វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកជំរុញប្រទេសចិននិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលត្រូវបានហៅកាត់ថា អាស៊ាន ឲ្យពន្លឿនដំណោះស្រាយជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង។
ថ្លែងក្នុងជំនួបនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននាទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រកន្លងទៅនេះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃែររី (John Kerry) បានមានប្រសាសន៍ថា តំបន់អាស៊ីអាគ្នយ៍គឺជាផ្លូវសមុទ្រដ៏សំខាន់និងមានសកម្មភាពពាណិជ្ជកម្មមមាញឹកបំផុតមួយក្នុងពិភពលោក។ ដូច្នេះសិ្ថរភាពនៅតំបន់នេះក៏ជាប្រយោជន៍ដ៏សំខាន់សម្រាប់ភាពរុងរឿងរបស់សហរដ្ឋអាមេរិកដែរ ដែលនេះគឺជាមូលហេតុដែលសហរដ្ឋអាមេរិកផ្តោតការយកចិត្តទុកដាក់ទៅលើសន្តិសុខដែនសមុទ្រនិងចរាចរណ៍សមុទ្រក្នុងតំបន់នេះ។ លោក ឃែររី ក៏ជំរុញឲ្យប្រទេសចិននិងអាស៊ានរៀបចំក្រមប្រតិបត្តិរូមដោយអនុលោមតាមច្បាប់អន្តរជាតិឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។
នៅក្នុងថ្ងៃសុក្រនេះដែរ លោក ឌែញែល រ៉ាស្សល (Daniel Russel) ដែលជាអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ក៏បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅបូរីញូវយ៉កដែរថា ប្រទេសដែលទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូងត្រូវធ្វើការដោយឈរលើស្មារតីលម្អិតផ្អែកលើបច្ចេកទេសនិងស្របតាមច្បាប់អន្តរជាតិដោយមិនយកប្រវត្តិសាស្ត្រជាគោល។ លោកក៏បានថ្លែងទៀតថា សហរដ្ឋអាមេរិកចង់ឃើញចិននិងអាស៊ានធ្វើការរួមគ្នាដើម្បីបង្កើតក្រមប្រតិបត្តិ។
«យើងយល់ថា ការវិវត្តលឿនឆ្ពោះទៅរកការបង្កើតក្រមប្រតិបត្តិគឺសំខាន់ណាស់ ទាំងក្រមដែលជាក្របខណ្ឌផ្អែកលើបទបញ្ញត្តិដែលគ្រប់គ្រងឥរិយាបទរបស់គ្រប់ភាគីនិងប្រទេសទាមទារនិងទាំងការប្រតិបត្តិ ពីព្រោះគ្រោះថ្នាក់នឹងកើតឡើងចំពោះមិនត្រឹមតែប្រទេសដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែចំពោះតំបន់ទាំងមូលដោយសារឧបទ្ទវហេតុពីការប៉ះទង្គិចដោយប្រការណាមួយនោះគឺធ្ងន់ធ្ងរ ហើយត្រូវការការគ្រប់គ្រង»។
ប្រទេសដែលពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រចិនខាងត្បូងរួមមាន ចិន តៃវ៉ាន់ ហ្វ៊ីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុណេ និងឥណ្ឌូណេស៊ី។ ប៉ុន្តែ ចិន វៀតណាម និងហ្វ៊ីលីពីន មានភាពសកម្មជាងគេនៅក្នុងភាពតានតឹងនេះ។
ទោះបីជាភាគីជម្លោះយល់ឃើញថា ត្រូវមានក្រមប្រតិបត្តិដើម្បីដោះស្រាយជម្លោះដែនទឹកសមុទ្រខាងត្បូងនេះក្តី រហូតមកដល់ពេលនេះ មិនទាន់មានពិភាក្សាលម្អិតលើកិច្ចព្រមព្រៀងរវាងអាស៊ាននិងប្រទេសចិនស្តីពីក្រមប្រតិបត្តិនេះនៅឡើយ។ ប្រទេសសមាជិកអាស៊ានទាំង១០បានព្យាយាមជាង១ទសវត្សរ៍មកហើយដើម្បីធានាកិច្ចព្រមព្រៀងជាមួយប្រទេសចិនស្តីពីក្រមប្រតិបត្តិផ្លូវការ។ ប្រទេសចិនទាមទារយកស្ទើរតែទាំងអស់នូវដែនទឹកក្នុងសមុទ្រចិនខាងត្បូងសូម្បីតែដែនទឹកនៅជិតឆ្នេរប្រទេសជិតខាង ហើយបានប្រកាសជាថ្មីថា ខ្លួនយល់ព្រមឲ្យមានក្រមប្រតិបត្តិមួយ តែមិនព្រមធ្វើសម្បទានណាមួយដែលអាចកាត់បន្ថយការទាមទាររបស់ខ្លួននោះទេ។
នៅក្នុងសេចក្តីថ្លែងការទៅការក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននោះដែរ លោក រដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ចន ឃែររី បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិកនិងតំបន់អាស៊ាន។
លោកមានប្រសាសន៍ថា សហរដ្ឋអាមេរិកក៏យកចិត្តទុកដាក់លើគម្រោងនានានៅតំបន់ទន្លេមេគង្គដែរ ដោយលោកសង្កត់ធ្ងន់ថា ទន្លេមេគង្គគឺជាទន្លេដ៏អស្ចារ្យមួយក្នុងពិភពលោក ដែលប្រទេសជាច្រើននៅតាមដងទន្លេនេះមានចំណែក។ ហើយសហរដ្ឋអាមេរិកចាប់អារម្មណ៍ចូលរួមជួយដោះស្រាយការប្រឈមនានាដែលរួមមានឋាមពល បរិស្ថាន ធនធានទឹក កសិកម្ម និងសន្តិសុខម្ហូបអាហារ។ លោកថា កិច្ចប្រឹងប្រែងទាំងនេះអាចជួយកែលម្អជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ លោកបន្តថា ហេតុនេះទាំងសហរដ្ឋអាមេរិកនិងប្រទេសនៅក្នុងតំបន់ត្រូវវិនិយោគបន្ថែមទៀតនៅក្នុងតំបន់នេះ៕