រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ព្រមាន​ពី​មហន្តរាយ​ហិរញ្ញវត្ថុ​បើ​មិន​បង្កើន​ពិដាន​ប្រាក់​បំណុល​

រូបឯសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ្នកស្រី Janet Yellen ថ្លែង​នៅ​សាកលវិទ្យាល័យ Johns Hopkins នៃ​ការសិក្សា​អន្តរជាតិ​ជាន់ខ្ពស់​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២០ មេសា​ ឆ្នាំ​២០២៣។

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក​ស្រី​ Janet Yellen ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ពី​មហន្តរាយ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ចរបស់​សហរដ្ឋ​អាមេរិក​ និង​សេដ្ឋកិច្ច​ពិភពលោក​ ប្រសិន​បើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden ​និង​សភា មិន​ឯកភាពគ្នា​លើ​ការ​បង្កើនប្រាក់​បំណុលអាមេរិក​ដែល​បាន​ឡើង​ដល់​កម្រិត​ទាល់​ហើយនោះ ដែលការណ៍ធ្វើ​ដូច​នេះ​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​អាមេរិកបន្ត​មាន​ប្រាក់​ដើម្បី​បង់​ថ្លៃ​សេវាផ្សេងៗ​របស់​ខ្លួន​។

លោក​ស្រី ​Yellen បាន​ប្រាប់​កម្មវិធី “This Week”​ របស់​ទូរទស្សន៍ ​ABC​ ថា​ «​ដើម​ខែ​មិថុនា​ខាងមុខ​នេះ​ជា​ពេល​វេលា​ដែល​យើង​អស់​លុយ»​ដើម្បី​បង់​ថ្លៃ​សេវា​ផ្សេងៗ​ហើយ​ បើ​ទោះ​បីជា​លោក​ស្រី​មិន​បាន​បញ្ជាក់​ថា​ថ្ងៃណា​ពិតប្រាកដមួយ ​ដែល​ថា​រឿង​នេះ​នឹងអាច​កើត​មាន​ឡើង​ក៏​ដោយ។​ ​

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​ចាំបាច់​មួយ​ចំនួន​រួច​ហើយ​ ​ដើម្បី​បន្ត​ការ​សង​បំណុល​នោះ ចាប់​តាំង​ពី​វា​ឡើង​ដល់​ចំណុច​កំណត់​ខ្ចី​៣១,៤​លានលានដុល្លារ​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។ ​លោក​ស្រី​បន្ថែមទៀត​ថា​«លទ្ធភាព​របស់​យើងក្នុង​ការ​ធ្វើ​ដូច​នេះជិត​អស់​ហើយ ហើយ​សាច់ប្រាក់​យើងកាន់​តែ​ខើច​ទៅៗ​ហើយ​ដែរ។ ​ថ្ងៃនោះ​វា​នឹង​កើត​ឡើង​នៅ​ពេល​ដែល​យើង​អស់​លុយបង់​ថ្លៃសេវា​ផ្សេងៗ»។

លោក Biden បាន​អញ្ជើញ​មេដឹកនាំ​សភា​អាមេរិក​មកកាន់​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ ដើម្បី​ពិភាក្សា​គ្នា ដើម្បី​បញ្ជៀស​វិបត្តិដែល​នឹង​ជិត​កើត​ឡើង​នេះ​។

ប្រធានាធិបតី​អាមេរិកខាង​គណ​បក្ស​ប្រជាធិបតេយ្យ​រូបនេះ បាន​អំពាវនាវ​ដល់​សភា​អាមេរិក​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ ​ដែល​ក្នុង​នោះ​ក៏​មាន​រដ្ឋសភា​អាមេរិក​ផង​ដែរ​ ដែល​គ្រប់គ្រង​ដោយគណបក្ស​សាធារណរដ្ឋ​ក្នុង​សំឡេង​លើស​បន្តិច​នោះ​ ឱ្យ​បង្កើន​ពិដាន​ប្រាក់​បំណុល​នេះ​បន្ថែម​ទៀត ដោយគ្មាន​ដាក់​លក្ខខណ្ឌ​ណាមួយ។

ប៉ុន្តែ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ កាល​ពី​ខែ​មុន​បាន​យល់​ព្រមបង្កើន​ពិដានប្រាក់​បំណុល​សម្រាប់​រយៈពេល​១ឆ្នាំ​ទៀត ដោយ​ចងភ្ជាប់​ជា​មួយ​នឹង​ការកាត់​បន្ថយការ​ចំណាយ​ជា​ទូទៅរបស់រដ្ឋាភិបាល​ សម្រាប់​កម្មវិធី​សង្គម​ និង​វិធានការ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​លោក Biden និង​ក្រុម​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រឆាំង​៕