អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំងអ្នកស្រី Elizabeth Becker បានលើកឡើងក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា កិច្ចព្រមព្រៀងដែលមានលក្ខណៈប្រវត្តិសាស្ត្រមួយនេះ នឹងមិនត្រូវបានប្រទេសហត្ថលេខីលើកយកមកពិនិត្យឡើងវិញទេ ព្រោះអ្នកស្រី មើលមិនឃើញឆន្ទៈនយោបាយណាមួយ ដែលចង់បើកផ្លូវឲ្យកិច្ចព្រមព្រៀងនេះ មានភាពរស់រវើកឡើងវិញឡើយ។
អ្នកស្រី Elizabeth Becker គឺជាអ្នកនិពន្ធសៀវភៅ When The War Was Over ដែលពណ៌នាអំពីរឿងរ៉ាវពាក់ព័ន្ធនឹងការដឹកនាំនយោបាយ និងស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម និងក្រោយការដួលរលំរបបមួយនេះ។
ជាវាគ្មិនមួយរូបក្នុងកិច្ចពិភាក្សាស្តីពីខួប៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស ដែលរៀបដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ប្រទេសថៃ(FCCT) តាមប្រព័ន្ធអនឡាញក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៩ ខែតុលា អ្នកស្រី Elizabeth Becker បាននិយាយថា មិនមានឆន្ទៈនយោបាយណាមួយ ដែលអាចទាញភាគីពាក់ព័ន្ធឲ្យងាកមកពិនិត្យកិច្ចព្រមព្រៀងនេះឡើងវិញឡើយ។
រូបឯកសារ៖ អ្នកស្រី Elizabeth Becker គឺជាអ្នកនិពន្ធ និងអ្នកសារព័ត៌មានជើងចាស់ដែលបានរាយការណ៍អំពីប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៧០។
អ្នកស្រី Elizabeth Becker បានថ្លែងថា៖ «សន្ធិសញ្ញាទាំងឡាយកម្រត្រូវបានគេលើកយកមកមើលឡើងវិញម្តងទៀត។ ខ្ញុំមើលមិនឃើញឆន្ទៈនយោបាយទាល់តែសោះចំពោះរឿងនេះ។ ខ្ញុំគិតថា វាដូចជាសន្ធិសញ្ញាផ្សេងៗទៀតដែរ ដែលយើងពិបាកពង្រឹងឡើងវិញ ដោយការធ្វើឲ្យវាមានឥទ្ធិពលឡើងវិញ។... ខ្ញុំពិតជាមើលមិនឃើញ សូម្បីតែសកម្មភាពនាំមុខណាមួយដែលត្រូវបានគេយកចិត្តទុកដាក់ឲ្យពិតប្រាកដលើរឿងនេះ»។
ការលើកឡើងរបស់អ្នកនិពន្ធសៀវភៅជើងចាស់រូបនោះ ជាការឆ្លើយតបទៅនឹងការជជែកគ្នារបស់អង្គការមួយចំនួន ដែលចោទសួរថា តើសន្ធិសញ្ញាខាងលើនេះ គួរត្រូវបានសើរើ នៅពេលការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវគេមើលឃើញថាបានថយចុះខ្លាំង ក្រោយ៣០ឆ្នាំនៃការចុះសន្ធិសញ្ញាអន្តរជាតិនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមាន១៨ប្រទេសជាហត្ថលេខី។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក ពូ សុធីរៈ ដែលជាវាគ្មិនមួយរូបទៀត បានយល់ស្របនឹងការលើកឡើងរបស់អ្នកស្រី Elizabeth Becker។
អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក ពូ សុធីរៈ បាននិយាយថាពិភពលោកមានបញ្ហាស្មុគស្មាញជាងកម្ពុជា តួយ៉ាងការគ្រប់គ្រងវិបតិ្តជំងឺកូវីដ១៩នៅក្នុងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងរឹតរួតប្រទេសជាសមាជិកអាស៊ាន យុទ្ធសាស្ត្រអឺរ៉ុប ដើម្បីលំហសេរីភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការដណើ្តមអំណាចសាកលលោករវាងចិន និងអាមេរិក។
លោកមានប្រសាសន៍ថា បើមើលទៅលើស្ថានភាពអន្តរជាតិខាងលើនេះ លោកមិនមានជំនឿទេថា នឹងមានការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជួយបើកផ្លូវឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រូបឯកសារ៖ លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាសា្ថនខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ថ្លែងក្នុងពិធីបើកកិច្ចពិភាក្សាថ្នាក់ជាតិលើកទី២ អំពីការទប់ស្កាត់អំពើឃោរឃៅនៅកម្ពុជា ដែលបានរៀបចំឡើងកាលពីថ្ងៃ ទី ២២ ខែសីហា ឆ្នាំ ២០១៧។ (ហ៊ុល រស្មី/វីអូអេ)
