ស.រ.អា.​​បង្ហាញ​ជំហរ​ចង់​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​បន្ថែម​ទៀត

Your browser doesn’t support HTML5

មន្ត្រី​អាមេរិកាំង​ជាន់ខ្ពស់​ឲ្យ​ដឹង​ថា​ អាមេរិក​ចង់​ពង្រីក​ទំនាក់​ទំនង​ជាមួយ​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​ស.រ.អា.មួយ​រូប​បាន​អះអាង​ថា​ ស.រ.អា.ចង់​ពង្រឹង​កិច្ច​សហការ​ជា​មួយ​កម្ពុជា​ថែម​ទៀត​លើ​វិស័យ​ផ្សេងៗ​ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ ​បន្ទាប់ពី​គូ​ភាគី​ជម្លោះ​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ ដែល​អូស​បន្លាយ​រយៈ​ពេល​មួយ​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក​ ស្កត់ ម៉ាស៊ែល​ (Scot Marciel) ​ឧបការី​រង​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​មន្ត្រី​កម្ពុជា។​

«យើង​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រជាជាតិ​កម្ពុជា​ ពលរដ្ឋ​កម្ពុជា ​កសាង​ ទំនាក់​ទំនង​ជិតស្និទ្ធ​ថែម​ទៀត​ជាមួយ​ពលរដ្ឋ​កម្ពុជា​ ហើយ​សង្ឃឹម​ថា ​នឹង​ធ្វើការ​ ជាមួយ​គ្នា​ មិន​ត្រឹម​តែ​កិច្ចការ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ តែ​កិច្ចការ​ក្នុង​តំបន់​ដែល​ ត្រូវ​ដោះស្រាយ​នោះ​ ហើយ​នឹង​ការ​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែកកែទម្រង់ ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្នែក​សុខភាព​ និង​ លើក​ទឹកចិត្ត​លើ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច។​ យើង​មាន​ផល​ប្រយោជន៍​ឲ្យ​កម្ពុជា​ ទទួល​បាន​ជោគជ័យ​ ទាំង​ផ្នែក​ប្រជាធិបតេយ្យ​ ការ​រីក​ចម្រើន មាន​សុខភាព​ល្អ​ និង​ការ​សិក្សា​ល្អ។​ ជាថ្មី​ទៀត​រឿង​នេះ​ស្រេចតែ​លើ​ពលរដ្ឋ​កម្ពុជា​ទេ​ តែ​យើង​ចង់​ជួយ​គាំទ្រ​រឿង​នេះ»។​

លោក​ម៉ាស៊ែល​បានថ្លែង​ដូច្នេះ​ ក្រោយពី​លោក​បានជួប​ជាមួយ​នឹង​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​គឺ​លោក​អ៊ុច បូរិទ្ធ ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ក្នុង​ដំណើរ​បេសកកម្ម​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ប្រទេស​បី​គឺ ​ថៃ​ ​វៀតណាម ​និង ​កម្ពុជា​ដែល​លោក​ត្រួត​ពិនិត្យ​មើល​ស្ថានការណ៍​សេដ្ឋកិច្ច​ និង​នយោបាយ​នោះ។​

លោក​ក៏បាន​កត់​សម្គាល់ឃើញ​ពី​ការ​រីក​ចម្រើនផ្នែក​នយោបាយ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ ហើយ​បាន​ចូលរួម​ប្រជុំ​សភា​ផង​ដែរ​ តែ​លោក​ថា​ ស.រ.អា.ក៏ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែរ​ រំពឹង​ថា ​នឹង​ឃើញ​មាន​ការ​កែ​ទម្រង់ជាច្រើន​កើត​ឡើង​ នា​ពេល​ខាង​មុខ។​

«ខ្ញុំ​គិត​ថា ​អ្វី​ដែល​យើង​ចង់​ឃើញ​បន្ត​ ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែរ​ ដែល​ពួក​គេ​បាន​ បញ្ជាក់​ច្បាស់​ថា ​ពួក​គេ​ចង់​ឃើញ​មាន​ការ​កែទម្រង់ថែម​ទៀត​ មាន​ការ​រីក​ចម្រើន​ ថែម​ទៀត ​លើ​បញ្ហា​ប្រឈម​នានា​ ដែល​កម្ពុជា​ជួប​ប្រទះ​ ហើយ​យើង​មាន​ អារម្មណ៍​ចង់​បាន​ដូច​គ្នា​នេះ​ដែរ។​ យើង​សង្ឃឹម​ថា​ រដ្ឋាភិបាល​និង​សភា​ដែល​បាន​ ចូល​ប្រជុំ​ពេល​នេះ ​អាច​ដំណើរការ​កំណែ​ទម្រង់​មួយ​ចំនួន​ ដែល​ពលរដ្ឋ​កម្ពុជា​ បាន​ទទូច។​ ហើយ​យើង​គិត​ថា ​នេះ​ជា​ជំហ៊ាន​វិជ្ជមាន​មួយ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្កត់ ម៉ាស៊ែល​ដូច្នេះ​កើតឡើង​ក្រោយ​ពេល​មួយ​ ថ្ងៃ​ដែល​សភា​ទាំងពីរ​គណបក្ស​បាន​ចូលរួម​ប្រជុំ​ដំបូង​កាលពី​ថ្ងៃ​អង្គារ​ ក្រោយ​ពេល​ដែល​គណបក្ស​ទាំងពីរ​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ ហើយ​ចូល​រួម​ប្រជុំ​សភា​ដើម្បី​អ្វីមួយ​ដែល​គេ​គិត​ថា​ ជាការ​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ មាន​ភាព​ស្រប​ច្បាប់​ត្រឹមត្រូវ​នឹង​បន្ត​ប្រក្រតី​ភាព​របស់​រដ្ឋាភិបាល។​ ស.រ.អា.ធ្លាប់​បាន​ទទូច​ឲ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​នយោបាយ​ ដោយ​សន្តិវិធី​ និង​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៃ​ការ​បោះឆ្នោត​កន្លង​មក។​

ក្នុងពេល​ជួប​ជាមួយ​លោក​អ៊ុច បូរិទ្ធ​នោះ ​ លោក​ស្កត់ ម៉ាស៊ែល​ត្រូវក្រុម​មន្ត្រី​អះអាង​ថា​ បាន​ពិភាក្សា​បញ្ហា​ផ្សេងៗ​ទៀត ​ទាំង​បញ្ហា​ទ្វេភាគី ​និង​បញ្ហា​ក្នុង​តំបន់​ផង​ដែរ។​

សូម​រង់​ចាំ​ស្តាប់​កិច្ច​សម្ភាសន៍ជាមួយ​វីអូអេ​ដែល​មាន​ជា​វីដេអូ​ផង​ដែរ៕