អាមេរិក​ព្រមាន​អំពី​ការ​ជ្រៀតជ្រែក​ការ​បោះឆ្នោត​ថែមទៀត​​​​ពី​​រុស្ស៊ី​និង​អ៊ីរ៉ង់

សារ​​តាម​អ៊ីមែលបែប​គំរាមកំហែង​​​ដែល​អះអាង​ថា​ចេញ​ពី​ក្រុម The Proud Boys ដែល​អ្នក​បោះឆ្នោត​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ទទួល​ ទទូច​ឲ្យ​ពួក​គេ​បោះឆ្នោត​ឲ្យ​លោក Donald Trump។ (STAR MAX)

ប្រទេស​រុស្ស៊ី​និង​អ៊ីរ៉ង់​កំពុង​បង្កើន​ការវាយ​ប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​កុំព្យូទ័រ​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក ហើយ​ថែមទាំង​កំពុង​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដោយ​សង្ឃឹម​ថា នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​អ្នក​បោះឆ្នោត​អាមេរិកាំង​មិន​ដល់២​សប្តាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតីនៅ​ថ្ងៃទី៣ ខែ​វិច្ឆិកា។

ការ​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មក​ពី​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​និង​មន្ត្រី​សន្តិសុខបោះឆ្នោត​សហរដ្ឋ​អាមេរិក បាន​កើត​មាន​ឡើង​មិន​ដល់​២៤ម៉ោង​ផង​បន្ទាប់​ពី​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ បាន​ស្តី​បន្ទោស​ប្រទេស​អ៊ីរ៉ង់​ចំពោះ​ការចាប់ផ្តើម​វាយ​ប្រហារ​លើក​ទី១​លើ​ការ​បោះឆ្នោត​នៅពេល​ខាង​មុខ ដោយ​បាន​ចោទប្រកាន់​ថា​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ស្ថិត​នៅ​ខាង​ក្រោយ​នៃ​ការបោក​បញ្ឆោត​តាម​អ៊ីមែល​ដែល​មាន​គោល​បំណង​បំភិត​បំភ័យ​ពួក​អ្នក​បោះឆ្នោត។

ការណែនាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​សំណាក់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ ​FBI និង​ទីភ្នាក់ងារ​សន្តិសុខ​ប្រព័ន្ធ​កំព្យូទ័រ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​បាន​បញ្ជាក់​ថា អ៊ីមែល​បំភិត​បំភ័យ​អ្នកបោះឆ្នោត​និង​សមត្ថភាព​របស់​រុស្ស៊ី​និង​អ៊ីរ៉ង់​ដើម្បី​ចូល​ក្នុង​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​គឺ​ជា​ការចាប់ផ្តើម​នៃ​យុទ្ធនាការ​កាន់តែ​ធំ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក៕