សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ថា​ បន្ត​ជួយ​កម្ពុជា​លើ​បញ្ហា​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​

រូបថត​ឯកសារ៖ ជន​រងគ្រោះ​នៃ​ការ​ផ្ទុះ​គ្រាប់​មីន​ម្នាក់​ចូល​រួម​ទិវា​លើក​កម្ពស់​ការ​យល់ដឹង​អំពី​គ្រាប់​មីន​នៅ​ភ្នំពេញ។

​រហូត​មក​ដល់ពេល​នេះ គ្រាប់បែក​ខ្លះ​ដែល​ទម្លាក់​ពី​យន្តហោះ​ចម្បាំង​ក្នុង​សម័យ​សង្គ្រាម​នោះ នៅ​មិន​ទាន់​ផ្ទុះ​នៅឡើយ ហើយ​នៅ​រាយប៉ាយ​នៅ​លើ​ផ្ទៃ​ដី​កម្ពុជា​នៅ​ឡើយ​ទេ។

ប្រមុខ​ការទូត​អាមេរិក បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ចិត្ត​ ថា​ខ្លួន​នឹង​ព្យាយាម​ជួយ​កម្ពុជា នៅ​ក្នុងសកម្មភាព​កម្ចាត់​មីន​និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ ដែល​នៅ​តែ​បន្ត​ឆក់​យក​អាយុ​ជីវិត​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ ទោះបី​សង្គ្រាម​បាន​បញ្ចប់​ទៅ​ហើយ​នោះ​ក្តី ។

​លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ដែល​ទើប​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការងារ​ដើម្បី​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​គំរាមកំហែង​និង​បន្ត​សម្លាប់​ហើយ​នឹង​ធ្វើ​ឲ្យ​របួស​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នៅឡើយ​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការ​បរទេស​អាមេរិក ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក ឃែរី នៅ​ពេល​ដែល​លោក​ថ្លែង​ទៅ​កាន់​បុគ្គលិក​នៃ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ។

លោក ឃែរី បាន​ថ្លែង​ថា ទោះបី​ជា​ចំនួន​អ្នក​ស្លាប់​និង​របួស​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ​បាន​ថយ​ចុះ​ក៏​ដោយ ក៏​ចំនួន​នេះ នៅ​តែ​មាន​ច្រើន​ក្នុង​មួយ​ឆ្នាំៗ។

«យើង​យល់​ពី​ការ​តាំង​ចិត្ត​ [ដោះស្រាយ​បញ្ហា​នេះ] ហើយ​យើង​ប្តេជ្ញា​ថា នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​តាម​ការ​ទទួល​ខុសត្រូវ​របស់​យើង»។

នៅ​ពេល​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម ក្នុង​អំឡុង​ចុង​ទសវត្ស​១៩៦០ និង​ដើម​ទសវត្ស​១៩៧០ សហរដ្ឋ​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​យ៉ាង​ច្រើន​មហិមា​លើ​ប្រទេស​កម្ពុជា​ ដែល​នៅ​ជាប់​ខាង​ប្រទេស​វៀតណាម​នោះ គឺ​ច្រើន​ជាង​ចំនួន​គ្រាប់បែក​ដែល​សហរដ្ឋ​អាមេរិក បាន​ទម្លាក់​លើ​ប្រទេស​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើកទី២​ទៅទៀត ។​

​រហូត​មក​ដល់ពេល​នេះ គ្រាប់បែក​ខ្លះ​ដែល​ទម្លាក់​ពី​យន្តហោះ​ចម្បាំង​ក្នុង​សម័យ​សង្គ្រាម​នោះ នៅ​មិន​ទាន់​ផ្ទុះ​នៅឡើយ ហើយ​នៅ​រាយប៉ាយ​នៅ​លើ​ផ្ទៃ​ដី​កម្ពុជា​នៅ​ឡើយ​ទេ។

យោង​តាម​តួលេខ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ចំនួន​អ្នក​ស្លាប់​និង​របួស​ដោយ​សារ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ពី​ឆ្នាំ១៩៧៩ ដល់​២០១៣ គឺ​មាន​ជាង​៦ម៉ឺន​៤​ពាន់​នាក់។ ហើយ​ជន​ពិការ​ដៃ​ជើង ដោយសារ​សំណល់​នៃ​សង្គ្រាម​ដែល​អូស​បន្លាយ​ជាង​៣​ទសវត្ស​នៅក្នុង​ប្រទេស​នោះ មាន​ជាង៤ម៉ឺននាក់ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ មាន​អត្រា​ជន​ពិការ​នេះ ខ្ពស់​ជាងគេ​មួយ​ក្នុង​ពិភពលោក។

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ឬ CMAC បាន​ប៉ាន់​ប្រមាណ​ថា នៅ​មាន​គ្រាប់មីន និង​គ្រាន់​មិនទាន់​ផ្ទុះ​ផ្សេងៗ​ទៀត ពី​៤ទៅ៦លាន​គ្រាប់​ទៀត ដែល​នៅ​បង្កប់​ក្នុង​ដី​នៃ​ប្រទេស​កម្ពុជា​នៅឡើយ៕