អាមេរិក​និង​អង់គ្លេស​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ហូឡង់​ជា​មេដឹកនាំ​ថ្មី​របស់​អង្គការ​អូតង់

រូបឯកសារ៖ នាយករដ្ឋមន្ត្រីប្រទេសហូឡង់លោក Mark Rutte និង​អគ្គលេខាធិការ​នៃ​អង្គការអូតង់លោក Jens Stoltenberg ក្នុង​អំឡុងកិច្ចប្រជុំអង្គការអូតង់ នៅទីក្រុងព្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រីជិត​ផុត​អាណត្តិរបស់​ប្រទេស​ហូឡង់​លោក​ Mark Rutte កំពុង​ខិត​កាន់តែ​ជិតដើម្បីក្លាយ​ជា​អគ្គលេខាធិការ​ថ្មីរបស់​អង្គការ​អូតង់​ ​ក្រោយ​ពី​មាន​ការ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេសកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​មន្ត្រីសហរដ្ឋ​អាមេរិក​ម្នាក់​និយាយ​ថា៖​ «ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden បាន​គាំទ្រ​បេក្ខភាព​លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ​ជា​ខ្លាំង​ ដើម្បី​ក្លាយ​ជា​អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​អូតង់»។

អគ្គលេខាធិការអង្គការ​អូតង់​ថ្មីនឹង​ត្រូវ​ចូល​កាន់​តំណែង​ក្នុង​ពេល​ដ៏​សំខាន់​មួយ​ក្នុង​ខែ​តុលា​ខាង​មុខ​ ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាពក្នុងការ​បន្ត​គាំទ្រដល់​កិច្ចប្រឹងប្រែង​ការពារ​ជាតិ​របស់​អ៊ុយក្រែនប្រឆាំង​នឹង​រុស្ស៊ី ​ខណៈ​ពេល​ត្រូវ​រៀបចំ​ដើម្បីទទួល​យកលទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក ​ក្នុង​ខែ​វិច្ឆិកា​ផង​ដែរ។​ ​

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump​ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹងប្រកួត​ប្រជែង​ជា​មួយ​ប្រធានាធិបតី​កាន់តំណែង​បច្ចុប្បន្ន​លោក Joe Biden បាន​រងការរិះគន់ជា​ច្រើនថា ​មិន​មាន​ការ​តាំងចិត្ត​ពេញលេញក្នុង​ការ​ការពារ​សម្ព័ន្ធមិត្ត​អង្គការអូតង់​។ លោក Trump បាន​លើក​ឡើង​កាល​ពី​ដើម​ខែ​កុម្ភៈ​ថា​ រុស្ស៊ី​អាច​ធ្វើអ្វី​ក៏​បាន​ដែរ ដល់​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ ដែល​មិនបំពេញ​តាម​ការ​ចំណាយ​លើ​ការការពារ​ជាតិ​របស់​គេ។​ ​

លោក ​Rutte បាននិយាយ​ក្នុងការឆ្លើយ​តប​ទៅ​នឹងការ​ថ្លែង​របស់​លោក Trump ថា​ អឺរ៉ុប​គួរ​ត្រូវ​បញ្ចប់​ការ​ផ្តោត​ទៅ​លើ​លោក​ Trump ហើយ​ត្រូវផ្តោត​ការ​ប្រឹងប្រែង​ផ្ទាល់​ទៅ​លើ​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​វិញ។​

ខណៈ​ដែលនេះ​ជា​ឱកាស​មួយដើម្បីធ្វើ​ឱ្យ​អង្គការ​អូតង់​មាន​ការ​ដឹកនាំដោយ​ភាព​ចម្រុះ​ ដែល​កន្លង​មកតែងតែ​ត្រូវ​បាន​ដឹកនាំ​ដោយ​បុគ្គល​មក​ពី​អឺរ៉ុប​នោះ​ ​លោក​ Rutte នៅ​ពេល​នេះ​ជាបេក្ខភាព​តែ​ម្នាក់​គត់​ ដើម្បី​ស្នងតំណែង​នេះ​ពី​អគ្គលេខាធិការ​បច្ចុប្បន្ន​គឺ​លោក Jens Stoltenberg។ ​លោក Rutte ត្រូវ​ការការគាំទ្រ​ពី​រដ្ឋ​ជា​សមាជិក​ទាំង​ ៣១ ​ប្រទេស​ ដោយ​គ្មានការជំទាស់ ដើម្បី​ក្លាយ​ជាអគ្គលេខាធិការ​ថ្មី​របស់​អង្គការ​សម្ព័ន្ធភាព​យោធា​មួយ​នេះ។​ ​មន្ត្រី​ការទូត​ពីរ​រូប​បាន​បញ្ជាក់​ថា​ លោក Rutte ​មក​ដល់​ពេល​នេះ​មាន​ការ​គាំទ្រ​សម្រាប់​តួនាទី​នេះ​ ពី​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ចំនួន ​២០ ​ប្រទេស​ហើយ៕ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ចេញពីទីភ្នាក់ងារ​សារព័ត៌មាន​ AP