វិសមធម៌​នៃ​ការចែកចាយ​វ៉ាក់សាំង អូសបន្លាយ​ការឆ្លង​រាតត្បាត​កូវីដ​១៩​កាន់តែ​យូរ

  • Lisa Schlein

រូបឯកសារ៖ ស៊ីរ៉ាំង និង​ដបវ៉ាក់សាំងកូវីដ១៩ ​​ថត​​នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ បាន​ព្រមាន​ថា​ វិសមធម៌​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ​កំពុង​តែ​អូស​បន្លាយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ឲ្យកាន់​តែ​យូរ ​និង​ថា​វិបត្តិ​នេះ​ នឹង​ពុំ​អាច​បញ្ចប់​ទេ ​លុះត្រា​តែ​លែង​មាន​ការ​ឆ្លង​រាលដាល​វីរ៉ុស​កូរ៉ូណា​នៅ​តាម​បណ្តា​ប្រទេស​ទាំងអស់។ លោក​ Tedros Adhanom Ghebreyesus បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សុន្ទរកថាបើក​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៤។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ លោក ​Tedros Adhanom Ghebreyesus កាល​ពីថ្ងៃ​ចន្ទ​កន្លង​ទៅនេះ​ បាន​ថ្លែង​កោត​សរសើរ​សេចក្តី​ក្លាហាន​របស់​បុគ្គលិក​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល​ និង​ថែទាំ​សុខភាព​ទាំង​អស់​ដែល​បាន​បម្រើការ​យ៉ាង​អង់អាច​សង្រ្គោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ ដោយ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ខ្លួន​ឯង។

លោក​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​មនុស្ស​១៥០.០០០​នាក់ ​បាន​ស្លាប់​ ដោយ​សារ​តែ​ពួកគេ​ខ្វះ​សម្ភារៈ​ការពារ​ខ្លួន​និង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​ពួកគេ​បាន។

លោក​ បាន​ទម្លាក់​កំហុស​លើប្រទេស​អ្នក​មាន​មួយ​ចំនួន​ដែល​គិត​តែ​ប្រមូល​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​សង្រ្គោះ​ជីវិត​ទុក​ និងបន្ត​អូស​បន្លាយ​រោគ​រាតត្បាត​ឱ្យ​កាន់​តែ​យូរ។ លោក​បាន​បញ្ជាក់​ថា ​ជាង​៧៥ភាគរយ​នៃ​វ៉ាក់សាំង​គ្រប់​ប្រភេទ​ទាំង​អស់​ដែល​គេ​បែង​ចែកដល់​ប្រទេស​ចំនួន​១០​ មាន​តែ​២ភាគ​រយ​ប៉ុណ្ណោះ​ បាន​ទៅ​ដល់​ប្រទេស​ក្រីក្រ។

លោក​បាន​ចាត់​ទុក​វិសមធម៌​នៃ​ការ​បែង​ចែក​វ៉ាក់សាំង​ជារឿង​គួរ​ឱ្យ​អៀនខ្មាស់​មួយ​។ លោក​បាន​បន្តថា​ វា​ពុំ​ទំនង​សោះ​ដែល​ប្រទេស​មួយ​ក្រុម​តូច​ដែល​ជា​អ្នក​ផលិត​ និង​ទិញ​យក​វ៉ាក់សាំង​ស្ទើរ​ទាំង​អស់​ កំពុង​គ្រប់គ្រង​ជោគវាសនា​ប្រទេស​ដទៃ​ទៀត​ក្នុង​លោក​ពិភព​លោក។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​ ស្ថានភាព​សាកលលោក​បែប​នេះ​ មាន​លក្ខណៈ​ផុយស្រួយ​ខ្លាំង​ណាស់​ ហើយ​ប្រទេស​អ្នកមាន​ពុំ​គួរ​រីករាយ​នឹង​សមត្ថភាព​ខ្លួន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បែបនេះ​ឡើយ។

លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​ដូច្នេះ​ថា៖

«មិន​ត្រូវ​មាន​ប្រទេស​ណា​មួយ​ចាត់​ទុក​ថា​ខ្លួន​លែង​មាន​គ្រោះថ្នាក់​ ដោយ​សារ​តែ​ចំនួន​វ៉ាក់សាំង​ដែល​ខ្លួនមាន​នោះ​ឡើយ...។ មេរោគ​នេះ​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់។ ការ​ប្រែប្រួល​អ្វី​មួយ​នា​ពេល​អនាគត ​អាច​នឹង​ធ្វើ​ឱ្យ​វិធានការ​របស់​យើង​លែង​មាន​ប្រសិទ្ធភាព​ ហើយ​នឹង​អាច​ទាញ​យើង​ឲ្យ​ត្រឡប់​ទៅ​ស្ថានភាព​ដើម​វិញ​»។

លោក Tedros និយាយ​ថា ​រឿង​ធំ​បំផុត​ដែល​នាំ​ឱ្យ​មាន​រោគ​រាតត្បាត​នេះ​ គឺ​ដោយ​សារ​តែ​ពុំ​មាន​សាមគ្គី​ភាព​ជា​សាកល​ និង​ពុំមាន​ការចែក​រំលែក​ទិន្នន័យ​ ព័ត៌មាន​ មេរោគ​បង្ក​ជំងឺ​ ប្រភព​ និង​បច្ចេកវិទ្យា។ លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​បន្ត​ទៀត​ថា៖

«យើង​អាច​ដោះស្រាយ​ភាពទន់​ខ្សោយ​នេះ​បាន​ តាមរយៈ​ការ​បេ្តជ្ញា​រួម​គ្នា​រវាង​ប្រទេស​ជាតិ​នានា ​និង​ការ​បង្កើត​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​កិច្ចសហការ​ដ៏ប្រសើរ​មួយ។ អនុសញ្ញា​ស្តីពី​ការត្រៀម​ខ្លួននិង​ឆ្លើយតប​ប្រឆាំង​រោគ​រាតត្បាត​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នេះ ​ដូច​ដែល​ខ្ញុំ​បាន​គូស​បញ្ជាក់​រួច​ហើយ។ វា​ជា​កិច្ចព្រម​ព្រៀង​អន្តរជាតិ​ដែល​តំណាង​ឱ្យ​ប្រទេស​និង​ប្រជាជន​ទាំងអស់»។

ក្នុង​ចំណោម​កិច្ចពិភាក្សា​នានា​នៅ​ក្នុង​មហាសន្និបាតនេះ ​គេ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មាន​កិច្ចពិភាក្សា​អំពី​ការ​ចាប់ផ្តើម​ចរចា​លើ​ការ​បង្កើត​អនុសញ្ញា​ប្រឆាំង​រោគ​រាតត្បាត​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​ត្រៀមខ្លួន​ឱ្យ​កាន់​តែប្រសើរ​សម្រាប់​បង្ការ​និងប្រឆាំង​ការ​ផ្ទុះ​ឆ្លង​មេរោគ។

មក​ដល់​ពេល​នេះ​ អនុសញ្ញា​ទប់ស្កាត់​ថ្នាំ​ជក់​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សុខភាព​ពិភពលោក​ គឺ​ជា​អនុញ្ញា​តែ​មួយ​គត់​ដែលធ្លាប់​បាន​ពិភាក្សា​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សុខភាព​ពិភពលោក៕

ប្រែ​សម្រួល​ដោយលោក​ កោះ​ សុគន្ធី