ពលរដ្ឋដែលអះអាងថា ជាអ្នករងគ្រោះចាញ់បោកក្នុងការវិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ដែលគ្រប់គ្រងដោយអ្នកស្រី ឡេង ចាន់ណា បានទាមទារឱ្យក្រុមហ៊ុនទូទាត់លុយសងពួកគេវិញ។ ការទាមទារនេះ ខណៈសមត្ថកិច្ចបានចាប់ខ្លួនប្រធានក្រុមហ៊ុន និងបក្ខពួក រួចបញ្ជូនមកតុលាការខេត្តសៀមរាប កាលពីថ្ងៃអង្គារ និងត្រូវចោទប្រកាន់ពីបទឆបោក។
ពួកគេ ត្រូវបានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធបទល្មើស«ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់»។
ប្រជាពលរដ្ឋដែលអះអាងថាជាអ្នករងគ្រោះ ប្រាប់វីអូអេថាពួកគេបានដាក់លុយជាមួយក្រុមហ៊ុនមួយនេះ ដើម្បីទទួលបានការប្រាក់ខ្ពស់ដែលក្រុមហ៊ុនធានាថាឱ្យ ៣% ទៅ ៥% ក្នុងមួយខែ។ ពួកគេថា ពលរដ្ឋជាង ១២ ម៉ឺននាក់ បានដាក់លុយជាមួយក្រុមហ៊ុនមួយនេះ ហើយនៅពេលនេះ ពលរដ្ឋជាង ១.៧០០ នាក់ បានទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់ឱ្យពួកគេវិញ ដោយសារពួកគេថា ប្រឈមបញ្ហាសេដ្ឋកិច្ច មិនមានលុយបង់សងធនាគារ ដែលពួកគេបានខ្ចីយកមករកស៊ីជាមួយក្រុមហ៊ុនមួយនេះ។
អ្នកស្រី រ៉េត សុធីតា អាយុ ៣២ ឆ្នាំ រស់នៅស្រុកវ៉ារិន ខេត្តសៀមរាប អះអាងថា អ្នកស្រីបានដាក់លុយចំនួន ១៨.០០០ ដុល្លារអាមេរិក ជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ តាំងពីខែឧសភា ឆ្នាំ ២០២៣។
អ្នកស្រីប្រាប់វីអូអេថា មូលហេតុដែលពលរដ្ឋជាង ១.៧០០ នាក់ ក្នុងចំណោម ១២ ម៉ឺននាក់ប្តឹងម្ចាស់ក្រុមហ៊ុន និងបក្ខពួកនេះ គឺដោយសារតែពលរដ្ឋលែងមានជំនឿចិត្តលើក្រុមហ៊ុន ដោយសារក្រុមហ៊ុនមិនគោរពតាមការសន្យារបស់ខ្លួនជាច្រើនលើកច្រើនសា និងមិនផ្តល់ការប្រាក់ ដែលក្រុមហ៊ុនសន្យាឱ្យពួកគេ អស់រយៈពេលជាង១ឆ្នាំមកហើយ។
អ្នកស្រីបញ្ជាក់ថា មូលហេតុដែលអ្នកស្រីសម្រេចដាក់លុយជាមួយក្រុមហ៊ុននេះ ដោយសារតែអ្នកស្រី ជឿជាក់លើអ្នកស្គាល់គ្នា ដែលបានធ្វើការនៅទីនោះ ទើបអ្នកស្រីហ៊ានដាក់លុយជាមួយក្រុមហ៊ុនមួយនេះ ក្នុងការទទួលបានការប្រាក់ ៥% ក្នុងមួយខែ។ ប៉ុន្តែអ្នកស្រីថា តាំងពីដាក់លុយជាមួយក្រុមហ៊ុនមក អ្នកស្រីធ្លាប់ទទួលបានការប្រាក់ពេញតែមួយខែប៉ុណ្ណោះ បន្ទាប់មកក្រុមហ៊ុនខកខានមិនបានផ្តល់ការប្រាក់ឱ្យអ្នកស្រីតាមការសន្យានោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «អ្នកខ្លះ គេរឹបអូសផ្ទះសម្បែង ឡាន ដីស្រែ ដីចម្ការ ត្រូវលក់សងគេ។ ពេលអ៊ីចឹងទៅ មិនធ្វើការតវ៉ាម៉េច បើក្រុមហ៊ុនអត់ដែលមានដំណោះស្រាយឱ្យពួកយើងសមស្របផង។ មិនមែនមិនថា មិនទុកឱកាសឱ្យក្រុមហ៊ុនឯណា ប៉ុន្តែមកពីក្រុមហ៊ុនកុហករហូត គេចវេះ អត់មានទំនួលខុសត្រូវ»។
បើតាមអ្នកស្រី រ៉េត សុធីតា ពលរដ្ឋមួយចំនួនទៀត ដែលបានដាក់លុយជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធី ក៏កំពុងរៀបចំឯកសាររបស់ពួកគេ ដើម្បីដាក់ប្តឹងទៅតុលាការជាបន្តបន្ទាប់ផងដែរ។
អ្នកស្រីថា បើគិតទឹកប្រាក់ដែលពលរដ្ឋប្រមាណ ១២ ម៉ឺននាក់ ដាក់រកស៊ីជាមួយក្រុមហ៊ុនប្រ៊ីលាននេះមានទំហំប្រមាណជាង ២០០ លានដុល្លារអាមេរិក។ ដោយឡែកបើគិតតែទឹកប្រាក់ដែលពលរដ្ឋជាង ១.៧០០ នាក់ ទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់ដើមសងវិញ គឺមានចំនួនជាង ២ ០លានដុល្លារអាមេរិក។
ចំណែកជនរងគ្រោះម្នាក់ទៀតដែលជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ អាយុ៣២ឆ្នាំមានស្រុកកំណើតនៅស្រុកបូរីជលសារ ខេត្តតាកែវ ប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះដោយខ្លាចប៉ះពាល់ ថា លោកបានដាក់លុយជាមួយក្រុមហ៊ុនចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដែលជាលុយសន្សំ និងខ្ចីពីធនាគារមួយចំនួន។ លោកបន្ថែមថា បើគិតក្រុមរបស់លោកដែលមានគ្នាជាង ៤០ នាក់ គឺបានដាក់លុយជាមួយក្រុមហ៊ុនមួយនេះ សរុបជាង៦០ម៉ឺនដុល្លារអាមេរិក។
