​ អនុវត្ត​ច្បាប់ ​និង​ផែនការ ​ហើយ​និង​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ កោះ​ហៅ​ មន្ត្រី​រដ្ឋាភិបាល​មក​បំភ្លឺ​ជាដើម។​

លោក ​គល់ បញ្ញា​ បាន​បន្ថែម​សេចក្តីថា​ ប្រទេស​កម្ពុជា​មាន​កាតព្វកិច្ច​គោរព​តាម គោល​ការណ៍​ប្រជាធិបតេយ្យ ​សេរីនិយម ​ពហុបក្ស​ដូច​បាន​ព្រមព្រៀង​ជាមួយ​ អន្តរ​ជាតិ។

«ជាទូទៅ​សហគមន៍​អន្តរជាតិ​ រាល់​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ប្រទេស​កម្ពុជា​នេះ​ គេ​តែង​តែ​មាន​លក្ខខណ្ឌ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​កម្ពុជា​យើង​គោរព​តាំងពី​ ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មក​ហ្នឹង​ គឺ​លក្ខខណ្ឌ​នៃ​ការ​ជួយ​កសាង​ ប្រទេស​កម្ពុជា​ហ្នឹង​គឺ​គេ​ភ្ជាប់​ជា​មួយ​សិទ្ធិ​មនុស្ស ​ហើយ​និង​គោលការណ៍​ប្រជាធិបតេយ្យ ​ព្រោះ​គេ​រក​ឃើញថា​ គោល​ការណ៍​សិទ្ធិ​មនុស្ស​ គោល​ការណ៍​ប្រជាធិបតេយ្យ​នេះ​ហើយ​ សេរី​ពហុបក្ស​នេះ​ហើយ ដែល​ជួយ​ឲ្យ​ប្រទេស​យើង​មាន​ ស្ថិរភាព ​មិន​មាន​ជម្លោះ​នយោបាយ ​ហើយ​មាន​ការ​វិវត្ត​ទៅតាម​ផ្លូវ​ត្រូវ​មួយ​ដែល​ អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ហ្នឹង​បាន​ត្រឹមត្រូវ‍»។​

ទោះជា​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​បាន​ចាប់ផ្តើម​ឃោសនា​តាំង​ពី​ថ្ងៃ​ទី ១០​ ខែ ​កុម្ភៈ ​ដល់​ថ្ងៃទី ២៣​ ខែ កុម្ភៈ ​នោះ ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ចាប់​អារម្មណ៍​ពីអន្តរជាតិ​ប៉ុន្មាន​មែន​ តែ​សហគមន៍​អន្តរជាតិ ​ដែល​មាន​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ជាដើម បាន​គំរាម​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​នៅខែ​ កក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ទេ ហើយ​ប្រកាស​ដាក់​ទណ្ឌកម្មនានា​ថែម​ទៀត ​បើ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់ មិន​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើង​វិញ ​មិន​អនុញ្ញាត​ឲ្យ​មេ​ដឹកនាំ​ក្រុម​ជំទាស់​រួច​ពី​ការ​ឃុំឃាំង មិន​បញ្ចប់​ការ​និរទេស​ខ្លួន​មេ​ដឹក​នាំ​ក្រុម​ជំទាស់​ដែល​រងការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ និង​មិន​បញ្ឈប់​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សារ​ព័ត៌មាន​ឯករាជ្យ​ជា​ដើម​ទេ​នោះ៕