ជន​រងគ្រោះ​ដោយ​ការបង្រ្កាប​របស់​ប៉ូលិស​ទាមទារ​យុត្តិធម៌

លោក ម៉ៅ​ សុខច័ន្ទ ​អាយុ​២៩ឆ្នាំ ​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល​ពី​ចម្ងាយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ពេលផ្ទុះ​អំពើ​ហិង្សា​មួយ​រវាង​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ចំណុច​ស្ពាន​ច្បារ​អំពៅ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។ ​​

ភ្នំពេញ៖ ជន​រងគ្រោះនិង​គ្រួសារ​ជន​រងគ្រោះ​មួយ​ចំនួន​ដោយការ​បង្រ្កាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ចនៅចំណុច​គល់​ស្ពាន​ច្បារ​អំពៅ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​មុន ​កំពុង​រៀបចំពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​វែក​មុខ​ជនដៃ​ដល់​និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ពួកគេ។​

កំពុង​អង្គុយ​ខាង​មុខ​រូបថត​របស់​ប្តី​អ្នកស្រី​អម​ដោយ​ធូប​និង​ទានក្នុង​ផ្ទះចាស់​តូច​មួយខ្នង​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ អ្នកស្រី ជាវ សុខវី ​ប្រពន្ធ​លោក ម៉ៅ សុខច័ន្ទ ​ថ្លែង​ថា​ការ​ស្លាប់​របស់​ស្វាមី​អ្នក​ស្រី​ជា​រឿង​ដ៏​អយុត្តិធម៌​មួយ ​ហើយ​អ្នកស្រី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រួច​ហើយ។

«ខ្ញុំ​ចង់​ឱ្យ​អង្គការនិង​ស្ថាប័ន​ទាំង​អស់​ជួយ​រក​យុត្តិ​ធម៌​ឱ្យ​ប្តី​ខ្ញុំ។ សូម​ជួយ​រក​យុត្តិធម៌​ដល់​ប្តី​ខ្ញុំ ​គាត់​ជា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​មិន​ដឹង​ហេតុ​ផល។ ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​រួច​ហើយ ​តាម​ព្រះ​រាជ​អាជ្ញា។ ថ្ងៃ​ហ្នឹង​គេ​កោះ​ហៅ​ខ្ញុំ​ដែរ ​តែ​ខ្ញុំ​រវល់​ពេក​ខ្ញុំ​ក៏​សូម​ពន្យា​ពេល​ទៅ​ថ្ងៃ​ស្អែក»។

លោក ម៉ៅ​ សុខច័ន្ទ​អាយុ​២៩ឆ្នាំ​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល​ពី​ចម្ងាយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ពេលផ្ទុះ​អំពើ​ហិង្សា​មួយ​រវាង​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ចំណុច​ស្ពាន​ច្បារ​អំពៅ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ការ​ស្លាប់​របស់​ស្វាមី​អ្នកស្រី ​ធ្វើ​ឱ្យ​អ្នកស្រី ​ជាវ សុខវី​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​បួន​នាក់​ ក្នុង​ជីវភាព​តោក​យ៉ាក​តែ​ម្នាក់​ឯង។

អំពើ​ហិង្សា​រវាង​ប្រជា​ពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ចបាន​ផ្ទុះ​ឡើង​ក្រោយ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​រុះរើ​បន្លា​លួស​ដែល​ដាក់​បង្ខាំង​ផ្លូវ​ដើម្បី​ដោះស្រាយ​ការស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង​នៅ​ទី​នោះ នៅ​ចំ​ថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​របស់​ខ្លួន​នៅ​សួន​ប្រជាធិបតេយ្យ។

ក្រៅ​ពី​ការ​ស្លាប់​របស់​លោកម៉ៅ សុខច័ន្ទ ​អំពើ​ហិង្សា​នេះ​បាន​បណ្តាល​ឱ្យ​មនុស្សយ៉ាង​តិច​ណាស់​១០​នាក់រង​របួស​ និង​នាំ​ឱ្យ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​៦​នាក់​ផ្សេង​ទៀត។

ជន​រងគ្រោះ​ដទៃ​ទៀត​ក៏​កំពុង​ទន្ទឹង​រង់​ចាំ​យុត្តិ​ធម៌​សម្រាប់​ពួកគេ​ដូច​គ្នា​ដែរ។

កំពុង​សម្រាក​លើ​គ្រែនៅ​មន្ទីរពេទ្យ​កាលម៉ែត្រ ​លោក អ៊ុំ សុខឃាង ​អាយុ​២៧​ឆ្នាំ​ជា​កម្មករ​លី​អង្ករ​ម្នាក់ ថ្លែង​ថា​គាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាញ់​ឱ្យ​របួស​ជើង​ម្ខាង ​បន្ទាប់​លោក​ចូល​ទៅ​ ​ជួយ​លើក​អ្នក​រងរបួស​ផ្សេង​ទៀត។

