សហរដ្ឋអាមេរិក បានផ្ញើសារឱ្យអាជ្ញាធរកម្ពុជាគោរពនិងទទួលយកសំឡេងជំទាស់និងជំរុញឲ្យ«ធ្វើអ្វីៗដែលផ្ទុយ»ពីការបង្ក្រាបនយោបាយរយៈពេល៣ឆ្នាំកន្លងមក។
ក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយ VOA កាលពីថ្ងៃព្រហស្បតិ៍ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានលើកឡើងអំពី«ការហូរច្រោះ»និង«រអិលធ្លាក់ថយក្រោយ»នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកការទូតអាមេរិករូបនេះ ក៏បានលើកឡើងផងដែរថា ការ«ហូរច្រោះ»ទាំងនោះ រួមមានការរំលាយបក្សប្រឆាំង ការតាមចាប់ចងអ្នកនយោបាយជំទាស់ និងការថយចុះនៃលម្ហសេរីភាពជាជាដើម។
«សាររបស់ខ្ញុំដែលប្រកាន់ខ្ជាប់នោះ គឺទៅកាន់មន្ត្រីថ្នាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលថាក្នុងនាមជាមិត្តភ័ក្ដិ យើងលើកទឹកចិត្តអ្នកឱ្យធ្វើអ្វីដែលផ្ទុយពី[ការបង្ក្រាប]នេះ ដោយសូមការពារសិទ្ធិរបស់ពលរដ្ឋអ្នក បង្កើនសំឡេងចម្រុះបន្ថែម ហើយរាប់បញ្ចូលសំឡេងទាំងនោះ ក្នុងដំណើរការនៃការសម្រេចចិត្ត»។
លោក W. Patrick Murphy បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរទទួលស្ដាប់ដោយសន្ដិវិធីនូវមតិរិះគន់ជំទាស់របស់ប្រជាជនខ្លួន មិនថាអ្នកនោះនៅក្នុង ឬនៅក្រៅប្រទេសនោះទេ។
«ធ្វើដូច្នេះ អ្នកនឹងកាន់តែរឹងមាំជាងនេះ។ យូរៗទៅ អ្នកនឹងចំណេញនូវវិបុលភាព និងស្ថិរភាពដែលមានចរិតស្ថិតស្ថិរយូរអង្វែង នៅពេលដែលអ្នកលើកកម្ពស់ និងការពារសិទ្ធិទាំងនោះរបស់ពលរដ្ឋអ្នក»។
របាយការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រនេះដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ បង្ហាញពីការតស៊ូដ៏លំបាករបស់អ្នកតស៊ូមតិ និងអ្នករិះគន់រដ្ឋាភិបាល ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានលើកឡើងផងដែរអំពីការណ៍ដែលលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទពីបទ«ក្បត់ជាតិ» និងអ្នកដទៃទៀត អាចទទួលបាននូវយុត្តិធម៌ តាមរយៈសាលាជម្រះក្ដីដែលលោកថា«ឯករាជ្យ»និង«តម្លាភាព»ប៉ុណ្ណោះ។
នៅពេលត្រូវបានសួរអំពីគម្រោងមាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ នាខែមករាខាងមុខ លោក Murphy ថ្លែងថា កម្ពុជាគួរ«ស្វាគមន៍»ប្រជាពលរដ្ឋខ្លួន«គ្រប់រូប»មកកាន់មាតុប្រទេសវិញ បើពួកគេចង់ មិនថាជាលោកស្រី មូរ សុខហួរ ឬនរណានោះទេ។
លោកស្រី មូរ សុខហួរ និងសហការីជាមេដឹកនាំបក្សសង្គ្រោះជាតិដទៃ ដែលមានសមានចិត្តនឹងលោក សម រង្ស៊ី បានរស់នៅក្រៅប្រទេសកម្ពុជា តាំងពីការបង្ក្រាបលើបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៩មក។
