អនុ​ប្រធានាធិបតី​អាមេរិក​ប្រឈម​នឹង​មន្ទិល​និង​ភាពមិន​ច្បាស់លាស់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដើរជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ីលោក Budi Gunadi Sadikin នៅពេលលោកស្រីទៅដល់​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Soekarno-Hatta នៅជាយក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

អនុ​ប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹង​ពង្រឹង​ទំនាក់ទំនង​របស់​លោកស្រី​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សប្តាហ៍​នេះ​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ជាទី​ដែល​លោកស្រី​នឹង​ព្យាយាម​លុប​មន្ទិល​នានា​អំពីការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​នោះ ដោយ​សារ​តែ​អវត្តមាន​របស់​ប្រធានាធិបតី​លោក Joe Biden។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​លោកស្រី Harris ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ និង​លើក​ទី៤​ទៅ​កាន់​តំបន់​អាស៊ី​ទាំងមូល ហើយ​លោក​ស្រី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នានា​ក្នុង​ទ្វីប​អាស៊ី​ច្រើន​ជាង​ទៅ​ទ្វីប​ផ្សេងៗ​ទៀត។​ ទស្សនកិច្ច​ម្តង​ហើយ​ម្តង​ទៀត រួម​ទាំង​កិច្ចប្រជុំ​នានា​ដែល​លោក​ស្រី​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង បាន​ធ្វើ​ឱ្យ​លោកស្រី​ ក្លាយ​ជា​អ្នក​ភ្ជាប់​ទំនាក់ទំនង​ដ៏​សំខាន់​សម្រាប់​រដ្ឋបាល​អាមេរិក​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ខណៈ​អាមេរិក​ព្យាយាម​ជំរុញ​បណ្តាញ​ភាព​ជា​ដៃគូ​ដើម្បី​តតាំង​ឥទ្ធិពល​ចិន។

ដំណើរ​លើក​ចុងក្រោយ​បង្អស់​នេះ គឺ​ជា​ឱកាស​មួយទៀត​សម្រាប់​លោកស្រី​ Harris ​ដើម្បី​បង្ហាញ សមត្ថភាព​ខាង​គោលនយោបាយ​ការបរទេស​របស់​លោកស្រី​ ពេល​លោកស្រី​ កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។​ លោកស្រី​កំពុង​រង​ការ​វាយប្រហារ​ជា​ពាក្យ​សម្តី​ពី​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​និយាយ​ថា លោកស្រី​មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ​ដើម្បី​ឡើង​ជំនួស​លោក Biden ​ដែល​ជា​ប្រធានាធិបតី​អាមេរិក​ចំណាស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ បើ​លោក​មិន​អាច​បញ្ចប់​អាណត្តិ​ទី​២ បាន​ទេ​នោះ។

អ្នក​នាំពាក្យ​ខាង​សន្តិសុខ​ជាតិ​នៅ​សេតវិមាន លោក John Kirby និយាយ​ថា លោក​ស្រី Harris បាន​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​និង​ភាព​ជា​ដៃគូ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្លាយ​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​របស់​លោកស្រី​ក្នុង​នាម​ជា​អនុ​ប្រធានាធិបតី ហើយ​បាន​ហៅ​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ថា ​«ត្រូវ​ចំ​នឹង​បញ្ហា​ដែល​អ្នក​ស្រី​ផ្តោត​លើ»។

ប៉ុន្តែ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោកស្រី Marty Natalegawa និយាយ​ថា៖ ​«ការ​សម្រេច​ចិត្ត​របស់​លោក Biden ក្នុង​ការ​រំលង​កិច្ច​ប្រជុំ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​អាស៊ាន​នេះ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លះ​ដែរ ពិសេស​ដោយសារ​លោក Biden ​នឹង​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌា​និង​វៀតណាម​ជុំវិញ​អំឡុង​ពេល​ដូចគ្នា។ ការ​នៅ​ជិត​កៀក​បង្កើយ​របស់​លោក​ប្រធានាធិបតី​នេះ ធ្វើ​ឱ្យ​អវត្តមាន​របស់​លោក ត្រូវ​គេ​សម្លក់សម្លឹងកាន់​តែ​ច្រើន​ទៅវិញ»។

តែ​លោកស្រី Natalegawa ទទួលស្គាល់​ថា​ អាស៊ាន​មាន​ការ​លំបាក​ក្នុង​ការ​បញ្ចុះបញ្ចូលឱ្យមេដឹកនាំ​ពិភពលោកជឿ​ថា ​ខ្លួន​ស័ក្តិសមដើរ​តួនាទី​ស្នូល​ក្នុង​តំបន់ ទោះបី​ជា​សមាគម​អាស៊ាន​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​៦៥០​លាន​នាក់​នៅ​ទូទាំង​១០​ប្រទេស​ដែល​រួម​គ្នា​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី៥​លើ​ពិភពលោក​ក៏ដោយ។

សមាគម​អាស៊ាន​ មិន​ទាន់​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បាន​នៅ​ឡើយ ដែល​នៅ​ទី​នោះ មេដឹកនាំ​រដ្ឋប្រហារ​យោធា​កាល​ពី​ពីរ​ឆ្នាំ​មុន មិន​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ឡើយ។ ផែនការ​សន្តិភាព​មួយ​ដែល​មាន​ការ​ព្រមព្រៀង​ពី​ឧត្ដមសេនីយ៍​កំពូល​របស់​ប្រទេស​នោះ ក៏​គ្មាន​ការ​វិវត្ត​ទៅមុខ​ដែរ៕