ខណៈដែលក្រសួងការបរទេសសហរដ្ឋអាមេរិកប្រុងប្រៀបប្រកាសរបាយការណ៍របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ អំពីការវាយតម្លៃលើស្វ័យភាពរបស់ទីក្រុងហុងកុង រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញក្ដីបារម្ភពាក់ព័ន្ធនឹងការប្រើប្រាស់វិធានការយ៉ាងចាស់ដៃរបស់ប្រទេសចិន ក្នុងការបង្ក្រាបបាតុករទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា៖ «យើងបន្តតាមដានដោយមានក្ដីបារម្ភកើនឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងបង្កើនការប្រឹងប្រែងដើម្បីជ្រៀតជ្រែកលើអភិបាលកិច្ចទីក្រុងហុងកុង។ ការធ្លាក់ចុះនូវសេរីភាពរបស់ទីក្រុងហុងកុងគឺផ្ទុយទៅនឹងការសន្យារបស់គណបក្សកុម្មុយនិស្តចិនអំពីប្រទេសមួយ ប្រព័ន្ធពីរ»។
លោក Pompeo បានប្រាប់អ្នកកាសែតថា៖ «ការប្រឹងប្រែងណាមួយនៅក្នុងការដាក់កំហិតច្បាប់សន្តិសុខជាតិឃោរឃៅលើទីក្រុងហុងកុងគឺមិនស្របជាមួយនឹងការសន្យារបស់រដ្ឋាភិបាលក្រុងប៉េកាំង ហើយនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅទីនោះ»។
ការលើកឡើងរបស់លោក Pompeo នេះបានធ្វើឡើងនៅពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិកត្រៀមដាក់របាយការណ៍ជូនសភា អំពីការវាយតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើឋានៈស្វ័យភាពរបស់ទីក្រុងហុងកុង។ ច្បាប់របស់សហរដ្ឋអាមេរិកតម្រូវឲ្យក្រសួងការបរទេសបញ្ជាក់អះអាងថា ទីក្រុងហុងកុងពិតជានៅមានស្វ័យភាពគ្រប់គ្រាន់ ដើម្បីជាហេតុផលត្រឹមត្រូវសម្រាប់លក្ខខណ្ឌអនុគ្រោះពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងហុងកុង។
ភាពតានតឹងនយោបាយបានកើនឡើងនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីការិយាល័យតំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងទីក្រុងហុងកុង បានបញ្ជាក់ថា ខ្លួនមិនគោរពតាមច្បាប់ដែលរារាំងការធ្វើអន្តរាគមន៍ណាមួយពីរដ្ឋាភិបាលក្រុងប៉េកាំងលើទីក្រុងហុងកុង។
ទីក្រុងហុងកុងត្រូវបានអង់គ្លេសប្រគល់ជូនប្រទេសចិនវិញនៅក្នុងឆ្នាំ ១៩៩៧ ក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលផ្ដល់សេរីភាពជាច្រើនដល់ទីក្រុងហុងកុងខុសពីនៅចិនដីគោក។
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ អាជ្ញាធរក្នុងទីក្រុងហុងកុងបានចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ១៥ នាក់ ដែលក្នុងនោះមានទាំងលោក Martin Lee វ័យ ៨១ ឆ្នាំផងដែរ ដែលជាវិធានការមួយដែលត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក។
ប្រទេសចិនបានច្រានចោលការរិះគន់នេះ ដោយនិយាយថា សហរដ្ឋអាមេរិកកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន៕
ប្រែសម្រួលដោយលោក ភី សុភាដា