មេដឹកនាំនានានៅលើពិភពលោកដូចជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson និងអធិការបតីប្រទេសអាល្លឺម៉ង់អ្នកស្រី Angela Merkel ជាដើម បានអបអរសាទរលោក Joe Biden កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីលោកត្រូវបានគេព្យាករណ៍ថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Johnson បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា៖«សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការជិតស្និទ្ធជាមួយគ្នាលើកិច្ចការអាទិភាពរួមរបស់យើងតាំងពីរឿងប្រែប្រួលអាកាសធាតុរហូតដល់រឿងពាណិជ្ជកម្មនិងសន្តិសុខ»។
រីឯនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau វិញ បាននិយាយថា៖«ប្រទេសកាណាដា និងសហរដ្ឋអាមេរិកមានទំនាក់ទំនងល្អវិសេសវិសាលជាមួយគ្នានៅលើឆាកអន្តរជាតិ។ ភូមិសាស្ត្ររួមគ្នារបស់យើង ផលប្រយោជន៍រួមគ្នា ទំនាក់ទំនងផ្ទាល់ខ្លួនជ្រាលជ្រៅ និងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ធ្វើឲ្យប្រទេសយើងទាំងពីរក្លាយជាមិត្តភ័ក្ដិ ដៃគូ និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ»។
លោកបានបន្ថែមថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Biden អនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Harris រដ្ឋបាលដឹកនាំរបស់ពួកគេ និងសភាសហរដ្ឋអាមេរិក នៅពេលដែលយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមខ្លាំងក្លានានារបស់ពិភពលោក»។
អធិការបតីអ្នកស្រី Merkel នៃប្រទេសអាល្លឺម៉ង់ បាននិយាយថា អ្នកស្រីទន្ទឹងរង់ចាំ «កិច្ចសហប្រតិត្តិការនាពេលអនាគត» រវាងប្រទេសទាំងពីរ ដោយបានបន្ថែមថា៖ «មិត្តភាពរវាងប្រទេសយើងទាំងពីរគឺគ្មានអ្វីអាចជំនួសបាន ប្រសិនបើយើងជម្នះបាននូវការប្រឈមដ៏ខ្លាំងក្លានៅពេលបច្ចុប្បន្ននេះ»។
ក្រៅពីនេះ មេដឹកនាំផ្សេងទៀតនៅលើពិភពលោកដែលបានអបអរសាទរលោក Biden មានដូចជាមេដឹកនាំនៃប្រទេសអេស្ប៉ាញ បារាំង ប៉ូឡូញ អៀរឡង់ ហូឡង់ កាតា អេហ្ស៊ីប អ៊ុយក្រែន លីបង់ ន័រវេ និងក្រិកជាដើម។
ការអបអរសាទររបស់មេដឹកនាំទាំងនេះចំពោះលោក Biden បានបង្ហាញថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានសម្រេចថា លទ្ធផលនៃការបោះឆ្នោតនេះគឺជាលទ្ធផលពេញលេញ ទោះបីជាលោក Trump បានសម្រេចថាមិនចុះចាញ់ និងប្ដេជ្ញាដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅតាមរដ្ឋមួយចំនួនក៏ដោយ៕