ស្របពេលការស៊ើបសួរដំបូងបានបញ្ចប់កាលពីថ្ងៃសុក្រ ទី ២ ខែកុម្ភៈ អង្គការគាំពារសិទ្ធិជាតិសាសន៍ Uyghur ឈ្មោះថា Uyghur Rights Advocacy Project បានប្រកាសដកខ្លួនចេញពីគណៈកម្មការស៊ើបអង្កេតការចោទប្រកាន់ពីការជ្រៀតជ្រែករបស់បរទេសក្នុងការបោះឆ្នោតនៅកាណាដា។ អង្គការនេះនិយាយថា ការដកខ្លួននេះគឺ ដោយសារការព្រួយបារម្ភថា អ្នកនយោបាយពីររូប ដែលមានទំនោរបង្ហាញភាពយល់ស្របទៅកាន់ចិន ទទួលបានសិទ្ធិពេញលេញនៅក្នុងជួរគណៈកម្មការ។
អង្គការ Uyghur Rights Advocacy Project ឬ URAP បានកំណត់អ្នកនយោបាយទាំងពីររូបរួមមានសមាជិកសភាឯករាជ្យលោក Han Dong និងអភិបាលរងក្រុង Markham ខេត្ត Ontario លោក Michael Chan។ អ្នកទាំងពីររូបនេះបានបដិសេធជាបន្តបន្ទាប់ចំពោះការមានទំនាក់ទំនងណាមួយជាមួយរដ្ឋាភិបាលចិន។
អ្នកស្រី Miri Teich ប្រធានផ្នែកគោលនយោបាយនិងគាំពារសិទ្ធិប្រចាំអង្គការ Uyghur Rights Advocacy Project ថា អ្នកនយោបាយទាំងពីររូបនេះបង្ហាញជាភាពសម្របខ្លាំងតាមរយៈសេចក្តីអធិប្បាយជាសាធារណៈរបស់ខ្លួនទៅនឹងគណបក្សកុម្មុយនីស្តចិន។
អ្នកស្រី Teich ថ្លែងថា៖ «ពួកគេនិយាយដូចគ្នានឹងគណបក្សកុម្មុយនីស្តចិនដែលបដិសេធអំពើប្រល័យពូជសាសន៍លើជាតិសាសន៍ Uyghur និងធ្វើអនុបវាទលើការបោះឆ្នោតពាក់ព័ន្ធនឹងជាតិសាសន៍ Uyghur»។
អ្នកស្រី Teich បានបន្តថា បើអ្នកនយោបាយទាំងពីររូបនេះនៅតែជាសមាជិកគណៈកម្មការ នោះវានឹងផ្តល់សិទ្ធិដល់ពួកគេទទួលភស្តុតាងនិងលទ្ធភាពក្នុងការពិនិត្យនិងចោទសួរលើសាក្សីជាជាតិសាសន៍ Uyghur ដែលពួកគេមិនចង់ឱ្យកើតមាន។
អ្នកស្រី Teich ថ្លែងថា៖ «ផ្អែលលើគោលការណ៍ យើងមិនចង់ចូលរួមស៊ើបសួរដែលផ្តល់អំណាចដល់ក្រុមបុគ្គលដូចនេះនោះទេ ជាពិសេសបើពួកគេមានលទ្ធភាពពិនិត្យលើសាក្សី»។
ពួកគេក៏បារម្ភថា សមាជិកព្រឹទ្ធសភាលោក Yuen Pau Woo ត្រូវបានផ្តល់តួនាទីជាអ្នកជ្រៀតជ្រែកក្នុងគណៈកម្មការ ដែលអនុញ្ញាតឱ្យលោកអាចដាក់ចេញសំណើជាសំណេរណាមួយ ប៉ុន្តែមិនមានសិទ្ធិពិនិត្យនិងចោទសួរដោយស្វ័យប្រវត្តិលើសាក្សី ឬពិនិត្យមើលភស្តុតាងជាមុននោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ សមាជិកព្រឹទ្ធសភាលោក Woo បានច្រានចោលការចោទប្រកាន់ទាំងនេះ។
លោក Woo៖ «លទ្ធភាពនិងឆន្ទៈរបស់អង្គការនេះនៅក្នុងការចោទប្រកាន់ធ្ងន់ធ្ងរមកលើរូបខ្ញុំ និងអ្នកដទៃ ដោយមិនមានភ័ស្តុតាងជា ហានិភ័យមួយដែលការស៊ើបអង្កេតពីការជ្រៀតជ្រែកពីបរទេស ដែលមានចរិតលក្ខណៈជ្រុលនិយម អាចបណ្តាលឱ្យកើតមាន»។
លោក Woo ថា ជាតិសាសន៍ Uyghur មិនចង់ឱ្យរូបលោកចូលរួមនៅក្នុងគណៈកម្មការ ព្រោះពួកគេមិនចូលចិត្តទស្សនៈរបស់លោក។ កាលពីពេលមុន លោក Woo ថា កាណាដាមិនមានជំហររិះគន់ចិន ដោយសារតែការប្រព្រឹត្តទៅលើសហគមន៍ជនជាតិដើម First Nations នោះទេ។ លោកក៏បានប្រឆាំងនឹងកិច្ចប្រឹងប្រែងដែលប្រកាសថាស្ថានភាពនៅខេត្ត Xinjiang ជា «អំពើប្រល័យពូជសាសន៍»ផងដែរ។
លោក Woo ថា លោកសង្ឃឹមថា អង្គការ URAP នឹងពិចារណា និងចូលរួមក្នុងគណៈកម្មការឡើងវិញ។ ហើយលោកក៏សង្ឃឹមថា គណៈកម្មការនឹងបញ្ឈប់ការពណ៌នាបែបលាបពណ៌ណាមួយមកលើបុគ្គលរងការចោទប្រកាន់ខុស។
លោក Woo៖ «ការចោទប្រកាន់ទាំងនោះបានពង្រឹងជំនឿរបស់ខ្ញុំដែលខ្ញុំត្រូវតែជាផ្នែកមួយនៃការស៊ើបអង្កេតនេះ និងជូនដំណឹងដល់គណៈកម្មការ និងទៅកាន់ពលរដ្ឋកាណាដាពីហានិភ័យធ្ងន់ធ្ងរនៃការកំណត់លាបពណ៌បែបនេះ ដែលពួកគេបានធ្វើឡើងមកលើរូបខ្ញុំ និងអតីតអ្នកនយោបាយដទៃទៀត»។
វីអូអេបានព្យាយាមទាក់ទងទៅកាន់លោក Dong និងលោក Chan ដើម្បីសុំការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់អង្គការ URAP និងការចោទប្រកាន់ផ្សេងៗ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
អ្នកនយោបាយទាំងពីររូបបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលថា ពួកគេមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលចិនក្នុងទម្រង់ណាមួយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា