អាមេរិក​ព្រមាន​ថា​អាច​មាន​ជម្លោះ​ជាមួយ​ចិនដោយសារការ​ប៉ាន់ស្មាន​ខុស ចំ​ពេល​ភាព​តានតឹង​កើនឡើង

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងកិច្ចសន្ទនាមួយ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​ការ​ទាក់ទងជាមួយ​នឹង​ប្រទេសចិន ខណៈ​ដែល​ខ្លួន​មើល​ឃើញ​ថា លទ្ធភាព​នៃ​ជម្លោះ​ដោយ​សារ​ការ​ប៉ាន់ស្មាន​ខុសលើ​ដៃគូ​ប្រកួត​ប្រជែង​កំពូល​របស់ខ្លួននេះ​កំពុង​កើនឡើង។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋមន្ត្រីក្រសួង​ការបរទេស​លោក Antony Blinken នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​ក្នុង​សប្តាហ៍​នេះ។

ក្រសួង​បាន​ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក Blinken ត្រូវ​បាន​គេរំពឹងថា​ នឹង​ជួបជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​ចិន រួម​ទាំង​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក Qin Gang ផងដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាលប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដើម្បី​កែសម្រួល​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិចគ្នា​ផ្នែក​ការទូត​ជាបន្ត​បន្ទាប់​រវាង​ប្រទេស​ទាំងពីរ។

លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រីការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរសព្ទ​មួយ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «យើងធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ដោយពាំនាំយក​ទៅ​ជាមួយ​នូវ​វិធីសាស្រ្ត​ដែល​ប្រាកដ​និយម និង​គួរ​ឱ្យ​ជឿជាក់​មួយ ​និង​មាន​គោល​បំណង​ដ៏​ល្អ​មួយ​ក្នុង​ការ​គ្រប់គ្រង​ការប្រកួតប្រជែង​របស់​យើង​តាម​វិធី​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរសព្ទ​នោះ លោក Kurt Campbell ជំនួយការ​រង​របស់​លោក​ប្រធានាធិបតី Joe Biden និង​ជា​អ្នកសម្រប​សម្រួល​កិច្ចការ​ឥណ្ឌូប៉ាស៊ីហ្វិក​នៅ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​បាន​និយាយ​ថា៖ «ឥឡូវ​នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​ទំនាក់​ទំនង​ការទូត​ដ៏​ខ្លាំង​ក្លា»។

កាលពីសប្តាហ៍មុន លោក Campbell បានអំពាវនាវឱ្យរក្សា «ការទូត​សមស្រប» ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​និយាយ​ថា លទ្ធភាព​នៃ​ជម្លោះ​ដោយ​សារការប៉ាន់ស្មាន​ខុស​លើ​ប្រទេស​ចិន​កំពុង​កើនឡើង។

លោក Campbell បាន​លើកឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ពិភាក្សា​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថានHudson ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាល​ពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឱ្យ «រក្សា​ទំនាក់ទំនង​បើក​ចំហ» ជាមួយ​នឹង​ប្រទេសចិន​ដើម្បី​ជៀសវាង «ការ​ប៉ាន់ស្មាន​ខុស​និង​ជម្លោះ» ក្នុង​អំឡុង​ពេល​ការ​ហៅទូរសព្ទ​របស់​លោក​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក Qin Gang។ នេះ​បើ​យោង​តាម​សេចក្តី​សង្ខេប​នៃ​កិច្ចសន្ទនា​តាម​ទូរសព្ទ​នេះ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោក Qin បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​គោរព «ការព្រួយបារម្ភស្នូល​នានា​របស់ចិន» និង «បញ្ឈប់​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន និង​បញ្ឈប់​ការ​ធ្វើ​ឱ្យ​ខូចខាតដល់​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេសចិន ដោយ​ប្រើ​លេស​ប្រកួតប្រជែង»។ នេះ​បើ​យោង​តាម​សេចក្តី​សង្ខេប​នៃ​កិច្ចសន្ទនា​តាម​ទូរសព្ទផ្ញើ​ចេញ​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃស្វាគមន៍គ្នានៅក្នុងជំនួបមួយ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

ក្រុម​អ្នកវិភាគ​និយាយ​ថា លទ្ធភាព​នៃ​ការម្រេច​លើ​បញ្ហា​ទ្វេភាគី​សំខាន់ៗ​នៅតែ​មាន​កម្រិត​ទាប​ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​នេះ។

លោក Dennis Wilder អតីត​នាយក​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការប្រទេស​ចិន​បាន​មាន​ប្រសាសន៍​ថា៖ «​រឿង​ល្អ​បំផុត​ដែល​ដំណើរ​ទស្សនកិច្ច​នេះ​អាច​សម្រេច​បាន​គឺ​ការ​បង្កើត​វេទិកា​ទំនាក់ទំនង​ទ្វេភាគី​មួយ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ទំនាក់ទំនងកម្រិត​គណៈរដ្ឋមន្ត្រី​ផ្សេងទៀត»។

លោក Wilder ដែល​ឥឡូវ​នេះ​ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​កិច្ច​សន្ទនា​សហរដ្ឋ​អាមេរិក-ចិន​ស្តីពី​បញ្ហា​សកល​នៅ​សាកលវិទ្យាល័យ Georgetown ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ស្ថិរភាព​ពិតប្រាកដ​នៅ​ក្នុង​ទំនាក់ទំនង​នឹង​ពិបាក​សម្រេច​បាន ដោយសារ​តែ​កម្រិតខ្ពស់​នៃការមិនទុកចិត្ត​គ្នា និង​ស្ថានភាព​មិន​អាចដោះស្រាយ​បាន​នៃ​បញ្ហា​នានាដូចជា​ការ​រឹត​បន្តឹង​របស់​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក​លើ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ទំនើបទៅ​កាន់​ប្រទេស​ចិន​ជាដើម»។

លោក Patrick Cronin ប្រធាន​ផ្នែកសន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន Hudson បាននិយាយថា៖ «ការ​ពិភាក្សា​គ្នា​គឺ​មាន​សារៈសំខាន់ បើ​ទោះ​បី​ជា​មិនមាន​ការ​សម្រេច​បាន​អ្វី​ក៏​ដោយ»។

លោក Cronin បាន​និយាយ​ថា ភាគី​ទាំងពីរ​អាច​ទទួល​បាន​ជោគជ័យ​មួយ​ចំនួន​លើ​បញ្ហា​អ៊ុយក្រែន ពាណិជ្ជកម្ម និង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក Cronin និយាយ​ថា៖ «​ដោយ​មាន​គោល​បំណងដូចគ្នា​ក្នុង​ការ​ទទួល​បានជំហរការទូត​ខ្ពស់​នៅ​ពេល​ក្រុម​មេដឹកនាំ​ជួបគ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ចុង​ឆ្នាំ​នេះ ខ្ញុំគិតថាលោក​រដ្ឋមន្ត្រី Blinken នឹង​អាច​រកឃើញផលប្រយោជន៍​រួម​មួយ​ចំនួន។ ការ​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយក្រែន​ដោយ​សន្តិវិធី​ការផ្តួចផ្តើម​កិច្ច​ពិភាក្សា​ស្តី​ពី​បញ្ញា​សិប្បនិម្មិត ឬ AI បញ្ហា​ពាណិជ្ជកម្ម និង​ការប្រែប្រួល​អាកាសធាតុ​គឺ​សុទ្ធ​តែ​អាចជាផលប្រយោជន៍​រួម។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅ​កាន់​ទីក្រុង​ប៉េកាំង​នេះ​ត្រូវ​បាន​យល់​ព្រម​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ពេល​ដែល​ពួកគេ​ទាំង​ពីរ​នាក់​បាន​ជួបគ្នា​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួប​នោះ​មិន​បាន​ផ្តល់​ភាព​ជោគជ័យ​អ្វីមួយ​ទេ ប៉ុន្តែ​គេ​មើល​ឃើញ​ថា​ វាជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​រក្សា​ស្ថិរភាព​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

ប៉ុន្តែ​ភាព​តានតឹង​បាន​កើន​ឡើង ខណៈ​ភាគី​ទាំង​ពីរ​បាន​ប៉ះ​ទង្គិច​គ្នា​ជុំវិញ​បញ្ហាក្តៅ​គគុក​នានា ដែល​រួម​មាន​បញ្ហា​តៃវ៉ាន់ និង​បញ្ហាអ៊ុយក្រែន​ជាដើម។

កាលពី​ខែកុម្ភៈ លោក Blinken បាន​លុបចោល​ការ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉េកាំង បន្ទាប់​ពី​មាន​ការសង្ស័យថា បាឡុងចារកម្ម​របស់​ចិន​បាន​រំលោភ​លើ​ដែន​អាកាស​របស់​សហរដ្ឋ​អាមេរិក។

ចាប់​តាំង​ពី​ពេល​នោះ​មក សហរដ្ឋ​អាមេរិក​បាន​ខិត​ខំប្រឹង​ប្រែង​ឥត​ឈប់ឈរ ដើម្បី​បន្ត​កិច្ចសន្ទនា​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង បើ​ទោះ​បី​ជា​មាន​ភាព​តានតឹង​នានា​ក៏​ដោយ។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មាន​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​រវាង​ភាគី​ទាំងពីរ​អំពី​លទ្ធភាព​នៃ​ការ​បែកបាក់​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

កាលពី​សប្តាហ៍មុន លោក Kritenbrink និង​អ្នកស្រី​ Sarah Beran នាយិកា​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​ទទួលបន្ទុក​កិច្ចការ​ប្រទេស​ចិន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង ដើម្បី​ជួប​ជាមួយ​នឹង​លោក Ma Zhaoxu អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោក Yang Tao ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាមេរិក​ខាងជើង​និងមហាសមុទ្រ៕