សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ថ្មីជិត ១៤៤លានដុល្លារដល់ប្រទេសអាហ្វហ្គានីស្ថាន ដែលមនុស្សរាប់លាននាក់អាចប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅរដូវរងារនេះ បើមិនមានជំនួយឆាប់ៗទេនោះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Emily Horne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវបញ្ជូនតាមរយៈអង្គការឯករាជ្យដែលផ្តល់ការគាំទ្រដោយផ្ទាល់ដល់ជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះជាង១៨,៤លាននាក់ រួម ទាំងជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសជិតខាងផងដែរ។
លោកស្រី Emily និយាយថា «ដៃគូរបស់យើងផ្តល់ការការពារសង្គ្រោះជីវិត ទីជម្រក ការគាំទ្រការចិញ្ចឹមជីវិត ការថែទាំសុខភាពសំខាន់ៗ ជំនួយក្នុងរដូវរងារ ជំនួយស្បៀងសង្គ្រោះបន្ទាន់ ទឹកអនាម័យ និងសេវាអនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ដែលកំពុងកាន់ តែធ្ងន់ធ្ងរឡើង ដោយកង្វះការថែទាំសុខភាព គ្រោះរាំងស្ងួត កង្វះអាហារូបត្ថម្ភ និងរដូវរងារដែលនឹងមកដល់»។
លោកស្រីបានកត់សម្គាល់ថា ការផ្តល់មូលនិធិបន្ថែមនេះធ្វើឱ្យបរិមាណជំនួយមនុស្សធម៌សរុបរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅក្នុងតំបន់ឡើងដល់ជិត ៤៧៤លានដុល្លារក្នុងឆ្នាំ ២០២១ ដែលជាបរិមាណជំនួយច្រើនបំផុត ប្រៀបធៀបនឹងប្រទេសផ្សេង។
អង្គការសហប្រជាជាតិបាននិយាយថា ជម្លោះដ៏គ្រោះថ្នាក់ជាងបួនទសវត្សរ៍ និងគ្រោះមហន្តរាយធម្មជាតិកើតឡើងដដែល បានបណ្តាលឱ្យមានវិបត្តិស្បៀងអាហារអូសបន្លាយក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានកាលពីដើមសប្តាហ៍នេះថា តម្រូវការមនុស្សបានកើនឡើងលើសកម្រិតកាលពីមុន ហើយជាងពាក់កណ្តាលនៃប្រជាជនប៉ាន់ប្រមាណ ៤០លាននាក់របស់ប្រទេសដែលហែកហួរដោយសង្គ្រាមនេះគឺប្រមាណ២២.៨លាននាក់ នឹងប្រឈមបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរចាប់ពីនៅខែវិច្ឆិកា។
ពួកគេបាននិយាយថា ក្នុងចំណោមអ្នកដែលប្រឈមហានិភ័យនោះមានកុមារអាយុក្រោម ៥ ឆ្នាំចំនួន ៣,២ លាននាក់ ដែលគេរំពឹងថា នឹងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅចុងឆ្នាំនេះ៕