អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ស្នើឲ្យសមត្ថកិច្ចកម្ពុជា បើកការស៊ើបអង្កេតឲ្យបានច្បាស់ លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឲ្យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បាត់បង់ជីវិត។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវរងរបួសជាទម្ងន់ក្នុងគ្រោះថ្នាក់បុករថយន្តនាថ្ងៃអាទិត្យនេះ នៅខេត្តព្រះសីហនុ ក្រោយពីរថយន្តតាក់ស៊ីមួយគ្រឿង បានបុកចូលក្បួនរថយន្តរបស់ព្រះអង្គ។ អ្នកម្នាង អ៊ុក ផល្លា ដែលមានអាយុ៣៩ឆ្នាំ និងជាអតីតអ្នករាំរបាំបុរាណបានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យក្រុងព្រះសីហនុ។
ថ្លែងក្នុងពិធីបុណ្យសពរបស់អ្នកម្នាង អ៊ុក ផល្លា នៅឯវត្តបទុមវតី នាព្រឹកថ្ងៃច័ន្ទនេះ លោក យូ ហុកគ្រី ប្រាប់អ្នកសារព័ត៌មានថា ចាប់តាំងពីឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងផ្ទួនៗចំនួនបីលើកមកហើយលើសម្តេចក្រុមព្រះ និងអ្នកម្នាង។ លោកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីរថយន្តបើកទិសផ្ទុយគ្នា និងបុកក្បួនរថយន្តព្រះអង្គបែបនេះ គឺជាចំណុចដែលគួរឲ្យសង្ស័យ។
លោកបញ្ជាក់ថា៖
«យើងទុកឲ្យអង្គការមានសមត្ថកិច្ចគេចាត់ការ ពីព្រោះអ្នកបើកបរក៏ត្រូវបានចាប់យកទៅឃុំឃាំងដែរ។ នៅពេទ្យមែន ប៉ុន្តែពេទ្យក្នុងការឃ្លាំមើលដោយប្រុងប្រយ័ត្នពីនគរបាល។ អីចឹងយើងទុកឲ្យគេស៊ើបអង្កេតទៅ តើវាប៉ះពាល់យ៉ាងម៉េច? ម៉េចបានទៅជាមានរឿងគ្រោះថ្នាក់យ៉ាងនេះ ដែលកើតឡើង? ចំពោះគណបក្ស ដោយហេតុថា យើងមិនបានចូលរួមស៊ើបអង្កេតជាមួយ យើងគ្រាន់តែមានការឆ្ងល់ទេ ថាហេតុអីក៏ឧបទ្ទវហេតុរបៀបនេះកើតឡើងចំពោះក្បួនសម្តេចក្រុមព្រះដល់ទៅបីដង»។
លោក យូ ហុកគ្រី បន្ថែមថា ស្ថានភាពរបួសរបស់សម្តេចក្រុមព្រះប៉ះពាល់ដល់ឆ្អឹងធ្ងន់ធ្ងរ ហើយថា ព្រះអង្គត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ កាលពីម៉ោងជាង១២អធ្រាត្រ ឈានចូលថ្ងៃច័ន្ទ បន្ទាប់ពីទទួលការសង្គ្រោះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ លោកបន្ថែមថា សពរបស់អ្នកម្នាង អ៊ុក ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីបូជា ខណៈសម្តេចក្រុមព្រះមិនទាន់បានជ្រាបពីមរណភាពរបស់អ្នកម្នាងនៅឡើយ។
លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់ VOA នៅព្រឹកថ្ងៃច័ន្ទនេះថា អ្នកបើកបររថយន្តតាក់ស៊ី ដែលបើកចូលក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវបញ្ជូនទៅតុលាការនារសៀលថ្ងៃច័ន្ទនេះ ដើម្បីចោទប្រកាន់តាមនីតិវិធី។ លោកបន្ថែមថា ការសម្រេចចោទប្រកាន់ ឬស៊ើបអង្កេតបែបណាបន្ថែម គឺត្រូវសម្រេចលើតុលាការ។
លោកបញ្ជាក់ថា៖
«យើងដឹងថា អ្នកបង្កខាងតាក់ស៊ីគាត់ខុស។ ឃាត់ខ្លួនគាត់។ យើងបញ្ជូនទៅតុលាការល្ងាចនេះហើយ។ យើងមិនអាចចោទបានទេ ទុកឲ្យខាងតុលាការ និងព្រះរាជអាជ្ញាចោទទៅតាមអង្គហេតុ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក គាង ស៊ុនថារ៉ូ ព្រះរាជអាជ្ញារងប្រចាំការនៃសាលាដំបូងខេត្តព្រះសីហនុបានទេ រហូតមកដល់ល្ងាចថ្ងៃច័ន្ទនេះ។
សេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្បួនរថយន្តសម្តេចក្រុមព្រះបានធ្វើដំណើរពីខេត្តកំពត ទៅខេត្តព្រះសីហនុ ដោយសម្តេចក្រុមព្រះស្ថិតក្នុងរថយន្ត BMW ពណ៌ស ហើយរថយន្តតាក់ស៊ីបង្កហេតុម៉ាក Highlander ពណ៌ស ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ។ គ្រោះថ្នាក់នោះបណ្តាលឲ្យមនុស្សក្នុងរថយន្តតាក់ស៊ីបង្កហេតុចំនួន២នាក់រងរបួសធ្ងន់ និង៧នាក់រងរបួសស្រាល៕