ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងថ្លែងនៅថ្ងៃពុធនេះអំពីការសម្រេចរបស់លោកនៅក្នុងការដកកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី ១១ ខែកញ្ញាខាងមុខ ដែលជាខួបទី ២០ នៃការវាយប្រហារភេរវកម្មលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅក្នុងទីក្រុង New York និងក្រសួងការពារជាតិសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក Biden បាននិយាយថា លោក Biden បានសម្រេចថា៖ «មាគ៌ាឆ្ពោះទៅមុខដ៏ល្អបំផុតដើម្បីធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍របស់សហរដ្ឋអាមេរិកគឺត្រូវបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពី [បានប្រឡូក] អស់រយៈពេល ២០ ឆ្នាំមក។ ដូច្នេះ យើងអាចដោះស្រាយទិដ្ឋភាពនៃការគំរាមកំហែងជាសាកលដូចដែលមាននៅពេលសព្វថ្ងៃនេះ មិនមែនដូចកាលពី ២ ទសវត្សរ៍មុននោះទេ»។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតីមានទស្សនៈដែលមិនផ្លាស់ប្ដូរថា ដំណោះស្រាយចំពោះប្រទេសអាហ្វហ្គានីស្ថានគឺមិនមែនបែបយោធាទេ និងថា សហរដ្ឋអាមេរិកបានប្រឡូកនៅអាហ្វហ្គានីស្ថានយូរជ្រុលពេកហើយ»។
លោក Biden បានសម្រេចរក្សាទុកកងទ័ពសហរដ្ឋអាមេរិកចំនួន ៣.០០០ នាក់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថានបន្តទៀត រហូតដល់ថ្ងៃទី ១១ ខែកញ្ញា។ ការរក្សាទុកនេះគឺហួសកាលបរិច្ឆេទកំណត់ថ្ងៃទី ១ ខែឧសភា ដែលបានព្រមព្រៀងឡើងរវាងរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump និងពួកតាលីបង់ (Taliban) កាលពីឆ្នាំមុន នៅក្នុងការដកកងទ័ពសហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថាន។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនោះបានបញ្ជាក់ថា៖ « យើងបានដឹងជាយូរមកហើយថា កម្លាំងយោធានឹងមិនអាចដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថានបានទេ នឹងមិនអាចបញ្ចប់ជម្លោះផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថានបានឡើយ។ ដូច្នេះ យើងនឹងបញ្ចប់កិច្ចប្រតិបត្តិការយោធារបស់យើង ខណៈដែលយើងផ្តោតលើកិច្ចប្រឹងប្រែងរបស់យើងក្នុងការគាំទ្រផ្នែកការទូតដល់ដំណើរការសន្តិភាពដែលកំពុងបន្តធ្វើ»៕