លោក អ៊ុំ សុខឃាង ​បាន​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​រះ​របស់​អាជ្ញាធរមក​លើ​ប្រជាពលរដ្ឋ​ថា​ជា​អំពើ​ព្រៃផ្សៃ ​ហើយ​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ដើម្បីស្វែងរក​ជនដៃ​ដល់​យក​មក​ផ្តន្ទាទោស។

«ខ្ញុំ​មាន​អារម្មណ៍​ថា​អយុត្តិធម៌​ណាស់​ព្រោះ​សមត្ថកិច្ច​ប្រើ​កាំភ្លើង​បាញ់​មនុស្ស​ដូច​បាញ់​សត្វ ​ហើយបាញ់​នេះ​មិន​បាញ់​បន្លាច​ទេ ​ប៉ុន្តែ​បាញ់​សំដៅ​ឱ្យ​ស្លាប់​តែ​ម្តង។ ខ្ញុំ​បាន​ពឹង​អង្គការ​សិទ្ធិ​មនុស្ស​ឱ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ ​ព្រោះ​ពួក​ខ្ញុំ​មិន​ដឹង​អ្វី​សោះ ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ប្រើ​កាំភ្លើង​បាញ់​ពួក​ខ្ញុំ។ ខ្ញុំ​ចង់​រកមុខ​ជន​ដៃ​ដល់​ដែល​បាញ់​ពួក​ខ្ញុំ»។

ជនរងគ្រោះ​ម្នាក់​ទៀត​ដែល​នៅ​បន្ទប់​អ្នក​ជំងឺ​ជាមួយ​គ្នា ​លោក សុខ វណ្ណៈ ​អាយុ២១​ឆ្នាំ ដែល​ត្រូវបានគេ​បាញ់ចំ​ថ្ពាល់​ខាង​ឆ្វេង​ក៏​មាន​បំណងដាក់​ពាក្យ​បណ្តឹងដែរ។

«ពេល​នោះ​ខ្ញុំ​ដើរ​រក​ប្អូន ពេល​ឃើញ​គេ​រត់ ក៏​រត់​ផ្អើល​តាម​គេ​ទៅ។ គេ​បាញ់​មក​ត្រូវ​ខ្ញុំ។ ខ្ញុំ​ចង់​ឱ្យ​អ្នក​បាញ់​ខ្ញុំ​ហ្នឹង​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​ប្តឹង​ទៅ​មិន​ដឹង​ទៅ​រក​មុខ​អ្នក​ណា មិន​ដឹង​ទៅ​ប្តឹង​អ្នក​ណា»។

ចំណែក​ឯ លោក ​លាង រតនា ​ជា​កម្មករ​សំណង់​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់​២​គ្រាប់​ចំ​កញ្ចឹង​ក​និង​ស្មា​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​និយាយ​មិន​រួច។ ប្រពន្ធ​របស់​លោក អ្នកស្រី​ ជីន ចន្ធី ​ក៏​ចង់​បាន​យុត្តិធម៌​ឱ្យ​ប្តី​របស់​អ្នកស្រី​ដែរ ​ប៉ុន្តែ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការដាក់​ពាក្យ​បណ្តឹង។​

«អត់​មាន​បាញ់​បង្អើល​ទេ គឺ​បាញ់​រះ​យក​តែ​ម្តង។ រឿង​យុត្តិធម៌​ខ្ញុំ​ចង់​រក​ឱ្យប្តី​ខ្ញុំ​ដែរ តែ​មិន​ដឹងអ្នក​ណា​ជា​អ្នក​បាញ់»។

យ៉ាង​ណា​ក៏​ដោយ ​ថ្លៃសម្រាក​ព្យាបាល​របស់​ជនរងគ្រោះ​ទាំង​នោះ​មិនត្រូវ​មន្ទីរពេទ្យ​បង្គាប់​ឱ្យ​បង់​ទេ។

លោក ខេង ទីតូ ​អ្នក​នាំ​ពាក្យ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​បដិសេដ​ចំពោះ​ការ​ប្រើ​អាវុធ​របស់​សមត្ថកិច្ច​ក្នុង​ការ​ប៉ះ​ទង្គិច​នេះ។

«ជាទូទៅ​ យើង​អត់​មាន​បញ្ជា​ឱ្យ​បង្ក្រាប​ទេ ​តែ​យើងមាន​បទ​បញ្ជា​ឱ្យ​ទប់ទល់​និង​ការ​ពារ​សន្តិ​សុខ​នៅ​កន្លែង​កើត​ហេតុ​នោះ។ អញ្ចឹង​ហើយ​បាន​ជា​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កង​អាវុធ​ហត្ថ​បាន​ទៅ​បាញ់​រះ​ គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង​ទេ ​ពីព្រោះកង​អាវុធហត្ថ​គ្មាន​អ្នក​ណា​មាន​អាវុធ​ទេ គឺ​មាន​តែ​ដំបង​និង​ខែល ​ព្រោះ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​គ្មាន​អាវុធ​ឯណា។ អញ្ចឹង​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់»។

