ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលហាក់ដូចជា ឈ្លក់វង្វេងនឹងការយល់ឃើញ និងសម្តីបំផ្លើសរបស់គាត់ផ្ទាល់នោះ និងមិនអាចបោះបង់ចោលបំណងប្រាថ្នារបស់គាត់ក្នុងការដណ្តើមយកប្រទេសអ៊ុយក្រែនបានឡើយ ទោះបីជាត្រូវចំណាយច្រើនយ៉ាងណាក៏ដោយ។ នេះបើយោងតាមការវាយតម្លៃជាសាធារណៈដោយមេចារកម្មកំពូលរបស់អាមេរិក។
នាយក CIA លោក William Burns ដែលជាមន្ត្រីចុងក្រោយរបស់សហរដ្ឋអាមេរិកដែលបានជួបជាមួយលោក Putin មុនពេលលោកបានបញ្ជាឱ្យកងកម្លាំងរុស្ស៊ីចូលអ៊ុយក្រែនក្នុងខែកុម្ភៈនោះ បានព្រមានកាលពីល្ងាចថ្ងៃពុធថា មេដឹកនាំរុស្ស៊ីពិតជាជឿថា គាត់ត្រូវតែយកឈ្នះអ៊ុយក្រែនដើម្បីសម្រេចជោគវាសនារបស់គាត់។
លោក Burns បានប្រាប់ទស្សនិកជននៅឯវេទិកាសន្តិសុខ Aspen ប្រចាំឆ្នាំនៅទីក្រុង Aspen រដ្ឋ Coloradoថា៖ «លោក Putin ពិតជាជឿជាក់លើវោហាសាស្ត្ររបស់គាត់ ហើយខ្ញុំបានឮគាត់និយាយជាលក្ខណៈឯកជនជាច្រើនឆ្នាំមកនេះថា អ៊ុយក្រែនមិនមែនជាប្រទេសពិតប្រាកដនោះទេ។ … គាត់ពិតជាគិតថា គាត់អាចវៃយកទីក្រុងកៀវក្នុងរយៈពេលតិចជាងមួយសប្តាហ៍»។ លោក Burns បានបន្ថែមថា៖ «គាត់មានជំនឿថា ជោគវាសនារបស់គាត់ក្នុងនាមជាមេដឹកនាំរុស្ស៊ីត្រូវតែស្តារប្រទេសរុស្ស៊ីជាមហាអំណាចឡើងវិញ...។ គាត់មិនជឿថា គាត់អាចធ្វើដូច្នេះបានដោយមិនគ្រប់គ្រងអ៊ុយក្រែននិងមិនគ្រប់គ្រងជម្រើសរបស់អ៊ុយក្រែននោះទេ។ គាត់ជឿថា វាជាអាទិភាពចាំបាច់របស់គាត់ ជាអាទិភាពចាំបាច់របស់រុស្ស៊ីក្នុងការត្រួតត្រាអ៊ុយក្រែន»។
ការវាយតម្លៃរបស់សហរដ្ឋអាមេរិកកាលពីមុន បានបង្ហាញថា ខណៈលោក Putin មិនមានចេតនាបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដណ្តើមយកអ៊ុយក្រែនទាំងមូលនោះ តាមមើលទៅគាត់អាចមានឆន្ទៈផ្អាកការប្រយុទ្ធគ្នាជាផ្លូវការ ដើម្បីផ្តល់ពេលវេលាឲ្យកងកម្លាំងរបស់គាត់ក្នុងការរៀបចំឡើងវិញ បន្ទាប់ពីការខាតបង់យ៉ាងច្រើន ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក អ្នកស្រី Avril Haines បាននិយាយកាលពីខែមុនថា៖ «តាមទស្សនៈរបស់យើង គេអាចជឿបានទាំងស្រុងថា អាស្រ័យលើការវិវឌ្ឍនៃសភាពការណ៍ប៉ុន្មានខែខាងមុខនេះ ហើយលោក Putinជឿជាក់ថា អាចមានប្រយោជន៍ធ្វើកិច្ចព្រមព្រៀងមួយចំនួន»។
ការប៉ាន់ស្មានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនិយាយថា ទាហានរុស្ស៊ីប្រមាណ១ម៉ឺន៥ពាន់នាក់បានស្លាប់នៅអ៊ុយក្រែន និង ៤ម៉ឺន៥ពាន់នាក់រងរបួស។ មន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា ចំនួនទាហានរុស្ស៊ីស្លាប់មានប្រហែល៣ម៉ឺន៨ពាន់នាក់។ លោកBurns ហាក់បីដូចជាសង្ស័យអំពីគំនិតសុទិដ្ឋិនិយមអំពីលទ្ធភាពមានកិច្ចព្រមព្រៀង ព្រោះវាខុសពីទស្សនៈរបស់លោក Putin អំពីពិភពលោក៕