នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ USS SAVANNAH បានចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃចន្ទ ដែលជាផ្នែកនៃការបន្តភាពជាដៃគូរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកម្ពុជា និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការអះអាងរបស់មន្រ្តីកម្ពុជា។
នេះគឺជាការចូលចតជាលើកដំបូងរបស់នាវាចម្បាំងសហរដ្ឋអាមេរិក បន្ទាប់ពីខកខានអស់រយៈពេល ៨ ឆ្នាំ។
ក្រុមមន្ត្រីកងទ័ពជើងទឹកកម្ពុជាបានទទួលស្វាគមន៍នាវិកចំនួន ១០៣ នាក់នៃនាវាចម្បាំង USS SAVANNAH ដែលសំចតនៅក្នុងកំពង់ផែទឹកជ្រៅព្រះសីហនុ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
មេបញ្ជាការនាវា USS SAVANNAH លោក Daniel A. Sledz បង្ហាញក្តីសោមនស្សរីករាយ ដែលនាវាអាមេរិកបានវិលត្រឡប់មកកម្ពុជាម្តងទៀត ក្រោយខកខានអស់រយៈពេល ៨ ឆ្នាំ។
លោកថ្លែងថា៖ «វាអស្ចារ្យ ដែលបានមកដល់ទីនេះម្តងទៀត ហើយមានវត្តមាននាវាអាមេរិកនៅទីនេះ ក្រោយរយៈពេល ៨ ឆ្នាំ»។
លោកបានថ្លែងបន្ថែមថា កងជើងទឹកអាមេរិកនឹងបន្តមានភាពជាដៃគូជាមួយកងទ័ពជើងទឹកកម្ពុជា បន្ទាប់ពីលោកដឹកនាំនាវាចម្បាំង USS SAVANNAH មកដល់កម្ពុជា ដោយមានការស្វាគមន៍ពីមន្ត្រី និងកងនាវិកនៃកងទ័ពជើងទឹកកម្ពុជា។
ការចូលមកដល់របស់នាវាចម្បាំង USS SAVANNAH កើតឡើង ក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) នៅកម្ពុជា កាលពីដើមខែមិថុនា ឆ្នាំ ២០២៤ ដើម្បីជួបពិភាក្សាជាមួយក្រុមមេដឹកនាំកម្ពុជា ដែលរួមមាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត លើកិច្ចការការពារជាតិ។
វត្តមានរបស់លោក ឡយ អូស្ទីន នៅកម្ពុជា នាពេលនោះ ក៏បានកើតឡើងនៅស្របពេលសហរដ្ឋអាមេរិកជាញឹកញាប់បានលើកឡើងពីក្តីបារម្ភនៃការធ្វើទំនើបកម្មយោធានៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
លោកមេបញ្ជាការនាវា Daniel A. Sledz បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយនៅពេលអ្នកកាសែតសួរលោកថា តើលោកនឹងលើកអំពីបញ្ហាមូលដ្ឋានជើងទឹកសមុទ្ររាមនេះជាមួយសមភាគីកម្ពុជា ឬយ៉ាងណា?
លោកថ្លែងថា៖ «ខ្ញុំមិនមានលទ្ធភាពនិយាយអំពីរឿងនេះទេ»។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកហាក់មានភាពរកាំរកូសជាបន្តបន្ទាប់។ កាលពីកន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់និងការបោកប្រាស់តាមអនឡាញ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា ការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក»រវាងប្រទេសទាំងពីរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ អំឡុងពេលនៃការចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រុមកងនាវិកនៃនាវាចម្បាំង USS SAVANNAH នឹងចូលរួមសកម្មភាពមួយចំនួនជាមួយភាគីកម្ពុជា ដូចជាជំនួបជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាកម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជាផងដែរ។
មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម លោក មៀន សាវឿន បានបង្ហាញក្តីរីករាយ ដោយឃើញទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ជាពិសេសរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងពេលមានវត្តមានរបស់នាវាចម្បាំង USS SAVANNAH នៅប្រទេសកម្ពុជា។
លោក មៀន សាវឿន ថ្លែងថា៖ «ហើយដំណើរទស្សនកិច្ចលើកនេះ ខ្ញុំសង្ឃឹមជឿជាក់ថា វារួមចំណែកលើកកម្ពស់អំពីទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហការល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។
ចាប់តាំងពីឆ្នាំ ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក មានចំនួន ២៧ គ្រឿង។ ដំណើរទស្សនកិច្ចខាងលើនេះជាព្រឹត្តិការណ៍សំខាន់មួយទៀតនៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ នេះបើតាមក្រសួងការពារជាតិកម្ពុជា៕