លោកថ្លែងថា៖ «ខ្ញុំមិនជឿថាយើងអាចធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសកម្មភាពឡើងវិញទេ។ ជាថ្មីម្តងទៀត គ្មាននរណាម្នាក់នឹងជួយធ្វើរឿងនេះទេ។ អង្គការសហប្រជាជាតិ នឹងមិនធ្វើវាទេ។ គ្មានប្រទេសណាមួយធ្វើរឿងនេះទេ ទាំងប្រទេសជាហត្ថលេខី។ ហើយទន្ទឹមគ្នានេះ វាជាការងារផ្ទះផ្ទាល់ខ្លួនរបស់ពួកយើង។ យើងត្រូវធ្វើការងារនេះរួមគ្នា ដើម្បីធានាថា យើងអាចធ្វើការងារនេះរួមគ្នាបាន ក្នុងស្មារតីផ្សះផ្សាជាតិដែលមានការអត់ឱនឲ្យគ្នា ស្រុះស្រួលគ្នា និងទទួលយកបានទាំងអស់គ្នា»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងសន្តិភាព ដែលបានបញ្ជាក់អំពីការឈានទៅបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ការនាំមកនូវការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស តាមលំនាំប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សជាដើម។
ក្នុងកិច្ចពិភាក្សាស្តីពីខួប៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានកត់សម្គាល់សារៈសំខាន់នៃកិច្ចព្រមព្រៀងនៅក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រីនិយាយថា ប្រទេសសាមីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគួរមានក្របខណ្ឌនៃការពិនិត្យឡើងវិញនូវការការពារសិទ្ធិមនុស្ស និងការគោរពសិទ្ធិមនុស្ស ដើម្បីធ្វើជាមូលដ្ឋានស្នូល នៅពេលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬជំនួយជាទ្វេភាគីណាមួយជាមួយកម្ពុជា។
រូបឯកសារ៖ ព្រះអម្ចាស់ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយភាគីជម្លោះនៅកម្ពុជា នៅក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅកម្ពុជា ដែលប្រព្រឹត្តធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ចំណែកមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៊ី ដែលជាវាគ្មិនមួយរូបផងដែរក្នុងការពិភាក្សាដដែលនោះ បានថ្លែងថា ការកសាងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា គឺជា«ដំណើរដ៏គួរឲ្យខកចិត្ត»មួយ ព្រោះអ្នកនយោបាយជំទាស់ ត្រូវបានបោសសម្អាត ឬរំលាយចោល និងត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧មក។ លោកថា ការហាមឃាត់អ្នកនយោបាយជំទាស់មិនឲ្យធ្វើនយោបាយនៅកម្ពុជា អាចនឹងត្រូវពន្យារពេល៥ឆ្នាំទៀត។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លើកឡើងបន្ថែមថា វាមិនគ្រប់គ្រាន់ទេ ក្នុងការពិនិត្យឡើងវិញនូវដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែវាគួរតែមានការលើកទឹកចិត្តឲ្យមានការធានាថា កម្ពុជាគោរពតាមគោលជំហរអព្យាក្រឹត ដូចដែលបានតម្កល់ទុកក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកយល់ថា មានប្រទេសជាច្រើនចង់ឃើញកម្ពុជាប្រកាន់យកគោលជំហរអព្យាក្រឹត នៅពេលនិយាយដល់ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាមិនមានហេតុផលណាដែលត្រូវលើកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកពិនិត្យឡើងវិញ នៅពេលកម្ពុជាមានសន្តិភាព និងការបោះឆ្នោត ហើយក៏មិនមានការឈ្លានពានពីបរទេស។
លោកថ្លែងថា៖ «អន្តរជាតិមុននឹងចូលយ៉ាងណាក៏ដោយ ត្រូវសុំសិទ្ធិពីរដ្ឋាភិបាលរបស់កម្ពុជា ហើយរដ្ឋាភិបាលដែលកើតចេញដោយការបោះឆ្នោត ហើយគ្មានសង្គ្រាមស៊ីវិល តើយើងទៅធ្វើម៉េចកើត? វាធ្វើមិនកើតទេ។ គ្មានបរទេសណាមកលុកលុយ មកលូកដៃនៅក្នុងសាច់រឿងហ្នឹងទេបាទ»។
លោកបន្ថែមថា បញ្ហារំលាយគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធិអំណាចរបស់តុលាការកម្ពុជា ដែលរដ្ឋបរទេសមិនអាចលូកដៃចូលបានផងដែរ។
យ៉ាងណាក៏ដោយ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ អ្នកស្រី Elizabeth Becker ដែលបានរាយការណ៍អំពីប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៧០ បានស្នើកម្ពុជាឲ្យរក្សាគុណតម្លៃ និងទាញយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅក្នុងខួប៣០ឆ្នាំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ៕