ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល USAGM បានតែងតាំងលោក Elez Biberaj ដែលជាអ្នកកាសែត VOA ជើងចាស់ម្នាក់ ឲ្យធ្វើជានាយកស្ដីទី VOA។
ការតែងតាំងលោក Biberaj នេះ ត្រូវបាននាយកប្រតិបត្តិទីភ្នាក់ងារ USAGM លោក Michael Pack ប្រកាសតាមអ៊ីមែលដល់បុគ្គលិក VOA ទាំងអស់ កាលពីថ្ងៃអង្គារម្សិលមិញ។
លោក Biberaj បានធ្វើជាប្រធានផ្នែកតំបន់អាស៊ីអឺរ៉ុបនៃ VOA តាំងពីឆ្នាំ ២០០៦ មក។ នៅក្នុងតំណែងនេះ លោកមានកាតព្វកិច្ចមើលការខុសត្រូវលើការរៀបចំកម្មវិធីផ្សាយសម្រាប់ទស្សនិកជននៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន អាមេនី ហ្ស៊កហ្ស៊ី និងតំបន់បាល់កង់។
លោក Biberaj បានបញ្ជាក់នៅក្នុងអ៊ីមែលរបស់លោកផ្ញើទៅកាន់បុគ្គលិក VOA ទាំងអស់កាលពីថ្ងៃអង្គារម្សិលមិញថា៖ «បេសកកម្មរបស់យើងនៅពេលបច្ចុប្បន្ននេះគឺសំខាន់ជាងពេលណាៗទាំងអស់ ហើយ VOA មានមុខងារពិសេសនៅក្នុងការប្រាប់រឿងរ៉ាវចាប់អារម្មណ៍នានានៅក្នុងសហរដ្ឋអាមេរិក ផ្ដល់នូវទស្សនៈវិស័យរបស់សហរដ្ឋអាមេរិក និងដើរតួជាគំរូនៃសារព័ត៌មានសេរី»។
លោកបានសរសេរបន្ថែមថា៖ «ធម្មនុញ្ញរបស់ VOA ចែងអំពីការផ្សព្វផ្សាយព័ត៌មានឯករាជ្យ។ ខ្ញុំនឹងប្រឹងប្រែងគ្រប់កម្លាំងកាយចិត្តដើម្បីគោរពតាមធម្មនុញ្ញរបស់ VOA ដោយមិនពាក់ព័ន្ធនឹងការជ្រៀតជ្រែក ឬក៏ការអន្តរាគមន៍ផ្នែកនយោបាយណាមួយឡើយ ស្របទៅតាមការរំពឹងទុករបស់ទស្សនិកជនរបស់យើង»៕