ក្រសួងការបរទេសកម្ពុជាបានសម្រេចកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើមោឃភាពលិខិតឆ្លងដែនរបស់មេដឹកនាំបក្សសង្គ្រោះជាតិ១២រូបរស់នៅក្រៅប្រទេស រួមមានលោកស្រី មូរ សុខហួរ ផងដែរ។
នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនឹងផ្ដល់ការការពារយ៉ាងដូចម្ដេចខ្លះដល់លោកស្រី មូរ សុខហួរ ដែលជាពលរដ្ឋអាមេរិកមួយរូបដែរ លោក Murphy តបយ៉ាងប្រុងប្រយ័ត្នអំពីករណីកិច្ចរបស់លោកក្នុងនាមជាប្រមុខការទូតអាមេរិកនៅកម្ពុជា«ការពារ»គ្រប់ជនអាមេរិកាំងនៅទីនេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានតបថា កម្ពុជា ក៏បាន«បើកឱ្យមានសំឡេងជំទាស់ជាទូលំទូលាយ»ដែរ តែលោកបានការពារចំណាត់ការច្បាប់លើអ្នករិះគន់មួយចំនួនថា៖
«បាទក្នុងសង្គមប្រជាធិបតេយ្យ សំឡេងជំទាស់មិនមែនមានន័យថា សំឡេងដែលធ្វើឡើងដោយបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដទៃ ឬក៏សំឡេងដែលមានចរិតជាការបំផ្លើស ជាការបំភ្លៃញុះញង់បង្កឱ្យមានភាពចលាចលអំពើហិង្សា ប៉ះពាល់ដល់សន្ដិសុខជាតិ សន្ដិសុខសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈនោះទេ»។
តបនឹងស្ថានភាពប្រជាធិបតេយ្យ មន្ត្រីរដ្ឋាភិបាលរូបនេះ បានចោទសួរអំពីវិធីសាស្ត្រវាយតម្លៃរបស់លោក Murphy ថា មានលក្ខណៈ«វិទ្យាសាស្ត្រ»ស្របតាម«ច្បាប់និងសង្គម»កម្ពុជាឬអត់។
កាលពីដើមសប្តាហ៍នេះ អង្គបោះឆ្នោតអាមេរិកបានបោះឆ្នោតឲ្យលោក Joe Biden ជាប់ជាប្រធានាធិបតីទី៤៦ ដែលលោកគ្រោងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខ។
ក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ លោក ហ៊ុន សែន បានអបអរលោក Biden ចំពោះការឈានទៅកាន់តំណែង និងសង្ឃឹមបន្តកិច្ចសហការ។
ឯកអគ្គរដ្ឋទូតអាមេរិក លោក Murphy លើកឡើងថាគួររង់ចាំមើលថាតើមានការប្រែប្រួលឬយ៉ាងណាចំពោះឥរិយាបថរបស់រដ្ឋការថ្មីទៅកាន់កម្ពុជា។
កាលពីចុងឆ្នាំ២០១៩ កម្ពុជា និងអាមេរិក បានល្អូកល្អឺនមួយរយៈពេលខ្លីតាមរយៈការឆ្លើយឆ្លងលិខិតរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក ហ៊ុន សែន។
យ៉ាងណាក៏ដោយ ចំពោះការចាប់បញ្ជូនពលរដ្ឋដើមកំណើតកម្ពុជាត្រឡប់មកវិញ លោក Murphy លើកឡើងថាអាមេរិកនឹងរក្សាជំហរដដែលលើសំណុំរឿងនេះ។
ពាក់ព័ន្ធនឹងបញ្ហាបំណុលបន្សល់ពីរបបសាធារណរដ្ឋខ្មែរតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក លោក Murphy លើកឡើងថា កម្ពុជាត្រូវសង បើទោះមានការស្នើសុំពីកម្ពុជាឲ្យលុបបំបាត់ក៏ដោយ៕