លោកថា លោកបានដាក់លុយជាមួយក្រុមហ៊ុននេះ ចាប់តាំងពីដើមឆ្នាំ ២០២៣ និងធ្លាប់ទទួលបានការប្រាក់មួយចំនួន។ ប៉ុន្តែកន្លះឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន លែងផ្តល់ការប្រាក់ឱ្យលោកតែម្តង។
លោកបញ្ជាក់មូលហេតុដែលដាក់លុយជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីយ៉ាងដូច្នេះថា៖ «ដើមឡើយ មានមនុស្សស្គាល់គ្នា ស្គាល់មិត្តភក្តិក្នុងស្រុកភូមិ អ៊ីចឹងទៅ អាចនិយាយបានថា កូនដៃ ឬកូនកញ្ចែងរបស់ក្រុមហ៊ុន។ គេប្រើយុទ្ធសាស្ត្រលួងលោមឱ្យយើងមានការជឿជាក់ និងមានទំនុកចិត្ត ហើយមួយទៀតអាចនិយាយបានថាគេប្រើយុទ្ធសាស្ត្រ គេអូសទាញយើង ដោយប្រើសម្ភារៈនិយម ភាពហ៊ឺហារបស់គេ ហើយគេមកបង្អួតយើង គេសម្ងែង ធ្វើឱ្យយើងជឿជាក់ថាគេដើរនៅក្នុងក្រុមហ៊ុននេះពិតជាទទួលបានភាពជោគជ័យ ហើយទទួលបានលទ្ធផលពិតៗ»។
ជនរងគ្រោះម្នាក់នេះ គិតថា ការយកលុយធនាគារមកដាក់នៅក្រុមហ៊ុនប្រ៊ីលានស៊ីធី គឺដើម្បីចំណេញប្រាក់មួយចំនួន។
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សមត្ថកិច្ចបានចាប់ខ្លួននិងបញ្ជូនខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ដែលគ្រប់គ្រងបុរីឈ្មោះប្រ៊ីលានស៊ីធី នៅក្រុងសៀមរាប និងបក្ខពួក ២ នាក់ទៅតុលាការ កាលពីថ្ងៃអង្គារ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ។
អ្នកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ប្រាប់វីអូអេកាលពីរសៀលថ្ងៃពុធថា អយ្យការកំពុងសាកសួរ អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកទៅតាមនីតិវិធី។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តសៀមរាប ចេញផ្សាយនាល្ងាចថ្ងៃពុធនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន លោក ចាន់ ឃឺន អគ្គនាយករង លោក ផុន សាមាន មានតួនាទីជាអគ្គនាយករងដែរ និងបក្ខពួកផ្សេងទៀត ចំនួន ៣ បទចោទ រួមមានឆបោកមានស្ថានទម្ងន់ទោស ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ និងបទសម្អាតប្រាក់។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី បានចេញសេចក្តីជូនដំណឹងមួយថា៖ «ដោយស្ថានភាពវិបត្តិសេដ្ឋកិច្ចជាសកលនៅតែបន្ត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការរកស៊ីរួមគ្នារបស់បុគ្គលិកទាំង ២៥ រូប និងក្រុមហ៊ុនមិនអាចដំណើរការអាជីវកម្មបន្តទៅមុខទៀតបាន ដែលជាហេតុធ្វើឱ្យមានការលំបាក និងមានការយឺតយ៉ាវខ្លាំងក្នុងការទូទាត់ប្រាក់ដើមទៅអតិថិជនវិញ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺប្រឈមនឹងការបាត់បង់ប្រាក់ដើមរបស់អតិថិជន»។
ក្រុមហ៊ុនអះអាងបន្ថែមថា៖ «ក្រុមហ៊ុននឹងយកដីដែលក្រុមហ៊ុនមាន យកមកបញ្ចប់ក្នុងការទូទាត់បំណុលដែលអតិថិជនចងការប្រាក់ ដោយការកាត់ប្រាក់ដើម និងការប្រាក់ជាមួយដីដែលក្រុមហ៊ុនមានស្រាប់»។
ប៉ុន្តែពលរដ្ឋបញ្ជាក់ប្រាប់វីអូអេថា ក្រុមហ៊ុនមិនបានធ្វើតាមសេចក្តីជូនដំណឹងនោះទេ។
ខណៈមានការចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា ដែលមានងារឧកញ៉ាដែរ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃពុធនេះ ដោយស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានផ្សព្វផ្សាយ ដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងពុំគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ៕