វេណេស៊ុយអេឡា​សុំ​បត្យាប័ន​ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​ចោទ​ថា​បាន​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​មិន​បាន​សម្រេច

ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បង្ហាញឯកសារឯកជនមួយអំឡុងពេលសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតមួយ នៅក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក Nicolas Maduro បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មាន​មនុស្ស​បួន​នាក់​ទៀត​ដែល​លោក​បាន​ហៅ​ថា​ជា​ភេរវករ​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់ទង​នឹង​ការ​វាយប្រហារ​មិន​បាន​សម្រេចមួយ​កាល​ពី​ថ្ងៃ​អាទិត្យ។​

លោក Maduro បាន​ធ្វើ​ការ​ប្រកាស​នេះ​ នៅ​ក្រោយ​ពី​លោក​បាន​និយាយ​មុន​នោះ​ថា រដ្ឋាភិបាល​មាន​គម្រោង​នឹង​សុំ​ធ្វើ​បត្យាប័នបុគ្គលិក​ជាប់កិច្ចសន្យា​ខាង​សន្តិសុខ​មួយ​រូប​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ហើយ​ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចូល​រួម​នៅ​ក្នុងវាយលុក​មួយ​ដើម្បី​ផ្តួល​រដ្ឋាភិបាល​របស់​លោក។

លោក Maduro ថា​សំណើ​សុំធ្វើ​បត្យាប័ន​លោក Jordan Goudreau ពី​រដ្ឋ​ផ្លរីដា​ទៅ​កាន់​ប្រទេសនៅ​ទ្វីប​អាមេរិក​ឡាទីន​មួយ​នេះ ជា​រឿង​សម​ហេតុ​ផល​ក្រោយ​ពី​លោក​បាន​និយាយ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​សប្តាហ៍​នេះ​ថា លោក​បាន​ធ្វើ​ការ​ជាមួយ​អតីត​ទាហាន​ពិសេស​អាមេរិក​ពីរ​រូប​ទៀត​ដើម្បី​ផ្តួល​លោក Maduro និង​បង្ក​អស្ថេរភាព​ដល់​រដ្ឋាភិបាល​លោក។

លោក Goudreau បាន​ទទួល​ស្គាល់​ថា​បុរស​ពីរ​នាក់​ទៀត​គឺ​លោក Airan Berry និង​លោក Luke Denman ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រតិបត្តិការ​របស​លោក ដោយ​លោក​បានថ្លែង​ប្រាប់ទី​ភ្នាក់ងារ​ Reuters ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ថា បុរស​ទាំង​ពីរ​នោះ​ជា «មនុស្ស»​របស់​លោក​។

ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក Nicolas Maduro កាល​ពី​ថ្ងៃ​អង្គារ​បានបង្ហាញ​មុខ​តាម​ទូរទស្សន៍​ជាតិ​ដោយ​បង្ហាញ​នូវ​លិខិត​ឆ្លង​ដែន​ដែល​លោក​អះអាង​ថា​ជា​របស់​លោក Berry និង​លោក Denman ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ផែកការវាយ​ឆ្មក់​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​អាទិត្យ។

អាជ្ញាធរ​វេណេស៊ុយអេឡាអះអាង​ថា​ក្រុម​មនុស្ស​នេះ​បាន​ធ្វើ​ដំណើរ​តាម​កាណូត​លឿន​ពី​ប្រទេស​កូឡុំប៊ី​ជិត​ខាង​នោះ​ មក​កាន់​ក្រុង​កំពង់ផែ La Guaira របស់​វេណេស៊ុយអេឡា។ មនុស្ស​៨​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​មិន​បាន​សម្រេច​នោះ។

ប្រធានាធិបតី​វេណេស៊ុយអេឡា​បាន​ចោទ​ប្រកាន់​រដ្ឋបាល​លោក ដូណាល់​ ត្រាំ និង​ប្រទេស​កូឡុំប៊ី​ថា​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នេះ ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