សភា​ជាតិ​វ៉េណេហ្ស៊ុយអេឡា បដិសេធ​ការ​ដណ្តើម​អំណាច​របស់​សភា​ធម្មនុញ្ញ

សភាជាតិ​ ប្រទេសវ៉េណេហ្ស៊ុយអេឡា

សភា​ជាតិ​ដែល​ត្រួតត្រា​ដោយ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេសវ៉េណេហ្ស៊ុយអេឡា បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​បដិសេធ​ទៅ​លើ​ការ​ប្រកាស​សមត្ថកិច្ច​ក្នុង​ការ​បង្កើត​ច្បាប់​កាល​ពី​មួយ​ថ្ងៃ​មុន ​របស់​សភា​ធម្មនុញ្ញ​ដែល​គាំទ្រ​រដ្ឋាភិបាល។ ​

លោក Freddy Guevara អ្នក​នាំ​ពាក្យ​ខាង​គណបក្ស​ប្រឆាំង​ដែល​និយាយ​មិន​សំចៃ​មាត់ និង​ជា​អនុប្រធាន​រដ្ឋ​សភាជាតិ​ផង​នោះ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ថ្កោលទោស​លើ​ការ​ក្តោបក្តាប់​អំណាច​របស់​សភា​ធម្មនុញ្ញ ហើយ​ចាត់ទុក​សភា​ធម្មនុញ្ញ​នេះ​ថា​មិន​មាន​សុពល​ភាព​ទៅ​តាម​ច្បាប់​នោះ​ទេ។ លោក Guevara បាន​ចោទប្រកាន់​សភា​ដែល​គាំទ្រ​រដ្ឋាភិបាល​នេះ ថា​ចាត់វិធានការ​ដើម្បី​រក្សា​ហិរញ្ញវត្ថុ​អន្តរជាតិ ខណៈ​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​ជាតិ។ ​

សភា​ជាតិ​នេះ​បាន​ធ្វើ​សេចក្តីប្រកាស​អំពី​ការ​ប្រឆាំង​របស់​ខ្លួន​នៅ​ក្នុង​វត្តមាន​របស់​មន្ត្រី​ការ​ទូត​បរទេស​មក​ពី​សហរដ្ឋអាមេរិក អង់គ្លេស ម៉ិកស៊ិក និង​អេស៉្បាញ។

សហរដ្ឋអាមេរិក​បាន​ច្រានចោល​សមត្ថកិច្ច​របស់​សភា​ធម្មនុញ្ញ​នេះ ហើយ​នៅ​ក្នុង​វិធានការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​សប្តាហ៍​មុន​បាន​គំរាម​ធ្វើ​អន្តរាគមន៍​ខាង​យោធា​ទៀត​ផង។ ​

កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​កាល​ពី​ថ្ងៃ​សុក្រ​របស់​សភា​ធម្មនុញ្ញ ដែល​ផ្តល់​អំណាច​ដល់​ខ្លួន​ឯង​ក្នុង​ការ​អនុម័ត​លើ​ច្បាប់ ដែល​នេះ​ជា​ការ​ដណ្តើម​អំណាច​ខាង​ផ្លូវ​ច្បាប់​ពី​សភា​ជាតិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង៕