ដោយ​ឡែក ​ចំពោះជន​ជាប់​ចោទ​៦​នាក់​ផ្សេង​ទៀត​រួម​ទាំង​ជនជាតិ​វៀតណាម​ម្នាក់​ផង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ​ពី​បទ​ប្រើ​អំពើ​ហិង្សានិង​ធ្វើ​ឱ្យ​ខូច​ខាត​សម្បត្តិ​សាធារណៈ​ដោយ​ចេតនា។ ប្រសិន​បើ​រកឃើញ​ពិរុទ្ធភាព ​ពួកគេ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ ​និង​ពិន័យ​ប្រាក់​ពី​៤​លាន​ទៅ​១០​លាន​រៀល។

គេ​សង្កេត​ឃើញ​ថា​រាល់ការបង្រ្កាប​ដោយ​ហិង្សា​ពី​សំណាក់អាជ្ញាធរ​នា​ពេល​កន្លង​មក ​ជន​ដៃ​ដល់​កម្រ​នឹង​ត្រូវ​បាន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ណាស់។

តួ​យ៉ាង ក្នុង​ករណី​ចុះ​បង្ក្រាប​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា​ខេត្ត​ក្រចេះ​ក្នុងឆ្នាំ​២០១២ ​កង​កម្លាំង​សមត្ថកិច្ចបាន​បាញ់​កុមារី​ម្នាក់​ឈ្មោះ​ហេង ចន្ថា​ អាយុ​១៤​ឆ្នាំ ​ចំភ្លៅ​និងពោះ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ។ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​នោះ​ទេ ​ដោយ​អាជ្ញាធរពន្យល់​ថា​នេះ​ជា​ឧបទ្ទវហេតុ​មួយ​ប៉ុណ្ណោះ ​ហើយ​គ្រួសារ​ជន​រងគ្រោះ​បាន​សម្រេ​ច​បញ្ចប់​រឿង​ក្តី ​ដោយសំណង​ប្រហែល​២​ពាន់​ដុល្លារ​និង​ការ​ឧបត្ថម្ភសម្ភារៈ​ប្រើប្រាស់​មួយ​ចំនួនពី​អាជ្ញាធរ​មូលដ្ឋាន។ នេះ​បើ​តាម​លោក ចាន់ សុវ៉េត ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក។

ស្រដៀង​គ្នា​នេះ​ដែរ ​លោក ​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​ដែល​បាន​បាញ់​កម្មការិនី​បី​នាក់​ឱ្យ​រង​របួស​ខណៈ​ពេល​លោក​ចុះ​ទៅ​បង្ក្រាប​បាតុកម្ម​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ ត្រូវ​បាន​តុលាការ​សម្រេចផ្តន្ទាទោស​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ចាប់​ដាក់​ពន្ធនាគារ​បាន។

លោក អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​យល់​ថា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​របស់​ខ្លួន​កំពុងក្លាយ​ជា​ជំងឺ​នៃវប្បធម៌​និទណ្ឌភាព​មួយ​នៅ​កម្ពុជា​ដែល​ត្រូវ​ការ​ព្យាបាល។

«យើង​ឃើញ​ថា​ពេល​មាន​ការ​បង្ក្រាប​កើត​ឡើង ហើយ​មាន​អ្នក​របួស​និង​អ្នក​ស្លាប់ រដ្ឋាភិបាល​ថា​វា​ជា​ឧបទ្ទវហេតុ​ដែល​កើត​ឡើង។ ដូច្នេះ​ពាក្យ​ថា​ឧបទ្ទវហេតុ​ហ្នឹង​ជា​ការ​ដោះស្រាយ​បញ្ចប់​រឿង។ ការ​ដោះស្រាយ​របៀប​នេះ​ហើយ ទើប​មាន​វប្បធម៌​មួយ​បន្ត​រហូត​មក គឺ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង​គាត់​អត់​ញញើត​ទេ ​ព្រោះ​ប្រព្រឹត្ត​ហើយ​ពុំ​មាន​ទោស​ពៃរ៍។ ដូច្នេះ​ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​បែប​ហ្នឹង​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ដិត​ដល់​រកជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់»។

យ៉ាង​ណា​ក៏​ដោយ លោក ខេង ទីតូ ​អ្នក​នាំ​ពាក្យ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​អះអាង​ថា​សមត្ថកិច្ច​ចម្រុះ​រួម​មាន​នគរបាល​ជាតិ ​ក្រសួង​មហាផ្ទៃ​ និង​អគ្គ​ស្នងការ​នគរបាល​ជាតិ​កំពុង​ធ្វើការស៊ើប​អង្កេត​រួម​គ្នា​មួយ​ ដើម្បី​វែក​មុខ​រក​ជន​ដៃ​ដល់ក្នុង​អំពើ​ហិង្សា​បាញ់​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់៕