ឯកអគ្គរដ្ឋទូតអាមេរិកបានទទូចដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់ចោលជាបន្ទាន់នូវសំណុំរឿងចារកម្មលើអ្នកយកព័ត៌មានអាស៊ីសេរីពីរនាក់ ដើម្បីធានាថា កម្ពុជាផ្តល់លម្ហសេរីភាពសារព័ត៌មានពេញលេញ។
លោកឯករដ្ឋទូត W. Patrick Murphy បានស្នើតាមរយៈលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងជំនួបមួយកាលពីថ្ងៃអង្គារ ឲ្យលើកលែងការចោទប្រកាន់មកលើអ្នកយកព័ត៌មានទាំងពីររូប គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន។ នេះបើយោងតាមលោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានប្រាប់វីអូអេតាមសារអ៊ីមែលមួយ នៅថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកថ្លែងថា៖ «លោកឯកអគ្គរដ្ឋទូតបានទទូចឲ្យរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទម្លាក់ចោលបទចោទប្រឆាំងអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីជាបន្ទាន់»។
ករណីរបស់ពួកគេទាំងពីរ ត្រូវបានចៅក្រមតុលាការកំពូល កាលពីខែតុលា ឆ្នាំ ២០២០ បានសម្រេចឲ្យបន្តស៊ើបអង្កេត ទាក់ទងនឹងការចោទប្រកាន់រឿងចារកម្ម គឺបញ្ជូនព័ត៌មានឲ្យរដ្ឋបរទេស។
ក្នុងជំនួបដែលធ្វើឡើងក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី៩ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងធ្វើឲ្យមានបរិយាកាសល្អប្រសើរដល់អ្នកបំពេញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ការពិភាក្សាកិច្ចការជាច្រើនជុំវិញការពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក និងបញ្ហាតំបន់មួយចំនួនក៏ត្រូវបានធ្វើឡើងក្នុងកិច្ចសន្ទានាដដែលនោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។
លោក Chad Roedemeier មន្ត្រីនាំពាក្យស្ថានទូតអាមេរិក លើកឡើងទៀតថា ការទម្លាក់ចោលបទចោទទាំងឡាយលើអតីតអ្នកកាសែតអាសេរីនឹងបង្ហាញនូវការប្តេជ្ញាចិត្តជាថ្មី ចំពោះសេរីភាពសារព័ត៌មានដូច ដែលបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
មន្រ្តីនាំពាក្យរូបនោះបន្ថែមថា៖ «លោកឯករដ្ឋទូតបានស្នើសុំលោករដ្ឋមន្ត្រី[ព័ត៌មាន] ឲ្យការពារសិទ្ធិបញ្ចេញមតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ការសម្តែងមតិរិះគន់និងជំទាស់ដោយសន្តិវិធីមានសារៈសំខាន់ សម្រាប់ដំណើរការប្រជាធិបតេយ្យ»។
បើតាមព័ត៌មានសង្ខេបមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy និងលោក ខៀវ កាញារីទ្ធ ក៏បានសន្ទនាអំពីការដំណើរការផ្សាយឡើងវិញរបស់សំឡេងសហរដ្ឋអាមេរិកវីអូអេនៅកម្ពុជា និងសារៈសំខាន់នៃសេរីភាពសារព័ត៌មាន នៅបណ្តាប្រទេសដើរតាមបន្ទាត់ប្រជាធិបតេយ្យ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា មានប្រសាសន៍ថា ការចោទប្រកាន់របស់តុលាការមកលើអ្នកកាសែតទាំងពីរនេះ គឺជាគំនាបមួយដែលមិនអនុញ្ញាតឲ្យពួកគេមានសិទ្ធិគ្រប់គ្រាន់ និងសេរីភាពពេញលេញ ក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ឬបំពេញការងារផ្សេងក្រៅពីវិស័យសារព័ត៌មាន។
