ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro កំពុងស្វែងរកការជាប់ឆ្នោតជាប្រធានាធិបតីនៅអាណត្តិទីពីរដែលមានរយៈពេល ៦ ឆ្នាំជាបន្តទៀត នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតនេះត្រូវបានគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមប្រកួតដោយចាត់ទុកថាជា «ពិធីតែងតាំង» មេដឹកនាំផ្ដាច់ការមួយរួប ហើយក៏ត្រូវបានសហគមន៍អន្តរជាតិភាគច្រើនថ្កោលទោសផងដែរ។
លោក Maduro វ័យ ៥៥ ឆ្នាំ ដែលជាអតីតអ្នកបើករថយន្តក្រុងរូបនេះ ត្រូវគេរំពឹងថានឹងឈ្នះការបោះឆ្នោតនេះ ទោះបីជាមានវិបត្តិធ្ងន់ធ្ងរកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលធ្វើឲ្យមានកង្វះខាតស្បៀងអាហារ និងការកើនឡើងនូវអតិផរណា ស្របពេលដែលការផលិតប្រេងធ្លាក់ចុះនៅក្នុងប្រទេសផលិតប្រេងដ៏ចម្បងមួយនេះនៅក្នុងពិភពលោកក៏ដោយ។
អតីតអភិបាលរដ្ឋលោក Henri Falcon គឺជាគូប្រជែងដ៏ចម្បងបំផុតរបស់លោក Maduro ប៉ុន្តែឱកាសរបស់លោកត្រូវបានប៉ះពាល់ដោយសារតែវត្តមានរបស់បេក្ខជនប្រឆាំងនឹងលោក Maduro មួយរូបទៀតដែលបានចូលរួមនៅក្នុងការបោះឆ្នោតនេះដែលនោះគឺលោក Javier Bertucci។
ប្រសិនបើលោក Maduro ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះ រដ្ឋាភិបាលរបស់លោកនឹងទទួលរងការដាក់ទណ្ឌកម្មបន្ថែមទៀត ដែលក្នុងនោះមានទាំងទណ្ឌកម្មលើប្រេងផងដែរ ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរងការរិះគន់ពីសំណាក់សហភាពអឺរ៉ុប និងបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីនផងដែរ។
លោក Maduro បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា លោកកំពុងប្រយុទ្ធប្រឆាំងនឹងគម្រោងសម្ងាត់បែប «ចក្រពត្តិនិយម» របស់សហរដ្ឋអាមេរិក ដែលចង់បំផ្លាញរបបសង្គមនិយម និងគ្រប់គ្រងលើធនធានប្រេងរបស់ប្រទេសវេណេស៊ុយអេឡា៕