៥០ ឆ្នាំក្រោយមកបន្ទាប់ពីកងទ័ពអាមេរិកបានចាកចេញពីវៀតណាមខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសៅរ៍បានសម្លឹងទៅរកការពង្រឹងទំនាក់ទំនងជាមួយនឹងគូសត្រូវចាស់របស់អាមេរិកនេះនៅរដ្ឋធានីហាណូយ ស្របពេលដែលអាមេរិកស្វះស្វែងទប់ទល់នឹងភាពក្អេងក្អាងរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Blinken និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្តេជ្ញាបង្កើនទំនាក់ទំនងឱ្យដល់កម្រិតថ្មីមួយ នៅពេលលោកទាំងពីរបានជួបប្រជុំគ្នាក្នុងពេលត្រឹមពីរសប្តាហ៍ក្រោយមក បន្ទាប់ពីខួប ៥០ ឆ្នាំនៃការដកកងទ័ពអាមេរិកចេញពីវៀតណាមខាងត្បូង ដែលការដកកងទ័ពនេះបានកំណត់អំពីការបញ្ចប់ការចូលពាក់ព័ន្ធដោយផ្ទាល់របស់យោធាអាមេរិកនៅវៀតណាម។
ជំនួបនេះបានធ្វើឡើងខណៈពេលដែលលោក Blinken បានសម្ពោធបើកការដ្ឋានសាងសង់ស្ថានទូតថ្មីរបស់សហរដ្ឋអាមេរិកនៅរដ្ឋធានីប្រទេសវៀតណាម ដែលត្រូវចំណាយថវិកា ១,២ ពាន់លានដុល្លារ និងជាគម្រោងមួយដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden សង្ឃឹមថានឹងបង្ហាញអំពីការតាំងចិត្តរបស់ខ្លួននៅក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង ក្នុងពេលជិត ៣០ ឆ្នាំក្រោយមកបន្ទាប់ពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបានស្តារឡើងវិញនៅឆ្នាំ ១៩៩៥។
បើទោះបីជាមានការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរនៅវៀតណាមក៏ដោយ ក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកមើលឃើញវៀតណាមថាជាធាតុដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានស្វះស្វែងទាញប្រយោជន៍ពីជម្លោះរវាងវៀតណាមនឹងចិនដើម្បីពង្រីកឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់។
លោក Blinken បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានជួបប្រជុំជាមួយលោក Chinh រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងប្រធានបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong មកថា៖ «យើងគិតថានេះជាវេលាដ៏មហោឡារិកដើម្បីលើកកម្ពស់ភាពជាដៃគូដែលមានស្រាប់របស់យើង»។
លោក Chinh បានថ្លែងថា៖ «នេះជាទំនាក់ទំនងដ៏ទូលំទូលាយបំផុតនិងប្រកបដោយប្រសិទ្ធភាព ហើយតទៅមុខទៀតយើងនឹងបន្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែស៊ីជម្រៅ។ យើងសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីនិងការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកឬតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោក Chinh បានបន្ថែមថា រដ្ឋាភិបាលវៀតណាមចង់ «លើកកម្ពស់ទំនាក់ទំនងទ្វេភាគីនេះឱ្យដល់កម្រិតថ្មីមួយទៀត»។
រួមជាមួយនឹងប្រទេសជិតខាងដែលតូចជាងចិនមួយចំនួនទៀត វៀតណាមមានជម្លោះដែនទឹកនិងដែនដីជាមួយចិននៅសមុទ្រចិនខាងត្បូង។ អាមេរិកបានឆ្លើយតបដោយផ្តល់ការគាំទ្រផ្នែកការទូតនិងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងហ្វីលីពីននិងកោះតៃវ៉ាន់។
លោក Blinken បានកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ចប់ការផ្ទេរនាវាទី ៣ របស់កងឆ្មាំសមុទ្រអាមេរិកទៅឱ្យវៀតណាម ដែលនឹងបង្គ្រប់កិច្ចសហប្រតិបត្តិការសន្តិសុខដែនទឹកដែលមានស្រាប់ដែលរដ្ឋាភិបាលអាមេរិកបានផ្តល់ឱ្យវៀតណាមនូវនាវាល្បាតចំនួន ២៤ គ្រឿងនិងឧបករណ៍និងការបណ្ដុះបណ្ដាលនានាតាំងពីឆ្នាំ ២០១៦ មក។
លោក Blinken បានថ្លែងថា៖ «សមាសភាគទាំងអស់នេះពង្រឹងសមត្ថភាពវៀតណាមដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពដែនទឹកនៅសមុទ្រចិនខាងត្បូង»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
អាមេរិកនិងវៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនងក្នុងអំឡុងទស្សនកិច្ចរបស់លោក Blinken នៅវៀតណាម
ទីក្រុងហាណូយ ប្រទេសវៀតណាម —