លោកបញ្ជាក់ថា ការបន្តចោទប្រកាន់ពួកគេក៏ធ្វើឲ្យខូចខាតកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ពាក់ព័ន្ធនឹងការលើកស្ទួយសិទ្ធិសេរីភាពរបស់អ្នកប្រកបអាជីពសារព័ត៌មាន។
«វានៅតែដាក់កម្ពុជាឲ្យស្ថិតនៅក្នុងរូបភាពមួយ ដែលការប្តឹងផ្តល់ការចោទប្រកាន់ពាក្យបណ្តឹងប្រឆាំងអ្នកសារព័ត៌មានហ្នឹង គឺជានិច្ចកាលតែងតែត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់។ អាហ្នឹងគឺវាទម្លាក់រូបភាពយើងនៅក្នុងតួលេខ ឬក៏ឆាកអន្តរជាតិហ្នឹង វាមិនល្អទៅវិញទេ»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់និងឃុំខ្លួនកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមបទចោទប្រកាន់ថា អ្នកទាំងពីរបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
តុលាការកម្ពុជាអះអាងថា ពួកគេទាំងពីរបន្តរាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា។
ក្រោយពេលឃុំខ្លួនពួកគេទាំងពីរនោះ តុលាការបានបំបែកសំណុំរឿងរបស់ពួកគេជាពីរ ដោយពួកគេត្រូវបានចោទពីបទល្មើសមួយផ្សេងទៀតគឺ «ផលិតនិងរក្សាទុករូបភាពអាសអាភាស»។
អតីតការីនិពន្ធរបស់វិទ្យុអាស៊ីសេរីគឺលោក យាង សុធារិន្ទ និយាយថា ការឈឺឆ្អាលរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបន្ធូរការរកាំចិត្តរបស់លោកមួយផ្នែកជាមួយសំណុំរឿង ដែលមិនទាន់ត្រូវបានជម្រះនៅតុលាការ។ លោកមានសុទិដ្ឋិនិយមថា តុលាការអាចពន្លឿននីតិវិធីបញ្ចប់ក្តីក្តាំរបស់លោក ក្រោយមានជំនួបនេះ។
លោកមានប្រសាសន៍ថា៖ «ឯកអគ្គរដ្ឋទូតគាត់លើកឡើងរឿងហ្នឹង គឺមានន័យថា គាត់យកចិត្តទុកដាក់អំពីបញ្ហាសិទ្ធិសេរីភាពពួកខ្ញុំ ហើយពីការប្រឈមរបស់ពួកខ្ញុំនៅក្នុងពេលបច្ចុប្បន្ន ហើយខ្ញុំគិតថា ពួកគាត់គឺចង់ឲ្យបញ្ហាប្តឹងផ្តល់មកលើយើងខ្ញុំនៅលើតុលាការហ្នឹង គឺចង់ឲ្យមានដំណោះស្រាយឆាប់ៗ»។
លោក សុធារិន្ទ សង្ឃឹមថា លោកនិងសហការីម្នាក់ទៀត នឹងទទួលបានយុត្តិធម៌និងសេរីភាពពេញលេញឆាប់ៗផងដែរ ខណៈក្រសួងយុត្តិធម៌ក៏បានបង្ហាញចេតនាពន្លឿននីតិវិធីជម្រះសំណុំរឿងព្រហ្មទណ្ឌ ដែលបានកកស្ទះនៅតុលាការ។
វីអូអេព្យាយាមសុំការអធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ប៉ុន្តែមិនទាន់អាចទាក់ទងបានទេទាំងតាមប្រព័ន្ធតេឡេក្រាម និងទូរស័ព្ទ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់វីអូអេថា សំណើរបស់សហរដ្ឋអាមេរិកមិនអាចដាក់សម្ពាធលើការធ្វើសេចក្តីសម្រេចចិត្តរបស់ប្រព័ន្ធតុលាការកម្ពុជាបានទេ។
«បាទគាត់ស្នើចេះតែស្នើទៅ វាជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែការសម្រេចលើតុលាការ ដែលជាស្ថាប័នឯករាជ្យ សូម្បីក្រសួងយុត្តិធម៌ក៏មិនអាចទៅបង្គាប់បញ្ជាឲ្យតុលាការទម្លាក់បទចោទ ឬក៏មិនទម្លាក់នោះដែរ»។
សព្វថ្ងៃនេះ អតីតអ្នកកាសែតទាំងពីរនាក់នេះកំពុងរស់នៅក្រៅឃុំជាបណ្តោះអាសន្នក្រោមការត្រួតពិនិត្យរបស់តុលាការ។ អ្នកទាំងពីរត្រូវបានដោះលែង កាលពីខែសីហា ឆ្នាំ ២០១៨ បន្ទាប់ពីបានជាប់ក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជិត ១០ ខែ៕