អាមេរិក​គំរាម​បិទ​ស្ថានទូត​​​របស់​ខ្លួន​​នៅ​អ៊ីរ៉ាក់

រូបឯកសារ៖ កងកម្លាំង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​អ៊ីរ៉ាក់​ឈរ​យា​ម​ល្បាត​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​បាកដាដ ថ្ងៃទី ២ ខែមករា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​គំរាមបិទ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ទី​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់​ ដោយ​សារ​តែ​ខ្លួន​ខក​ចិត្ត​នឹង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​របស់​ក្រុម​ជីវពល​ស៊ីអ៊ីត (Shiite)។​

បណ្តាញសារព័ត៌មាន​នានា​បាន​ស្រង់​សម្តី​មន្ត្រី​អាមេរិក​និង​អ៊ីរ៉ាក់នៅថ្ងៃ​អាទិត្យ​ថា​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិកលោក​ Mike Pompeo​ បាន​ព្រមាន​ដល់​មេ​ដឹកនាំ​អ៊ីរ៉ាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ថា​ ស្ថានទូត​អាមេរិក​ក្នុង​ទី​ក្រុង​បាកដាដនឹង​ត្រូវ​បិទ​ទ្វារ​ ប្រសិន​បើ​អ៊ីរ៉ាក់ ​មិន​បាន​ធ្វើ​អ្វីៗដើម្បី​បញ្ឈប់​ការវាយ​ប្រហារ​មក​លើ​ទីតាំង​ការទូត​និង​និង​យោធា​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នោះ​ទេ។

លោក​រដ្ឋមន្ត្រី​ Pompeo​ មិន​បាន​ពិភាក្សាបញ្ហា​នេះ​ជា​សាធារណៈ​នោះ​ទេ​ ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កិច្ច​សន្ទនា​របស់​លោក​រដ្ឋមន្ត្រី​អាមេរិក​ ជាមួយមេដឹក​នាំ​បរទេស​នោះដែរ​ កាល​ពី​ថ្ងៃ​ចន្ទ​ ។

សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ទាម​ទារ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់ចាត់​វិធានការក្នុង​ពេលកន្លង​មក ដោយ​និយាយ​កាល​ពី​ខែ​មករា​ថា​ អ៊ីរ៉ាក់​មាន​កាតព្វកិច្ចក្នុង​ការ​ការពារទី​តាំង​ការ​ទូត​នានា​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

ការ​ទាមទារ​របស់​អាមេរិក​នេះ​កើត​មាន​ឡើង​ក្រោយ​ពីយោធា​អាមេរិក​បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស ដើម្បីឆ្លើយ​តប​នឹងវាយការជា​បន្តបន្ទាប់​ពី​ជីវពល ​ទៅ​លើ​បុគ្គលិក​អាមេរិក​នៅ​អ៊ីរ៉ាក់។ ការវាយតាម​អាកាស​របស់​អាមេរិកនេះ​បានសម្លាប់​លោក Qassem Soleimani មេ​បញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា ប៉ុន្តែ​ក៏​បាននាំ​ឲ្យ​មានបាតុកម្ម​ប្រឆាំង​ពី​ពលរដ្ឋ​និង​អ្នក​នយោបាយ​អ៊ីរ៉ាក់​ដែល​ចង់​ទ័ព​អាមេរិក​ដក​ចេញ​ពី​ទី​នោះ។

បច្ចុប្បន្ន​នេះ​កងកម្លាំង​សហរដ្ឋអាមេរិក​ប្រចាំការ​នៅ​អ៊ីរ៉ាក់​ ដើម្បីជា​ជំនួយ​ដល់​កងកម្លាំង​យោធាអ៊ីរ៉ាក់​ប្រឆាំង​នឹង​ក្រុមជីវពល​រដ្ឋ​អ៊ីស្លាម។ ក្រសួង​ការពារ​ជាតិ​អាមេរិក​ថ្លែង​កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ថា ទាហាន​អាមេរិក​នៅ​អ៊ីរ៉ាក់​នឹង​ត្រូវ​បន្ថយ​ពី​៥.២០០​នាក់​មក​ចំនួន​៣.០០០​នាក់៕