សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ ១១៦ លាន​ដុល្លារ​បន្ថែម​ទៅ​ឱ្យ​មីយ៉ាន់ម៉ា​និង​បង់ក្លាដែស

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី២១ ខែកញ្ញា កន្លង​ទៅ​នេះ​ថា កញ្ចប់​ទឹក​ប្រាក់​នេះ​មាន​គោលបំណង​ផ្តល់​ធនធាន​សំខាន់ៗ​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជិត​ ១ លាន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ដែល​ភាគច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​មីយ៉ាន់ម៉ា និង​ពលរដ្ឋ​បង់ក្លាដែស​ដែល​ជា​ម្ចាស់​ផ្ទះ​ជាង​ ១ លាន​នាក់។

បើ​យោង​តាម​អង្គការ ACLED ដែល​ជា​អង្គការ​ប្រមូល​ទិន្នន័យ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២២ ប្រទេស​មីយ៉ាន់ម៉ា​ជា​ប្រទេស​ដ៏​អាក្រក់​បំផុត​ទាក់ទង​នឹង​អំពើ​ហិង្សា​នយោបាយ​ដែល​គាំទ្រ​ដោយ​រដ្ឋ​ប្រឆាំង​នឹង​ជន​ស៊ីវិល ដោយ​មាន​ ១.៦៣៩ ករណី​ត្រូវ​បាន​រាយការណ៍។ ជំនួយ​នេះ​នឹង​ជួយ​ជនភៀសខ្លួន​ និង​ជន​រង​គ្រោះ​ដោយ​របប​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ដណ្តើម​អំណាច​នៅ​ឆ្នាំ២០២១។

ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង​មក​នេះ របប​យោធា​មីយ៉ាន់ម៉ា​បាន និង​កំពុង​បង្ក្រាប​អ្នក​ប្រឆាំង និង​បណ្តេញ​អ្នក​នយោបាយ​ប្រជាធិបតេយ្យ និង​អ្នក​ការ​ទូត​ដែល​នៅ​សេសសល់​ពី​រដ្ឋាភិបាល​មុន។

ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោក Kyaw Moe Tun ដែល​ត្រូវបាន​តែងតាំង​មុន​រដ្ឋប្រហារ​ឆ្នាំ២០២១​បាន​ថ្លែង​ថា លោក​មាន​បំណង​បន្ត​តួនាទី​របស់​លោក​រយៈពេល​មួយ​ឆ្នាំ​ទៀត។ របប​យោធា​បាន​ចោទ​លោក​ថា ​ក្បត់​ផល​ប្រយោជន៍​ជាតិ និង​អះអាង​ថា លោក​លែង​តំណាង​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ទៀត​ហើយ។

វិវាទ​នេះ​បាន​បង្ហាញ​ពី​ភាព​ចលាចល​នយោបាយ​ដែល​កំពុង​រីករាលដាល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ពេល​ដែល​មហា​សន្និបាត​បាន​កោះប្រជុំ​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង New York ដោយ​មាន​លោក Tun ចូលរួម​ក្នុង​នាម​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ដណ្តើម​អំណាច។

ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក ផ្អែក​តាម​គណនេយ្យ​សម្រាប់​មូលនិធិ​ចុងក្រោយ​បំផុត សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន ២,២ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​មីយ៉ាន់ម៉ា បង់ក្លាដែស និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់៕