លោក Shigeru Ishiba នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន

លោក Shigeru Ishiba ថ្លែង​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP) នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០២៤ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​ទីក្រុង​តូក្យូ។

លោក Shigeru Ishiba ដែល​ជា​អ្នក​នយោបាយ​ជើងចាស់​ល្បី​ខាង​ធ្វើឱ្យ​សហសេវិក​អភិរក្ស​និយម​របស់​លោក​មួម៉ៅ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ក្រោយពី​ឈ្នះ​ការ​ប្រកួត​ដណ្តើម​តំណែង​កំពូល​របស់​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) កាលពី​ថ្ងៃ​សុក្រ។

លោក Ishiba ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​អាយុ ៦៧ ឆ្នាំ បាន​ផ្តួល​គូប្រជែង​របស់​លោក​ដែល​ជា​អ្នក​តស៊ូមតិ​ខ្លាំងក្លា​លើ​គោលនយោបាយ​ការបរទេស​អភិរក្ស​និយម​បែប​សង្គម​និយម​អ្នកស្រី Sanae Takaichi ក្នុង​ជុំ​ទី ២ នៃ​ការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស។ សំឡេង​ភាគច្រើន​ក្នុង​សភា​របស់​បក្ស LDP មាន​ន័យ​ថា​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ទំនង​ជា​នៅ​សប្តាហ៍​ក្រោយ។

លោក Ishiba គឺ​ជា​អ្នករិះគន់​ឥត​សំចៃមាត់​លើ​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ដែល​ពឹងផ្អែក​លើ​អត្រា​ការប្រាក់​ទាប​និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ផ្ទុយទៅវិញ លោក Ishiba បាន​អំពាវនាវ​ឱ្យ​បង្កើន​ពន្ធ​សាជីវកម្ម​ដើម្បី​លើកកម្ពស់​ការ​បែកចែក​ទ្រព្យសម្បត្តិ​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន។

លោក Ishiba ក៏​ចង់​ឱ្យ​ប្រទេស​ជប៉ុន​ដើរ​តួនាទី​កាន់តែ​ធំ​ជាងមុន​ក្នុង​សម្ព័ន្ធភាព​របស់​ប្រទេស​នេះ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ផងដែរ។ លោក​បាន​អំពាវនាវ​ម្តងហើយ​ម្តងទៀត​ឱ្យ​សើរើ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​រក្សា​កងកម្លាំង​អាមេរិក​ក្នុង​ប្រទេស​ជប៉ុន។

ជាង​នេះ​ទៀត លោក​ក៏​បាន​ស្នើ​ឱ្យ​បង្កើត​អង្គការ​អូតង់​អាស៊ី (Asian NATO) ដែល​លោក​ថា​អាច​សម្របសម្រួល​ការ​រៀបចំ​ចែក​រំលែក​នុយក្លេអ៊ែរ​ឬ​ការ​ត្រឡប់​មកវិញ​នូវ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​អាមេរិក​នៅ​ក្នុង​តំបន់៕